បណ្ណាល័យ​​ជាង​៨​ពាន់​​នៅតាម​​សាលារៀន​​ទូទាំង​​ប្រទេស​​ភាគច្រើន​​កំពុង​​ខ្វះខាត​​សៀវភៅ​​

07-03-2016 5:41 pm 2087

នាពេល​បច្ចុប្បន្ន​នេះ នៅ​តាម​សាលារៀន​ទូទាំង​ប្រទេស​មាន​បណ្ណាល័យ​សរុប​ចំនួន​៨៤៧០​។ យ៉ាងណា បណ្ណាល័យ​​ទាំង​នោះ​​ភាគច្រើន​មាន​តែ​សៀវភៅ​សិក្សា​គោល​ប៉ុណ្ណោះ ពោល​គឺ​ពុំ​ទាន់​មាន​សៀវភៅអាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​សិស្សានុសិស្ស សម្រាប់​សិក្សា​ស្រាវជ្រាវ និង​អាន​បន្ថែម​នៅឡើយ​ទេ​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ហង់ ជួន ណារ៉ុន បាន​អំពាវនាវ​ដល់​សាធារណៈ​ជន​ទាំង​អស់ ជួយ​ផ្តល់​ឯកសារ សៀវភៅអាន​ផ្សេងៗ​ដែល​បាន​ប្រើ​រួច ទៅដល់​បណ្ណាល័យ​តាម​ការស្ម័គ្រចិត្ត​។​

 

​ការផ្តល់​ឯកសារ និង​សៀវភៅអាន​ផ្សេងៗ សាធារណៈជន​អាច​ទាក់ទង​ទៅ​ប្រធាន​មន្ទីរ​អប់រំ រាជធានី ខេត្ត ឬ​នាយក​សាលា​រៀងៗ​ខ្លួន​ដោយ​ផ្ទាល់​តែម្តង​។ នេះ​បើ​តាម​បញ្ជាក់​នៅក្នុង​លិខិត​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ នា​ពេល​ថ្មីៗ​នេះ​។ ជា​ការកត់សម្គាល់ ការ​អំពាវ​របស់លោក​ហង់ ជួន ណារ៉ុន បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ជំរុញ​វប្បធម៌​អាន​នៅ​កម្ពុជា ហើយ​បាន​កំណត់​យក​ថ្ងៃទី​១១​មីនា ដើម្បី​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​។ ដើម្បី​លើកស្ទួយ​ការអាន​នេះ​ផងដែរ ក្រសួង​អប់រំ ក៏​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ និង​អង្គការក្រៅរដ្ឋាភិបាល ជួយ​សាងសង់​បណ្ណាល័យ​ផងដែរ​។

 

​ដោយឡែក ចំពោះ​ការចេញ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៥ ដើម្បី​ជំរុញ​វប្បធម៌​អាន គឺ​ក្រោយពី​​គេ​​មើល​ឃើញ​​ថា ទម្លាប់​នៃ​ការអាន​របស់​ប្រជាជន​កម្ពុជា​ហាក់​មិនសូវ​មាន​ទម្លាប់​អាន​ច្រើន​នោះទេ​។ ហើយ​ការ​កំណត់​យក​ថ្ងៃទី​១១​មីនា ជា​រៀងរាល់ឆ្នាំ ជា​ទិវា​ជាតិ​អំ​ណាន គឺ​ដើម្បី​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​សមត្ថភាព​អាន និង​ការ​តែង​និពន្ធ រួមចំណែក​ការពារ និង​ពង្រឹង​វប្បធម៌​ខ្មែរ​។​

 

​គួរ​ជម្រាបជូន​ថា ទម្លាប់​អាន​ជា​ទូទៅ​របស់​ប្រជាជន​កម្ពុជា គឺ​នៅ​មាន​តិចតួច​នៅឡើយ​។ តិចតួច​ដោយសារតែ​ប្រទេស​កម្ពុជា ធ្លាប់​ឆ្លងកាត់​ភ្លើងសង្គ្រាម និង​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ ជា​ហេតុ​ធ្វើឲ្យ​កម្ពុជា ខ្វះ​សៀវភៅ ខ្វះ​អ្នកនិពន្ធ សម្រាប់​បម្រើ​ដល់​ការអាន​របស់​ប្រជាជន​កម្ពុជា​។

 

​យ៉ាងណា បច្ចុប្បន្ននេះ ក្រសួង​អប់រំ​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ វិស័យ​ឯកជន និង​គ្រឹះស្ថាន​សិក្សា​នានា ត្រូវ​ចូលរួម​បំផុស​មន្ត្រីរាជការ សិស្ស និស្សិត និយោជិត និយោជក កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាជន ដើម្បី​បង្កើត​ស្មារតី​ប្រឡងប្រណាំង​អាន និង​តែង​និពន្ធ​។ ក្រសួង​ក៏​បាន​និង​កំពុង​ជំរុញ​ឲ្យមាន​កម្មវិធី​ការអាន​ឲ្យបាន​ច្រើន និង​ឲ្យបាន​ជា​រៀងរាល់​ថ្ងៃ​ដល់​សិស្ស​និង​និស្សិត ព្រោះ​​ការ​អាន​​ជា​ការ​​ពញ្ញាក់​​អារម្មណ៍​ឲ្យ​មាន​ទម្លាប់អាន ពោល​គឺ​អាន​ច្រើន​ចេះ​ច្រើន​។​

 

តួយ៉ាង នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​ខាងមុខ​នេះ ដែល​ជា​ទិវា​ជាតិ​អំ​ណាន​លើកដំបូង សម្រាប់​ឆ្នាំ​២០១៦ ក្រសួង​អប់រំ​នឹង​ប្រារព្ធ​ធ្វើ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ប្រធានបទ «​បណ្ដុះ​ទម្លាប់​អាន​ជំរុញ​វប្បធម៌​អាន​»៕

(​ដោយ​៖ អឿន ភា​រ៉ា​)
​    ​

ព័ត៌មានផ្សេងទៀត