ការគោរព​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា ស្ថិតនៅ​ក្នុង​កម្រិត​ណា​?

08-03-2016 8:23 am 2538

​ឆ្នាំ​២០១៦​នេះ​ជា​ខួប​លើក​ទី​១០៥​ហើយ​ដែល​ពិភពលោក​ទាំងមូល​បាន​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​ស្ត្រី បន្ទាប់​ពី មានការ​ក្នុង​ការតស៊ូ​របស់​នារី អស់​រយៈពេល​រាប់​សតវត្ស ដើម្បី​ចូលរួម​ក្នុង​សង្គម​ដោយ​ស្មើភាព​ជាមួយនឹង​បុរស​។ ជា​រៀងរាល់ឆ្នាំ ទូទាំង​ពិភពលោក​តែង​រៀបចំ​អបអរសាទរ​ទិវា​នារី​អន្ដរជាតិ ការទាមទារ​ឱ្យ​សង្គម​ទទួលសា្គល់​សិទ្ធិ​ស្មើភាព​គ្នា​រវាង បុរស និង​ស្ដ្រី នៅ​គ្រប់​វិស័យ​។ ជាមួយគ្នានេះ សម្រាប់​ប្រទេស​កម្ពុជា​ក៏​មាន​ការផ្សព្វផ្សាយ ដល់​សាធារណៈជន​ទូទៅ ដើម្បី​បំផុស​ឱ្យ​សង្គម​ចាប់អារម្មណ៍ និង​ផ្លាស់ប្ដូរ​ទស្សនៈ​ថា «​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​»​។ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ស្ត្រី​មាន​ការងារ​ធ្វើ​ច្រើន ដែល​បាន​ចូលរួម​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​កម្ពុជា​តា​ម​រយៈ ការ​បម្រើការ​នៅក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន​។ បើទោះបី​សមភាព យ៉េន​ឌ​រ័មាន​ភាពល្អប្រសើរ តើ​ការគោរព​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា ស្ថិតនៅ​ក្នុង​កម្រិត​ណា​?

 

​មាន​សំបុរ​សណ្ដែកបាយ ថ្គាម​ខ្លា លោក រ៉ាវុឌ្ឍ និស្សិត​ផ្នែក​រដ្ឋបាល​សាធារណៈ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​លើកឡើង​ថា បច្ចុប្បន្ន​ការគោរព​សិទ្ធិ​ស្ត្រី​ហាក់​មាន​ការយកចិត្តទុកដាក់​ជាខ្លាំង​។ ទាំង​បុរស និង​ស្ត្រី​ខ្លួនឯង​ក៏​មាន​ការយល់ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​។ បើ​និយាយ​ពី ការងារ​វិញ​លោក​សង្កេតឃើញថា ស្ត្រី​មាន​តំណែង និង​តួនាទី​ផ្សេងៗ​ជាច្រើន នៅតាម​ស្ថាប័ន ក្រសួង និង​ក្រុមហ៊ុន​នានា​។​


​សំឡេង​លោក រ៉ាវុឌ្ឍ ៖


​ថ្វី​បើ​ការគោរព​សិទ្ធិ​ស្ត្រី​មាន​ការប្រែប្រួល ប៉ុន្តែ លោក​រ៉ាវុឌ្ឍ​នៅ​តែ​ចំណុច​ខ្វះខាត​នៅឡើយ ជា​ពិសេស​ទាក់ទង​នឹង​ស្ត្រី ដែល​ធ្វើការ​ចំណាកស្រុក​មួយចំនួន​ដែល ត្រូវបាន​គេ​កេងចំណេញ​កម្លាំង​ពលកម្ម និង​លក្ខខណ្ឌ​ការងារ​មិន​សូវ​ល្អ​។ និស្សិត​រដ្ឋបាល​រូបនេះ​បន្តថា បច្ចុប្បន្ន​នៅ​ក្នុង​ការសម្រេច​កិច្ចការ​អ្វី​មួយ​ក្នុង​គ្រួសារ គឺ​មាន​ការពិភាក្សា និង​ព្រមព្រៀង​គ្នា​ច្រើន​រវាង​ប្ដី និង​ប្រពន្ធ​។​


​សំឡេង​លោក រ៉ាវុឌ្ឍ ៖

 

​កញ្ញា ជុំ ហ្សា​ណែត និស្សិត​ផ្នែក​ឱសថ​សាស្ត្រ ឆ្នាំ​ទី​០២ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល យល់ថា ការគោរព និង​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី នៅ​កម្ពុជា​សព្វថ្ងៃ​មាន​ការកើនឡើង​ជាង​មុន​។ កើន​ឡើង​ដោយសារ បច្ចុប្បន្ន​ស្ត្រី មាន​សិទ្ធិ​ចូលរៀន​ទទួល​ការអប់រំ​បាន​ច្រើន ស្មើ​បុរស ហើយ​លើសពីនេះ ស្ត្រី​អាច​ស្វែងរក​ការងារ​ល្អ​បាន​ដូច​បុរស​ដែរ ដោយ​មិន​ចំ​បាច់​ពឹងផ្អែក​លើ​បុរស​ដូច​ពី​សម័យ​មុខ​ឡើយ​។ ជាក់ស្តែង​មិត្តភក្តិ​ដែល​សិក្សា​ជំនាញ​វេជ្ជសាស្ត្រ ដូច​កញ្ញា​ហ្សា​ណែ​ត ភាគច្រើន​ជា​និស្សិត​ស្រីៗ​។​


​សំឡេង​កញ្ញា ជុំ ហ្សា​ណែត​៖


​ទោះ​យ៉ាងណា​និស្សិត​ផ្នែក​ឱសថ​សាស្ត្រ​រូបនេះ បានបញ្ជាក់​ថា ក៏​នៅ​មាន​ប្រហែល​៣០​ភាគរយ​ដែរ​ការរំលោភ​សិទ្ធិ​ស្ត្រី​ដោយ​ការប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​កើតឡើង​ដោយសារ​បុរស​ជា​ប្តី​វាយ​លើ​រូ​បរាង្គ​កាយ​។ កញ្ញា​ថា បញ្ហា​នេះ​ភាគច្រើន​កើតមានឡើង​តែ​នៅ​ទីជនបទ ព្រោះ​ស្ត្រី មិនសូវ​បាន​ទទួល​ការអប់រំ​ខ្ពស់ ដែល​នៅ​មាន​ការខ្លាច​ចំពោះ​ស្វាមី​។​


​សំឡេង​កញ្ញា ជុំ ហ្សា​ណែត​៖


​ស្រដៀង​គ្នា​នេះដែរ លោក រឿន រាជ និស្សិត​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា យល់​ថា​សព្វថ្ងៃ​ការផ្ដល់​សិទ្ធិ​ដល់​ស្ត្រី​មាន​លក្ខណៈ​ខ្ពស់​គួរឱ្យកត់សម្គាល់​។ នៅ​តាម​សាលារៀន​ឃើញ​មាន​យុវ​សិស្ស​ជា​នារី​មាន​ច្រើន ដែល​អាច​ក្លាយជា​អ្នកដឹកនាំ​នៅក្នុង​ស្ថាប័ន​ណាមួយ​ដែរ​។​


​សំឡេង​លោក រឿន រាជ​៖


​លោក រាជ បន្តថា នៅតាម​តំបន់​ជនបទ​ស្ត្រី​មាន​ការខ្វះខាត​នូវ​ការអប់រំ​ជា​ខ្លាំង ដោយសារ​មាន​ភាពក្រីក្រ និង​នៅ​តំបន់​ដាច់ស្រយាល​។ ចំនែក​ក្នុង​គ្រួសារ​វិញ​លោក​ថា អំពើហិង្សា​តែងតែ​កើត​មាន​ដោយសារ ប្តី និង​ប្រពន្ធ​មិនសូវ​មាន​ចំនេះដឹង​។​


​សំឡេង​លោក រឿន រាជ​៖


​កាលពី​ពេល​ថ្មីៗ​នេះ លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​លើកឡើង​ថា បច្ចុប្បន្ន ថ្វី​ត្បិត​តែ​វិស័យ​កិច្ចការនារី មាន​ការរីកចម្រើន​លើ​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ឆាប់រហ័​សក្តី ក៏​ប៉ុន្តែ​ស្ត្រី ជា​មេ​គ្រួសារ និង​ក្មេង​ស្រី នៅក្នុង​ប្រទេស​កម្ពុជា នៅ​ជួប​បញ្ហា​ប្រឈម​នៅឡើយ​។​ប្រឈម​ដោយសារតែ​ស្ត្រី​ភាគច្រើន​នៅតែ​រង​ការរំលោភបំពាន​ផ្លូវភេទ អំពើហឹង្សា ការជួញដូរ​ផ្លូវភេទ ការ​បោក​បញ្ឆោត ការរើសអើង ភាពក្រីក្រ និង​សុខភាព​ទន់ខ្សោយ​ជាដើម​។


​ប្រធាន​សមាគម​នារី​កម្ពុជា​រូបនេះ បានបញ្ជាក់​ថា​បញ្ហា​នេះ គឺ​ដោយសារ​មូលហេតុ​មួយចំនួន​ដូចជា កង្វះ​ការយល់ដឹង​របស់​ស្ត្រី ការរើសអើង​ក្នុងសង្គម ការ​ភ្លើតភ្លើន ទៅតាម​សម្ភារៈ​និយម ការវិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច នៅលើ​ពិភពលោក និង​នៅ​កម្ពុជា ការកើនឡើង​នៃ​ទេ​សន្ត​ប្រវេសន៍​ឆ្លងដែន ការកើនឡើង​នៃ​សេវាកម្ម​ទេសចរណ៍ ជាពិសេស ក្នុង​វិស័យ​ឧស្សាហកម្ម​កម្សាន្ត ការប្រើប្រាស់​ខុស​ទិស​ដៅ នៃ​បច្ចេកវិទ្យា​ទំនើប ដូចជា​ទូរស័ព្ទ អ៊ី​ន​ធើ​ណេត និង​បណ្តាញ​សង្គម​ជាដើម ដែល​អាច ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ កិត្តិយស​និង​តម្លៃ​របស់​ស្ត្រី​ខ្មែរ ក្នុង​គ្រួសារ និង​សង្គមជាតិ​។​


​ដោយឡែក​លោក​ស្រី ចាន់ ធី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា បច្ចុប្បន្ន​ស្ដ្រី នៅតែមាន មាន​បញ្ហា​ប្រឈម និង​ជួប​ឧបសគ្គ​មួយ​ចំនួន ដូចជា ឥរិយាបថ​សង្គម​ដែល​នៅតែ​រើសអើង​លើ​ស្ដ្រី ការទទួល​បាន​ការសិក្សា អប់រំ​នៅ​មាន​កម្រិត បន្ទុក​ធ្ងន់ធ្ងរ​លើ​ការទទួលខុសត្រូវ ក្នុង​គ្រួសារ កង្វះខាត​ក្នុង​ការដាក់​បេក្ខភា​ពស្ដ្រី នៅ​លំដាប់​លេខ​រៀង​ខ្ពស់ ឬ​ក្នុង​ការ​តម្លើង​តួនាទី រួម​ទាំង​ទស្សនៈ​អវិជ្ជមាន​របស់​ស្ដ្រី​ខ្លួនឯង ដែល​ធ្វើឲ្យ​ស្ដ្រី មិន​ហ៊ាន​ឈរឈ្មោះ ឬ​ទទួល​តួនាទី​តាម​ការតែងតាំង​ផងដែរ ៕

ព័ត៌មានផ្សេងទៀត