ឆ្នាំ​២០១៥៖​​ចិន​​កាត់ទោស​​មន្ត្រី​​៣០​ម៉ឺន​​នាក់​​ពី​បទ​​ពុករលួយ​​

07-03-2016 3:14 pm 1385
លោកប្រធានាធិបតីចិនលោក Xi Jinping​

បើ​តាម​សារព័ត៌មាន​BBC​បានបញ្ជាក់​ថា នៅ​ឆ្នាំ​២០១៥​រដ្ឋាភិបាល​ចិន​បាន​ដាក់ទោស​មន្ត្រី​ខ្លួន​ប្រមាណ​៣០០,០០០​នាក់ ដោយ​ជាប់ទោស​ពី​បទ​ពុករលួយ​។ ក្នុង​ចំណោម​មន្ត្រី​ចិន​៣០០,០០០​នាក់ ក្នុងនោះ មន្ត្រី​ចិន​២០០,០០០​នាក់​ត្រូវបាន​ហៅ​ព្រមាន និង​៨០,០០០​នាក់​ទៀត​ទទួលទោស​ធ្ងន់ធ្ងរ​។ ចំនួន​មន្ត្រី​ជាប់​ពី​បទ​ពុករលួយ​ប្រចាំ​ឆ្នាំ​នេះ បាន​ប្រកាស​ជា​សាធារណៈ​នៅក្នុង​អង្គប្រជុំ​សភា​ប្រចាំឆ្នាំ​របស់​ចិន​។ បើ​តាម​ការប្រកាស​របស់​រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់ថា ខ្លួន​នឹង​ធ្វើ​យុទ្ធនាការ​កម្ចាត់​ក្រុមមន្ត្រី​ពុករលួយ​ចេញ​ពី​ស្ថាប័នរដ្ឋ​និង​ឯកជន​ឱ្យ​អស់​។​


​បើ​តាម​អ្នកវិភាគ​របស់​សារព័ត៌មាន​BBC លោក​Michael Bristow​បាន​អះអាង​ថា ការប្រកាស​ចាប់ខ្លួន​និង​ការកាត់ទោស​មន្ត្រី​របស់​រដ្ឋាភិបាល​ចិន​នៅពេលនេះ គឺ​ចង់​រម្លឹក​ដល់​មន្ត្រី​ធំៗ​នៅក្នុង​ស្ថាប័ន​ដែល​កំពុង​ប្រមូលផ្ដុំ​គ្នា ដើម្បី​ឃុបឃិត​ធ្វើ​សកម្មភាព​ពុករលួយ​។ លោក​បន្ត​ទៀត​ថា បក្ស​កុម្មុយនីស្ត​ចិន​នឹង​បន្ត​ដាក់ទោស​មន្ត្រី​របស់​ខ្លួន​បន្តបន្ទាប់​ទៀត តាម​ការប្ដជ្ញា​ចិត្ត​លោក​មេដឹកនាំ​បក្ស​កុម្មុយនីស្តចិនលោ​ក​ស៊ី ជីន​ពីង​។​


​បើ​តាម​អ្នកសង្កេតការណ៍​មួយចំនួន​បាន​មើលឃើញថា យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​លួ​យ​របស់​ចិន​ជា​ផ្លូវ​សម្រាប់​ការទប់ស្កាត់​ក្រុម​មន្ត្រី​ណា​ដែល​ទទួលយក​ដោយ​ការស៊ីសំណូក​។ គួរបញ្ជាក់​ថា ចាប់តាំងពី​ប្រធានាធិបតី​ចិន​លោក Xi Jinping​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០១៣ លោក​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ដើម្បី​ធានា​វិន័យ​និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយក្នុងនោះ មន្ត្រីជាន់ខ្ពស់​ក្នុង​គណបក្ស​កុម្មុយនីស្ត​ចិន កងកម្លាំងប្រដាប់អាវុធ​និង​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​ចិន​បាន​ចាប់ខ្លួន​និង​ផ្ដន្ទាទោស​ទៅលើ​សេដ្ឋី និង​អ្នក​រកស៊ី​ក្នុង​ផ្លូវ​ងងឹត​ទៀតផង​។​


​ការចាប់ខ្លួន​មន្ត្រី​ចិន​បន្ត​បន្ទាប់ បាន​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​កណ្តា​ល​សម្រាប់​អធិការកិច្ច​វិន័យ​(CCDI)​។ គណៈកម្មាធិការ​កណ្តាល​សម្រាប់​អធិការកិច្ច​វិន័យ​(CCDI)​បាន​បង្កើតឡើង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​និង​ការរំលោភ​ដទៃទៀត​នៅក្នុង​ជួរ​បក្ស​កុម្មុយនីស្ត​ចិន​នេះ​។ ក្រុម​ឃ្លាំ​មើល​នេះ​បាន​ធ្វើការ​ស៊ើបអង្កេត​ហើយ​បញ្ចូន​អ្នកប្រព្រឹត្ត​អំពើ​ពុករលួ​យទាំង​នោះទៅ​តុលាការ​ដើម្បី​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត