ក្រសួង និង​អង្គការ​ពាក់ព័ន្ធ​សុខភាពជំរុញ​ឲ្យ​ឧស្សាហកម្ម​ថ្នាំជក់ ត្រូវ​គោរព​ច្បាប់​ស្តីពី​ថ្នាំជក់​

07-03-2016 5:45 pm 1737

​បើ​ទោះបីជា​កម្ពុជា មានច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ យ៉ាងណាក្តី ក៏​ការ​ចែកចាយ ការផ្សព្វផ្សាយ​ពាណិជ​កម្ម និង​ការឧបត្ថម្ភ​កម្មវិធី ដោយ​ឧស្សាហកម្ម​ថ្នាំជក់ នៅតែ​បន្ត​កើតមាន ដោយ​បំពាន​ទៅនឹង​ច្បាប់​។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា   នេះ គណៈកម្មការ​អន្តរក្រសួង និង​អង្គការ​ដៃគូរ​ពាក់ព័ន្ធ បាន​រៀបចំ​សិក្ខាសាលា​ស្តីពី ការហាមឃាត់​ការផ្សព្វផ្សាយ ការលើកកម្ពស់ និង​ការឧបត្ថម្ភ​ផលិតផល​ថ្នាំជក់ នៅ​ថ្ងៃ​ទី​០៧ មីនា​នេះ​។ 

​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​នេះ លោកស្រី ឈា ឆដា​ភា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើក កម្ពស់​សុខភាព បាន​មានប្រសាសន៍ថា សិក្ខាសាលា​នេះ មាន​គោលបំណង ពិភាក្សា​អំពី​ការអប់រំ និង​កាត់បន្ថយ ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ការ​ដាក់​តាំង​កញ្ចប់​បារី​នៅ​កន្លែង​លក់ ការផ្សាយពាណិជ្ជកម្ម ការឧបត្ថម្ភ​ផ្សេងៗ និង​ការដាក់​សារ​ជា​អក្សរ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​។​

សំឡេង​

​លោក​មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានបញ្ជាក់​ថា ការផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់ ជា​រូបភាព ឬ​ជា​អក្សរ ជា​សំឡេង​តាម​ទូរទស្សន៍ វិទ្យុ ទស្សនា​វ​ដ្តី ផ្ទាំង​រូបភាព ផ្ទាំង​ប៉ាណូ ប័ណ្ណ​ផ្សព្វផ្សាយ​តាម​ជញ្ជាំង​រថយន្ត​ចល័ត ឬ​ការ​យក​នារី​ស្អាតៗ​លក់ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ជក់ ត្រូវ​បាន​ហាមឃាត់ ទោះបីជា​ការផ្សព្វផ្សាយ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​។​

សំឡេង

​យោងតាម​មាត្រា​១១ ដល់​មាត្រា​១៣ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ បាន​ចែង​យ៉ាងច្បាស់​ថា ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយ​លក់ ការឧត្ថម្ភ​កម្មវិធី ដោយ​ឧស្សាហករ​ថ្នាំជក់ គ្រប់​ទម្រង់​ត្រូវ ហាមឃាត់​។ តែ​រយៈពេល​កន្លងមក រាប់​ចាប់តាំងពី​ពេល​មាន​ច្បាប់ រហូតមកទល់​ពេលនេះ ក្រុមហ៊ុន​ថ្នាំជក់ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត នៅតែ​បន្ត​ផ្សព្វផ្សាយ​លក់ និង ផ្សាយ​ពាណិជ្ជកម្ម បារី​ដោយ​ល្មើស​ទៅ​នឹង​ច្បាប់​ដដែល​។​

​យ៉ាងណា​ក៏​ដោយ​អ្នក​ល្មើស​នឹង​ច្បាប់ នឹង​ត្រូវ​ផ្តន្ទាទោស តាមរយៈ​ការពិន័យ​។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ការពិន័យ គឺ​មន្ត្រី​មាន​សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ​អប់រំ ឲ្យបាន​ទូលំទូលាយ ពី​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នេះ​។​

​គួរបញ្ជាក់​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានសម្រេច​អនុម័ត​អនុក្រឹត្យ ស្តីពី​វិធានការ​ហាម​ការជក់ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ កាលពី​ថ្ងៃ​ទី​០៤ មីនា​។​​អនុក្រឹត្យ​នេះ បានចែង​អំពី​ការពិន័យ​ដល់​បុគ្គល​ដែល​ប្រព្រឹត្តល្មើស​គឺ ២​ម៉ឺន ចំពោះ​អ្នក​ជក់បារី​នៅ​កន្លែង​ហាមឃាត់ និង​៥​ម៉ឺន ចំពោះ​ម្ចាស់​កន្លែង​ដែល​មិន​ព្រម​គោរព​តាម​ច្បាប់​ដែល​បានកំណត់​។ សម្រាប់​ទីតាំង​សាធារណៈ​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ជក់បារី មានដូចជា គ្រឹះស្ថានឧត្តមសិក្សា កន្លែង​សាធារណៈ គ្រឹះស្ថាន​សាសនា សួន​កុមារ សារមន្ទីរ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ជាដើម​៕ ដោយៈ​សៅ វិសាល​


 


ព័ត៌មានផ្សេងទៀត