ចិន​ប្រតិកម្ម​​ចំពោះ​​ហ្វីលីពីន​-​ជប៉ុន​​ចុះ​កិច្ចព្រម​ព្រៀង​​ផ្ទេរ​​សម្ភារៈ​​យោធា​​

10-03-2016 5:30 pm 966
រូបភាពនៅសមុទ្រចិនខាងត្បូងថតពីលើ

កាលពី​សប្ដាហ៍​មុន ចិន​-​ហ្វីលីពីន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការផ្ទេរ​សម្ភារៈ​យោធា​និង​ឯកសារ​មួយចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​យោធា​។ ក្នុង​កិច្ចព្រមព្រៀង​នោះ ជប៉ុន​ត្រូវការ ការនាំ​ចេញ​អាវុធ​ចេញពី​ប្រទេស​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ចិន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​រវាង​ជប៉ុន​និង​ហ្វីលីពីន​។ បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​Hong Lei​បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​កាសែត​ថា បើសិន​ហ្វីលីពីន​ប្រកួតប្រជែង​អធិបតេយ្យភាព និង​សន្តិសុខ​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ចិន​សូម​បដិសេធ​ដាច់ខាត​។


​លោក​Hong Lei​ថា ជប៉ុន​មិន​មែន​ជា​ភាគី​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ លោក​ថា​“​យើង​ទាមទារ​ឱ្យ​ជប៉ុន​បកស្រាយ​ពី​សកម្មភាព​ដោយ​ប្រុងប្រយ័ត្ន​ថា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព​និង​ស្ថេរភាព​ក្នុង​តំបន់​”​។ លោក​បន្តថា ជប៉ុន​ធ្លាប់មាន​ប្រវត្តិ​ចូរចត់​ជាមួយចិន​រួចហើយ កាល​ពី​សង្គ្រាមលោកលើកទី​២​។ ដូច្នេះ​ចិន​មិន​ចង់​មាន​បញ្ហា​ជាមួយ​ជប៉ុន​ឡើយ​។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា រដ្ឋាភិបាល​ចិន​បាន​អះអាង​ហើយ​ថា នៅ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងអស់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ បច្ចុប្បន្ន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម​កំពុង​ទាមទារ​ផ្នែក​ខ្លះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​


​បើ​តាម​ប្រធានាធិបតី​ហ្វីលីពីន​លោក​Aquino​បានឱ្យដឹងថា ចិន​បាន​ដាក់ពង្រាយ​មី​ស៊ី​ល​នៅលើ​កោះ​សប្ប​និម្មិត ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ហេតុនេះហើយ លោក​Aquino​ថា នឹងដាក់​យន្តហោះ​ប្រភេទ TC-90​មក​ពី​ជប៉ុន​ប្រមាណ​៥​គ្រឿង​ដើម្បី​ល្បាត​ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោក​បន្ថែមថា នៅ​ឆ្នាំ​២០១៧ ហ្វីលីពីន​នឹងធ្វើ​ទំនើបកម្ម​កងទ័ពអាកាស​និង​កងទ័ពជើងទឹក ដើម្បី​ការពារ​ប្រទេសជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​


​គួរបញ្ជាក់​ថា រដ្ឋាភិបាល​ហ្វីលីពីន​ធ្លាប់បាន​ប្រកាស​ហើយ​ថា ខ្លួន​នឹង​ជួល​យន្តហោះ​ចម្បាំង​ជប៉ុន​៥​គ្រឿង​ដើម្បី​ត្រួតពិនិត្យ​នៅ​ដែន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោក​Aquino​ប្រកាស​ដែរ​ថា លោក​បាន​ធ្វើ​រឿង​ជាច្រើន​ដើម្បី​កសាង​សមត្ថភាព​កងទ័ព​ជើង​អាកាស ក្នុងនោះ​មាន​ទាំង​ការបង្កើន​ចំនួន​យន្ដហោះ​និង​ឧទ្ធម្ភាគចក្រ​។ ការប្រកាស​របស់​លោក​ប្រធានាធិបតី Aquino ធ្វើឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស​ភាគ​ខាងត្បូង​ក្រុង​ម៉ានីល កាលពី​ថ្ងៃ​ទី​០៩​មីនា ៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត