អាមេរិក​ចង់​ដាក់​មូលដ្ឋាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​អូស្ដ្រាលី​ឆ្លើយ​តប​​ការ​ពង្រីក​​យោធា​​ចិន​​

09-03-2016 3:12 pm 2162
យន្តហោះទម្លាក់គ្រាប់បែកអមេរិក​

សារព័ត៌មាន​Channel News Asia បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​០៩​មីនា​ថា សហរដ្ឋអាមេរិក​កំពុង​ពិភាក្សា​ពី​ការដាក់​មូលដ្ឋាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅក្នុង​ប្រទេស​អូស្ដ្រាលី​។ អាមេរិក​ចង់​ដាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ​B-1​និង​យន្តហោះ​បំផ្ទុះ​គ្រាប់បែក​ប្រភេទ​B-52​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​កងទ័ពអាកាស​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក​Damien Pickart​។

 

លោក​Pickart​បញ្ជាក់ថា ការពិភាក្សា​នេះ​មិនទាន់​ឈានទៅរក​ការសម្រេចចិត្ត​នៅឡើយ​ទេ​។ លោក​Pickart​បញ្ជាក់ថា អាមេរិក​ចង់​ដាក់​មូលដ្ឋាន​យោធា​យន្តហោះ​ទម្លាក់​គ្រាប់បែក ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​ក្នុង​តំបន់ និង​រក្សា​សន្តិភាព​និង​សន្តិសុខ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​។


​គោលបំណង​សំខាន់ សម្រាប់​ការដាក់​មូលដ្ឋាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​នៅ​អូស្ត្រាលី​ ជា​ការឆ្លើយតបនឹង​ការពង្រីក​យោធា​របស់​ចិន​នៅ​កោះ​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោក​ថា​“​ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​ដឹងថា យើង​ត្រូវ​ប្រុងប្រយ័ត្ន និង​ទប់ស្កាត់​អសន្តិសុខ និង​អ​សន្តិភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​”​។ លោក​បាន​បន្ថែមទៀតថា អាមេរិក​ចង់​ឱ្យ​ធ្វើការ​រួម​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ទាំងអស់គ្នា​។​


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​មិនទាន់​មាន​ការឆ្លើយតប​បែប​ណា​នៅឡើយ​ទេ​។​ កាលពី​ខែ​មុន អូស្ត្រាលី​បាន​ប្ដេជ្ញាចិត្ត​បង្កើន​ការចំណាយ​ទៅលើ​វិស័យ​ការពារ​ជាតិ​រហូត​ទៅ​ដល់​២២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការប្រកាស​កាលណោះ ធ្វើឡើង​បន្ទាប់​ពី​ចិន​និង​អាមេរិក​មាន​ភាព​តានតឹង​ជាមួយគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។


​មេបញ្ជាការ​កងទ័ពអាកាស​អាមេរិក លោកស្រី​Lori Robinsonបានឱ្យដឹងថា អាមេរិក​នឹង​បន្ត​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ជម្លោះ​ចិន​ខាងត្បូង​។ មេបញ្ជាការ​កងទ័ពអាកាស​អាមេរិក​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អាមេរិក​អំពាវនាវ​ឱ្យ​អូស្ដ្រាលី​ចូល​ល្បាត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោកស្រី​លើកទឹកចិត្ត​ឱ្យ​តំបន់ នៅ​ជុំវិញ​ពិភពលោក ត្រូវតែ​ធ្វើ​នាវាចរណ៍​និង​ហោះហើរ​នៅក្នុង​លំហ​អាកាស​អន្ដរជាតិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​តាមច្បាប់​អន្តរជាតិ​។ ចិន​បាន​អះអាង​ហើយ​ថា នៅ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងអស់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ចិន​មាន​ជម្លោះ​ជាមួយ​ហ្វីលីពីន ព្រុយ​ណេ ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត