ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើការសាងសង់របាំងការពារច្រាំងទន្លេមេគង្គ ជំហានទី២ ប្រវែង១៨០ម៉ែត្របន្តទៀត នៅភាគខាងលើស្ពានគីហ្សូណា ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បន្ទាប់ពីបានបញ្ចប់ការសាងសង់របាំងការពារច្រាំងជំហានទី១ ប្រវែង២១០ម៉ែត្រ កាលពីថ្ងៃទី០៤ ខែមីនា។ នេះបើតាមការឲ្យដឹងពីក្រសួងធនធានទឹក នាល្ងាចថ្ងៃទី៧ ខែមីនា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ច្រាំងទន្លេនៅចំណុចខាងលើ បានរអិលស្រុតចុះយ៉ាងខ្លាំង និងបានគំរាមកំហែងដល់ផ្លូវថ្នល់ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពិសេសស្ពានគីហ្សូណា។ ចំពោះមុខការប្រឈមនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងធនធានទឹក ដឹកនាំធ្វើការសិក្សា និងសាងសង់នូវរបាំងការពារច្រាំង ដើម្បីទប់ស្កាត់កុំឲ្យមានការរអិលស្រុតចុះបន្តទៀត៕
(ដោយ៖ អឿន ភារ៉ា)