ចិន​នឹង​​បង្កើន​​ការចំណាយ​​ថវិការ​​លើ​វិស័យ​​ការពារ​ជាតិ​​បន្ថែម​នៅ​ឆ្នាំ​​២០១៦​នេះ​​

04-03-2016 3:22 pm 1480
យោធានិងគ្រឿងសព្វាវុធមួយចំនួនរបស់ចិន​

​បើ​តាម​មន្ត្រីជាន់ខ្ពស់​ចិន​បាន​ឱ្យដឹងថា រដ្ឋាភិបាល​ចិន​នឹង​បង្កើន​ការចំណាយ​ថវិការ​លើ​វិស័យ​ការពារជាតិ​របស់​ខ្លួន​ចាប់ពី​៧​ភាគរយ ទៅ​៨​ភាគរយ​បន្ថែម​នៅក្នុង​២០១៦​នេះ​។ ការបង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិធ្វើឡើង ឱ្យស្រប​ទៅ​នឹង​ការកើនឡើង​នៃ​ការទាមទារ​សមុទ្រ​ចិន​ខាងត្បូង​ពី​ប្រទេស​ជិតខាង​ខ្លួន​ផងដែរ​។ មន្ត្រីជាន់ខ្ពស់​ចិន​បាន​អះអាង​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​កំពុងតែ​មាន​ជម្លោះ​កាន់តែខ្លាំង​ហើយ ដោយសារ​អាមេរិក​រួម​ទាំង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​បាន​ពួតដៃគ្នា​ប្រឆាំង​ចិន​។​


​បើ​តាម​អ្នកនាំពាក្យ​បក្ស​គុ​ម្មុយ​នីស្ត​ចិន​លោក​ស្រី Fu Ying បានបញ្ជាក់​ថា ថវិកា​លើ​វិស័យ​យោធា​របស់​ចិន​នឹង​បន្ត​កើនឡើង ទោះ​បី​កាលពី​ឆ្នាំមុនៗ វិស័យ​នេះ​បាន​ថយ​ចុះ​ក៏​ដោយ​។ លោកស្រី​បាន​ប្រាប់​អ្នកកាសែត​ថា កាលពី​ឆ្នាំ​២០១៥  ចិន​បាន​ចំណាយ​ថវិកា​លើ​វិស័យ​ការពារជាតិ​១០.១​ភាគរយ ស្មើនឹង​១,៤១៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកវិភាគ​នៅ​ចិន​បាន​ជឿជាក់ថា ការចំណាយ​ខាង​វិស័យ​យោធា​របស់​ចិន អាច​នឹង​ចំណាយ​ខ្ពស់​ខុសពី​ការរំពឹង​ទុក​នៅ​ឆ្នាំ​នេះ​។​


គួរកត់សម្គាល់ថា ការ​នាំចូល​អាវុធ​របស់​ចិន​ពី​ឆ្នាំ​២០១១​ដល់​២០១៥​បាន​ធ្លាក់ចុះ​ដល់​២៥​ភាគរយ បើ​ប្រៀបធៀប​នឹង​កាលពី​៥​ឆ្នាំមុន​។ ចំណែក ការនាំចេញ​អាវុធ​របស់​ចិន​បាន​កើនឡើង​ត្រឹមតែ​៥,៩%​ប៉ុណ្ណោះ ពី​ឆ្នាំ​២០១១-២០១៥​។ សម្រាប់​ការនាំចេញ​អាវុធ​ធុន​ធ្ងន់​របស់​ចិន បាន​កើនឡើង​ដល់​៨៨%​ដោយ​គិត​ចាប់ពី ២០១១-២០១៥​ដដែល បើ​ប្រៀបធៀប​កាលពី​៥​ឆ្នាំមុន​។ 


​ចំពោះ​សម្ភារៈ​ដែល​ចិន​ប្រើ​ដើម្បី​ផលិត​អាវុធ​នៅ​ពេល​នេះ មាន​គុណភាព​ខ្ពស់​ជាង​កាលពី​១០​ឆ្នាំមុន ហើយ​ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​ទីផ្សារ​អាវុធ​ធំៗ​ក្នុង​ពិភពលោក​មួយ​ចំនួន​។ យ៉ាងណាក៏ដោយ ចិន​នៅ​តែ​ចាំបាច់​ត្រូវការ​នាំចូល​អាវុធ​បន្ថែមទៀត​មាន​យន្ដហោះ​ដឹក​សព្វាវុធ ឧទ្ធម្ភាគចក្រ ម៉ាស៊ីន​ផលិត​យន្ដហោះ​ចម្បាំង យានជំនិះ​ផ្សេងៗ​និង​នាវា​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត