សហជីព​ធំៗបន្ត​ស្នើ​លុបចោល និង​កែប្រែ​ចំណុច​មួយចំនួន​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​

09-03-2016 6:11 pm 1554

​រដ្ឋសភា នៅ​ថ្ងៃ​ទី​០៩ មីនា​នេះ បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ការ​ឈ្វេងយល់ លើ​សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព ដោយ​មាន​ការចូលរួម​ពី សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ក្រសួង​ការងារ តំណាង​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ សរុប​ជាង​៣០០​នាក់​។​

​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​នេះ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​មានប្រសាសន៍​លើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព​នេះ ត្រូវ​បាន​ឆ្លងកាត់​កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​ជា​ច្រើន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​បាន​តាក់​តែ​ឡើង ដោយ​អនុ​ឡោម ទៅតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៣៦, ច្បាប់​ស្តីពី​ការងារ ត្រង់​ជំពូក​ទី​១១ ព្រមទាំង​អនុញ្ញា​អន្តរជាតិ​ខាង​ការងារ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន កាលពី​ថ្ងៃ​ទី​២៣ សីហា ឆ្នាំ​១៩៩៩​។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា សេចក្តីព្រាងច្បាប់​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​មួយចំនួន គឺ​កម្ពុជា​មាន​ភាពល្អប្រសើរ​ជាង ក្នុង​ការធានា និង​ការអនុវត្ត​សិទ្ធិ​របស់​អង្គការ​វិជ្ជាជីវៈ​។​

​យ៉ាងណាក៏ដោយ សេចក្ដីព្រាងច្បាប់​នេះ នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស់ ពី​ថ្នាក់ដឹកនាំ​សហជីព​មួយ​ចំនួន​ដដែល​។ មិន​ពេញចិត្ត ដោយសារតែ សហជីព​ទាំងនោះ មើលឃើញថា សេចក្ដីព្រាងច្បាប់​នេះ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​កម្មករនិយោ​ជិត សេរីភាព​ខាង​ការបង្កើត​សមាគម និង​ការបញ្ចេញមតិ ដែល​មានចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​។ 
​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ បាន​ស្នើសុំ​ឲ្យមាន​ការពិចារ​ណា​លើ​ចំណុច​មួយ ក្នុង​សេចក្តីព្រាងច្បាប់​នេះ ដូចជា ការ​ជ្រែ​ត​ជ្រែក​ក្នុង​ការងារ​ហិរញ្ញវត្ថុ​របស់​សហជីព ត្រង់​មាត្រា ១២ ១៧ និង​២៤​។ សូម​ស្តាប់​ការបកស្រាយ​របស់​លោក​អាត់ ធន់​។​

សំឡេង​លោក​អាត់ ធន់​

​ប្រធាន​សហភាព​ការងារ​កម្ពុជា​រូបនេះ បាន​ស្នើ​ជា​បន្ត លើ​ការ​ជ្រែ​ត​ជ្រែក​លើ​សេរីភាព​សហជីព ត្រង់​មាត្រា​១០,១២,២៨, ២៩,៣០,៦៧ និង​សិទ្ធិ​ធ្វើ​កូដកម្ម​ត្រង់​មាត្រា​១៣​។ 

សំឡេង​លោក​អាត់ ធន់/Sound_Athun2.mp3">

​ដោយឡែក លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ក៏បាន​លើកឡើង​ពី​ភាព​មិន​ពេញចិត្ត​មួយចំនួន ក្នុង​សេចក្តីព្រាងច្បាប់​នេះ​ផង​ដែរ​។ ប៉ុន្តែ​ចំណុច​ដែល​លោក​បាន​សង្កត់ធ្ងន់​នោះ គឺ​ត្រង់​មាត្រា​៣០ ដែល​និយាយ​ពី​អានុភាព នៃ​ការរំលាយចោល​សហជីព និង​ការស្នើសុំ​សេចក្តីព្រាងច្បាប់​ចុងក្រោយបង្អស់ រួម​នឹង​ការ​ទុក​រយៈពេល​២​ឆ្នាំ​ដើម្បី ណែនាំ​ពី​ខ្លឹមសារ​នៃ​ច្បាប់​នេះ ឲ្យបាន​ច្បាស់លាស់ ដល់​កម្មករ​និយោជិត មុននឹង​ចាប់ផ្តើម​អនុវត្ត​។​

សំឡេង​លោក​ប៉ាវ ស៊ី​វណា/Sound_Paov Sina.mp3">

​ទោះជា​យ៉ាងណា​ក៏ដោយ សេចក្តីព្រាងច្បាប់​មួយ​នេះ ក៏​ត្រូវ​បាន​សហជីព​មួយចំនួនទៀត ពេញចិត្ត និង​គាំទ្រ​យ៉ាង​ពេញទំហឹង ព្រមទាំង​ស្នើឲ្យ​រដ្ឋសភា​អនុម័ត​ឆាប់ៗ​ផងដែរ​។​ 

​លោក​សោម អូន ប្រធាន​សហភាព​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បានបញ្ជាក់​ថា លោក​ស្វាគមន៍​លើ​សេចក្តីព្រាងច្បាប់​សហជីព​នេះ និង​ជំរុញ​ឲ្យ​សភាជាតិ​អនុម័ត​ឲ្យបាន​លឿន​។ លោក​បន្តថា ច្បាប់​នេះ នឹង​ការពារ​ផលប្រយោជន៍​កម្មករ ថៅកែ​រោងចក្រ និង​ការពារ​ផលប្រយោជន៍​អ្នកវិនិយោគទុន​បរទេស​នៅ​កម្ពុជា និង​បន្ត​ទាក់ទាញ​អ្នកវិនិយោគ​ថ្មី​នៅ​កម្ពុជា​។​

សូមបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​សហជីព មាន​ចំនួន ១៧​ជំពូក និង​១០០​មាត្រា ត្រូវបាន​ប​ត្រូវបាន​រៀបចំ​កែប្រែ​ជា​ថ្មី ដោយ​គណៈកម្មការ​ចំពោះ​កិច្ច ដែល​មាន​សមាសភាព មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ពាក់កណ្តាល​ខែ​មករា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត