អភិបាល​ខេត្ត​ស្វាយ​រៀង​ស្នើ​រដ្ឋសភា​ ពន្លឿន​ច្បាប់​សហជីព​ដើម្បី​ងាយ​ស្រួល​ គ្រប់​គ្រង​បាតុកម្ម​

11-03-2016 5:49 pm 1846
លោកជៀង អំ រូបខាងស្តាំ

អភិបាលខេត្តស្វាយរៀងលោកជៀង អំ បានស្នើដល់ លោក ជាម យៀប ប្រធានគណៈ​កម្មការ​សេដ្ឋកិ​ច្ច​​​ ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ជួយដោះស្រាយបញ្ហាប្រឈមចំនួនពីរ ទី១ បញ្ហាកង្វះ​ខា​ត​អគ្គិសនីប្រើប្រាស់ ទី២ ស្នើសុំរដ្ឋសភា ពន្លឿនច្បាប់សហជីពឲ្យបានឆាប់ ដើម្បីសម្រួល​ដល់​ដំណើរ​ការ​អភិវឌ្ឍនៅក្នុងខេត្តស្វាយរៀង។ សំណើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសិក្សា ស្វែងយល់ ពី​កា​រ​​​ប្រ​តិបត្តិការថវិកាក្នុងការរកចំណូលថវិកាជាតិ របស់ខេត្តស្វាយរៀង កាលពីថ្ងៃទី១០ មីនា ។

 

លោកជៀង អំ បានឲ្យដឹងថា បច្ចុប្បន្នខេត្តស្វាយរៀងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។​រីកចម្រើន​ដោយ​សារ​ខេត្តនេះស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដែល​មានច្រកឆ្លងកាត់ទំនិញ​គ្រប់​ប្រ​ភេទ​​ ទៅ​វិញទៅមក និងមានតំបន់ សេដ្ឋកិច្ចពិសេស ហើយមានរោងចក្រឧស្សាហកម្មជាច្រើន ដែល​ផ្ដ​ល់​​ការ​ងារ ដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនផងដែរ។តែទន្ទឹមនឹងការរីកចម្រើននេះ​ ក៏នៅមានបញ្ហា​ប្រ​ឈម​មួយចំនួនដូចជា កង្វះខាតអគ្គិសនីប្រើប្រាស់ ដើម្បីបម្រើសង្វាក់ផលិតកម្ម។ ដោយឡែកមូល​ហេ​តុ​​ដែលលោកស្នើឲ្យរដ្ឋសភាជួយអន្ត​រា​គ​មន៍​​ដោះស្រាយបញ្ហាពន្លឿនច្បាប់សហជីពឲ្យបានឆាប់​ ដោយ​សារ​​​ ថ្មីៗនេះ​រោងចក្រជាច្រើននៅតំបន់សេដ្ឋកិច្ចពិសេស ក្នុង​ខេត្ត​ស្វា​យរៀង បានរងនូវផលប៉ះ​ពាល់ពី​ការធ្វើកូដកម្ម និង​បាតុកម្ម ដែលបណ្តាលមក​ពីសហជីព​កម្មករខិល​ខូច​មួយចំនួន បណ្ដាលឲ្យខូច​ខាត​ទ្រព្យសម្បត្តិ និ​ង​អាក់ខានការផលិតនិងងាយ​ស្រួល​ក្នុងការគ្រប់គ្រង លើសកម្មភាព របស់សហជីព​ខិល​ខូចទាំងនោះផង ។

 

យ៉ាងណាក៏ដោយលោកជាម យៀប បានលើកឡើងថា បញ្ហាកង្វះខាតអគ្គិសនីនៅខេត្តស្វាយរៀង លោ​ក​នឹងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ធ្វើ​ការ ដោះស្រាយជូន។ ដោយឡែកបញ្ហាច្បាប់សហជីព លោកបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ​ត្រូវ​បានរដ្ឋសភា ធ្វើសិក្ខាសាលារួចរាល់ហើយ បន្ទាប់មកគណៈកម្មការជំនាញរដ្ឋសភា និងក្រសួងការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងប្រជុំសម្រេចជាចុងក្រោយ រួចបញ្ជូនទៅគណៈកម្មការ​អចិន្រៃ្តយ៍​រដ្ឋ​ស​ភា​ដើម្បីរៀបចំដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំ វិសាមញ្ញរបស់រដ្ឋសភាដើម្បីពិភាក្សានិងអនុម័ត នាពេល​ខាងមុខនេះ។

 

សូមបញ្ជាក់ថារដ្ឋសភា នៅ​ថ្ងៃ​ទី​០៩ មីនា​នេះ បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ស្វែងយល់ លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពីស​ហ​ជីព ដោយ​មាន​ការចូលរួម​ពី សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ក្រសួង​ការងារ តំ​ណា​ង​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ សរុប​ជាង​៣០០​នាក់។ហើយ​គណ:​កម្មការ​ជំនាញ​ចំនួន ​២ ​នៃ​រដ្ឋសភា និង​ក្រសួង​ការងារ​បាន​បញ្ចប់​ការ​​កែ​​សម្រួល​ទៅ​​​​លើ​សេចក្តី​ព្រាង​ច្បាប់​ ​ស្តី​ពី​សហជីព និង​​បាន​បញ្ជូន​​សេចក្តី​ព្រាង​​ចុង​ក្រោយ​នេះ​ទៅ​កាន់​គណៈ​កម្មា​ធិការ​ អចិ​ន្រៃ្ត​យ៍​នៃ​រដ្ឋសភា​ដើម្បី​ពិភាក្សា​​ កំណត់​ថ្ងៃ​​ប្រជុំ​សភា​ពេញ​អង្គ​អនុម័ត។

 

ប៉ុន្តែ​យ៉ាងណាក៏ដោយ សេចក្ដីព្រាងច្បាប់​នេះ នៅតែ​ជា​បញ្ហា​ចម្រូងចម្រាសនិងមិនពេញចិត្ត ពី​ថ្នាក់​ដឹក​នាំ​សហជីព​មួយ​ចំនួន​ដដែល​។ មិន​ពេញចិត្ត ដោយសារតែ សហជីព​ទាំងនោះ មើលឃើញថា សេច​ក្ដី​ព្រាងច្បាប់​នេះ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​កម្មករនិយោ​ជិត សេរីភាព​ខាង​ការបង្កើត​សមាគម និង​ការប​ញ្ចេញមតិ ដែល​មានចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​។

 

គួរជម្រាបដែរថាកន្លងមកនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងតែងកើតមានបាតុកម្មជាញឹកញាប់ពីសំណាក់កម្មករជាច្រើនពាន់នាក់ដើម្បីទាមទារនូវលក្ខខណ្ឌ និងបរិយាកាសការងារល្អប្រសើរ។​ប៉ុន្តែ​រាល់បាតុកម្មតែងមានការបង្រាបពីអាជ្ញាធរ។ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំកន្លង​ទៅកម្មការិនី៣នាក់បាន​ទ​ទួ​​លរងនូវការបាញ់ប្រហារយ៉ាងចាស់ដៃពីសំណាក់លោកឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិត ទៀត​ផង៕

(ដោយ៖ខាត់ សុធី)

 

ព័ត៌មានផ្សេងទៀត