សង្គ្រោះ​ជាតិ​​ និង​​អំណាច​ខ្មែរ​ចាត់​​ទុក​​បណ្តឹង​​​​​​លោក​សោម​ សឿន ​ជា​រឿង​​អត់​​ប្រយោជន៍​​​​

12-03-2016 12:01 pm 4461

បន្ទាប់ពី​លោក​សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ដាក់ពាក្យ​ប្តឹង​ឯកឧត្តម​សម រង្ស៊ី ទាក់ទង​នឹង​ការបកស្រាយ​ចំនួន​Like នៅលើ​ទំព័រ​ហ្វេ​សប៊ុក​រួចមក នៅ​ថ្ងៃ​ទី​១២ មីនា​នេះ មន្ត្រជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​នឹង​រឿង​អត់​ប្រយោជន៍​នេះឡើយ​។​

​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​កិច្ចការ​សំខាន់​ជាច្រើន ដែល​ត្រូវ​ជួយ​ដល់​ប្រទេសជាតិ ដូចជា​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ជាដើម​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​រឿង​កំប៉ិចកំប៉ុក អត់​ប្រយោជន៍​នេះឡើយ​។​

សំឡេង​លោក​យឹម សុវណ្ណ

​គួរបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១០ មីនា លោក​សោម សឿន  រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ដាក់ពាក្យ​ប្តឹង​ឯកឧត្តម​សម រង្ស៊ី  ធ្វើឡើង​ដោយយោង​តាម​ការផ្សាយ​ព័ត៌មាន​លើ​ហ្វេ​សប៊ុក​ឯកឧត្តម​សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៩ មីនា​។​

​ខ្លឹមសារ​ពាក្យបណ្តឹង បាន​លើកឡើង​ថា នៅ​ថ្ងៃ​ទី​៩ ខែ​មិនា នៅលើ​ទំព័រ​ហ្វេ​សប៊ុក លោក​សម​រង្ស៊ី បាន​បង្ហោះ​អត្ថបទ ដែលមាន​ខ្លឹមសារ មួលបង្កាច់ ខុស​ពី​ការពិត ចំពោះ​រូប​លោក ដែលថា រូបលោក បាន​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន អ្នកគាំទ្រ និង​បណ្ដាញ រួមទាំង​មន្ត្រីរាជការ​ស៊ីវិល ប៉ូលីស និង​ទាហាន ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ ក្នុង​គោលបំណង​ផ្ដល់​ការ​Like  សិប្បនិម្មិត ដល់​ទំព័រ​ហ្វេ​សប៊ុក​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​ភ្ជាប់​ជាមួយ​ការអត្ថាធិប្បាយ​ថា Like មួយចំនួនធំ ដែល​បង្ហាញ​លើ​ទំព័រ​ហ្វេ​សប៊ុក របស់​សម្តេច បាន​ពី​ការទិញ រឺ​ជួលមនុស្ស​ក្រីក្រ ដែល​អត់​ការងារ​ធ្វើ ឲ្យ​បង្កើត​Account (​គណនី​) Facebook ក្លែងក្លាយ ដើម្បី​ផ្តល់​Like សិប្បនិម្មិត​ក្លែងបន្លំ​ជូន​សម្តេច​។​

ពាក្យបណ្តឹង​របស់ លោក​សោម សឿន​បាន​បន្តថា ការលើកឡើង​របស់​ឯកឧត្តម​សម រង្ស៊ី បាន​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស ថ្នាក់ដឹកនាំ​ជាតិ និង​រូបលោក​យ៉ាងធ្ងន់ធ្ងរ​។ លោក សោម សឿន បាន​សុំឲ្យ​តុលាការ​ផ្តន្ទាទោ​សលោក សម រង្ស៊ី ទៅតាម​ច្បាប់ និង​សូម​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០​លាន​រៀល​។​

​ទាក់ទង​នឹង​រឿងនេះ លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ លើកឡើង​ក្នុង​សន្និសីទកាសែត នា​ថ្ងៃ​ទី​១១​មីនា​ថា ចំពោះ​ករណី​ប្តឹង​រឿង​ចំនួន​Like លើ​ហ្វេ​សប៊ុក​ពិត មិន​ពិត ពី​សំណាក់​លោក​សោម សឿន នេះ​គឺជា​រឿង​ដែល​គ្មាន​២​ទេ នៅលើ​ពិភពលោក​នេះ​។​

សំឡេង​លោក​សួន សេរី​រដ្ឋា

ដោយឡែក សម្រាប់​មន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​យល់ឃើញថា ការប្តឹង​ពី​លោក​សោម សឿន​នេះ គឺជា​រឿង​ត្រឹមត្រូវ ក្នុង​ការការពារ​កិត្តិយស​រដ្ឋាភិបាល ខណៈ​ដែល​ឯកឧត្តម​សម រង្ស៊ី បាន​មក​មួលបង្កាច់ និង​បង្ខួច​កេ​រ្តិ៍ របស់លោក ក្នុងនាម​ជា​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយរូប​។ នេះ​ជា​ការអះអាង​ពី​សំណាក់​លោក​សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

សំឡេង​លោក​សុខ ឥ​សាន្ត

 

ព័ត៌មានផ្សេងទៀត