អាមេរិក​​ព្រមាន​​សកម្មភាព​រ​បស់​​ចិន​ជា​ថ្មី​នៅ​​សមុទ្រ​​ចិន​ខាងត្បូង​​

02-03-2016 3:33 pm 1172
រូបភាពនៅសមុទ្រចិនខាងត្បូង​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក​Ash Carter​កាលពី​ថ្ងៃ​ទី​០១​មីនា បាន​ព្រមាន​ការធ្វើ​សកម្មភាព​របស់​ចិន​ជាថ្មី នៅ​សមុទ្រ​ចិន​ខាងត្បូង​។ សកម្មភាព​របស់​ចិន​នៅពេលនេះ បាន​រំលោភ​ច្បាប់​អន្តរជាតិ ក្នុង​នោះ​ចិន​បាន​បញ្ចូន​យោធា​ទៅ​កោះ​ជម្លោះ​ក្នុង​សមុទ្រ​ខាងត្បូង រួម​ទាំង​បញ្ចូនមី​ស៊ីល​ទៀតផង​។


​លោក​Carter​ថា ចិន​មិនត្រូវ​បន្ត​ដាក់​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ព្រោះ​សកម្មភាព​នេះ​នឹង​មាន​ផលវិបាក​។ ផលវិបាក ដោយសារ​កោះ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមែន​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដូច្នេះ​ការ​ដាក់​យោធា​នេះ​អាច​ប៉ះពាល់​ដល់​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ខ្លួន​។ ម្យ៉ាងទៀត បើសិន​ចិន​នៅ​តែ​ដាក់​យោធា​ទៀត​នោះ ចិន​នឹង​ប្រឈមមុខ ចំពោះ​ផ្លូវច្បាប់​កាន់តែ​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់លោក​Ash Carter​។​


​លើសពីនេះទៅទៀត សហរដ្ឋអាមេរិក​បង្កើន​ការ​ដាក់​ពង្រាយ​យោធា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រហូតដល់​ឆ្នាំ​២០២០ ហើយ​ការ​ដាក់​ពង្រាយ​យោធា​នេះ នឹង​ចំណាយ​ប្រាក់​៤២៥​លាន​ដុល្លារ​អាមេរិក​។ ការ​ដាក់​ពង្រាយ​យោធា​អាមេរិក ដើម្បី​ធ្វើ​សមយុទ្ធ​និង​បណ្ដុះបណ្ដាល​កងទ័ព​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទៀតផង​។ លោក​Carter​ថា អាមេរិក​មាន​ផែនការ​ចំណាយ​ថវិការ​៨​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៧ ដើម្បី​ពង្រីក​កង​នាវា​របស់ខ្លួន​ក្នុង​ការបង្កើន​អានុភាព​។


​លោក​Carter​ប្ដេជ្ញា​ថា យោធា​អាមេរិក​នឹង​ការពារ​តាម​សមុទ្រ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ លោក​ថា​”​យើង​មិន​ចង់​មាន​ជម្លោះ​ជាមួយ​ប្រទេស​ណាមួយ​ទេ ប៉ុន្តែ​យើង​មិន​អាច​ឈរ​អោបដៃ​មើល​ចំពោះ​ប្រទេស​ណាមួយ​ដែល​មាន​បញ្ហា​ឡើយ​”​។

 

គួរបញ្ជាក់​ថា ចិន​ធ្លាប់​បានបញ្ជាក់​ហើយ​ថា រដ្ឋាភិបាល​ចិន​បាន​បញ្ចូន​យោធា​ទៅ​សមុទ្រចិន​ខាងត្បូង​យូរ​មក​ហើយ ហើយ​ការ​ដាក់​យោធា ក្នុង​គោលបំណង​ការពារ​សន្តិសុខ​នៅតាម​តំបន់​តែប៉ុណ្ណោះ​។ ចំពោះ​ការដាក់​មី​ស៊ី​ល​ទៅ​កោះ​ជម្លោះ​នោះ ចិន​បាន​និយាយថា ខ្លួន​មិន​បាន​បញ្ចូនមី​ស៊ីល​ដូច​ព័ត៌មាន​បាន​ចុះផ្សាយ​ទេ​។ នៅ​សមុទ្រ​ចិន​ខាងត្បូង ចិន​មាន​ជម្លោះ​ជាមួយ​វៀតណាម ម៉ាឡេស៊ី  តៃវ៉ាន់ ហ្វីលីពីន និង​ព្រុយ​ណេ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត