ចិន​បង្ហាញ​​ទំនុកចិត្ដ​​ចំពោះ​​ទំនាក់​ទំនង​​មិត្ដភាព​​ជាមួយ​រុស្ស៊ី​

12-03-2016 10:51 am 1308
មន្ដ្រីការទូតចិន(ជួរខាងស្ដាំ)​និងមន្ដ្រីការទូតរុស្ស៊ី​(ជួរខាងឆ្វេង)​ពេលជួបពិភាក្សា​គ្នា

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កាន់​ប្រទេស​រុស្ស៊ី លោក​រដ្ឋមន្ដ្រី​ការបរទេស​ចិន​Wang Yi បាន​និយាយថា ចិន​មាន​ទំនុកចិត្ដ​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​រវា​ង​ចិនជា​មួយ​រុស្ស៊ី​។​លោក​និយាយ​បែបនេះ នៅក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស​រុស្ស៊ី​លោក​Sergei Lavrov​។​លោក Wang Yi បាន​បន្ដថា ក្នុងនាម​ចិន​និង​រុស្ស៊ី​គឺជា​ដៃគូ​ដ៏​មាន​សារៈសំខាន់​និង​ផ្ដល់​អាទិភាព​រវាង​គ្នា​ទៅវិញទៅមក ប្រទេស​ទាំង​ពីរ​កំពុង​អភិវឌ្ឍ​យុទ្ធសាស្ដ្រ​ចម្បងៗ​ដែល​បាន​សហការ​គ្នា​។​


​មិន​ថា​មាន​អ្វី​កើតឡើង​នៅក្នុង​តំបន់​ឬ​ក្នុង​ពិភពលោក គោលនយោបាយ​នៃ​ភាព​ជា​ដៃគូ​រវាង​ចិន​និង​រុស្ស៊ី គ្មាន​អ្វី​ផ្លាស់ប្ដូរ​ទេ​។​យើង​នឹង​ប្ដេជ្ញា​ចូលរួម​ការអភិវឌ្ឍន៍ ព្រមទាំង​លើកកម្ពស់​សន្ដិភាព ស្ថេរភាព សមភាព និង​យុត្ដិធម៌​ក្នុង​ពិភពលោក​។​នេះ​ជា​ការលើកឡើង​របស់​លោក Wang​។​ខណៈ​ឆ្នាំនេះ​គឺជា​ខួប​ទី​១៥​នៃ​សន្ធិសញ្ញា​អ្នកជិតខាង​ល្អ និង​កិច្ចសហប្រតិបត្ដិការ​មិត្ដភាព​រវាង​ចិន​-​រុស្ស៊ី ភាគី​ទាំងពីរ​នឹង​យក​ឱកាស​នេះ ដើម្បី​ជំរុញ​ឲ្យ​សន្ទុះ​នៃ​ភាព​ជា​ដៃគូ កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។​


​សូមបញ្ជាក់​ថា បើ​យោង​តាម​មន្ដ្រីការទូត​ចិន ប្រទេស​ជា​ដៃគូ​ទាំងពីរ​មាន​គម្រោង​រៀបចំ​ការផ្លាស់ប្ដូរ​និង​ការចូលរួម​កម្មវិធី​សំខាន់ៗ​ជាមួយគ្នា​ជា​ច្រើន​ទៀត ដូច​ជា​ការផ្ដួចផ្ដើម​អនុវត្ដ​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច ទាំង​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​របស់​ចិន និង​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​រុស្ស៊ី​ផងដែរ ហើយ​រំពឹង​ថា​នឹង​មាន​លទ្ធផល​ផ្លែផ្កា​៕  

ព័ត៌មានផ្សេងទៀត