ចិន​ចាប់ផ្ដើម​​ចេញ​មុខ​​គាំទ្រ​​​ការដាក់ទណ្ឌកម្ម​​​លើ​កូរ៉េខាងជើង​ហើយ

29-02-2016 11:11 am 1801
មន្ដ្រីជាន់ខ្ពស់ចិនលោកWu Dawe(ឆ្វេង)និងមន្ដ្រីជាន់ខ្ពស់កូរ៉េ​ខាងត្បូងលោកHwang Joon-kook

​ទោះបី​មិន​ដឹង​ថា​ចិន​និយាយ​ដោយ​ស្មោះត្រង់​ចេញ​ពីចិត្ដ ឬ​ក៏​និយាយ​ឲ្យតែ​រួច​ពី​មាត់​ក្ដី ប៉ុន្ដែ​វា​ជា​សញ្ញា​ល្អ​មួយ ដែល​ចិន​គាំទ្រ​កូរ៉េខាងត្បូង​និង​អាមេរិក ដោយ​បញ្ជាក់​ជំហរ​ថា​វា​ពិត​ជា​សំខាន់ ដើម្បី​អនុវត្ដ​ឲ្យបាន​ពេញលេ​ញ​នូវ​ទណ្ឌកម្ម​ថ្មី ប្រឆាំង​នឹង​កូរ៉េខាងជើង ក្រោយពេល​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​របស់​គេ​។​ចិន​គឺ​ជា​សម្ព័ន្ធមិត្ដ​យ៉ាង​ជិតស្និ​ទ្ធជា​មួយ​កូរ៉េ​ខាងជើង ហេតុនេះ​ហើយ​រាល់​ពាក្យសម្ដី​ចិន កម្រ​ត្រូវគេ​ជឿជាក់​ថា​ជា​ការពិត។​ចិន​ក៏​កម្រ​និយាយ​អ្វី​ប្រឆាំង​កូរ៉េខាងជើង​ដែរ​។​តែ​លើក​នេះ ចិន​បាន​យល់​ស្រប​ជាមួយ​កូរ៉េ​ខាងត្បូង​និង​អាមេរិក ចង់​ឬ​មិន​ចង់ ចិន​បាន​បង្ហាញ​ការគាំទ្រ​របស់​ខ្លួន​ទៅហើយ ទៅលើ​ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ ប្រឆាំង​កូរ៉េខាងជើង​។​


​បន្ទាប់ពី​មាន​កិច្ចចរចា​ជិត​ពីរ​ខែ​រវាង​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​ទីក្រុង​ប៉េកាំង ចិន​បាន​យល់ព្រម​កាលពី​ថ្ងៃ​ទី​២៥​កុម្ភៈ គឺ​យល់ព្រម​ទៅ​លើ​ផែនការ​អាមេរិក ដែល​នឹង​រឹតបន្ដឹង​ទៅលើ​ទណ្ឌកម្ម​ដែលមាន​ស្រាប់ លើ​កូរ៉េខាងជើង បន្ទាប់​ពី​កូរ៉េខាងជើង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃទី​០៦​មករា និង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ថ្មីៗ​នេះ​។​មួយវិញទៀត​មន្ដ្រីជាន់ខ្ពស់​ចិន​ក្រោយពេល​ជួប​ជាមួយ​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងត្បូង បាន​និយាយថា ចិន​ពិតជា​គាំទ្រ​លើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​ចិន​តែងតែ​ជឿជាក់ថា ភាគី​ពាក់ព័ន្ធ​ត្រូវតែ​ធ្វើការ​រួមគ្នា ដើម្បី​នាំ​យក​សន្ដិភាព និង​ស្ថេរភាព​មក​ឲ្យ​ឧបទ្វីប​កូរ៉េ​។​


​រីឯ​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​វិញ​និយាយថា ចិន​បាន​សង្កត់ធ្ងន់ថា​នឹង​អនុវត្ដ​ឲ្យបាន​ពេញលេ​ញ នូវ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ក្នុងនាម​ខ្លួន​ជា​សមាជិក​អចិន្ដ្រៃយ៍​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​បន្ថែម​លើ​នេះ ចិន​ប្ដេជ្ញា​ថា​នឹង​ទទួលយក​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ​ពី​ពេលនេះ​ទៅ​។​


​សូម​រម្លឹកថា ចិន​ដែល​បាន​ការពារ​កូរ៉េខាងជើង​ក្នុង​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ ជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​ក្រុង​ព្យុងយ៉ាង ហើយក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ផងដែរ​។​ខណៈពេល​ដែល​ចិន​ត្រូវ​រង​ការរិះគន់​កាន់តែខ្លាំង ជុំវិញ​កម្មវិធី​នុយក្លែអ៊ែ​រនិង​មី​ស៊ីល​របស់​កូរ៉េ​ខាងជើង ចិន​ក៏​ចាប់ផ្ដើម​ឲ្យ​តម្លៃ​ទៅលើ​ស្ថេរភាព​លើ​ឧបទ្វីប​កូរ៉េ ដែល​ពីមុន​ធ្លាប់តែ​សោះអង្គើយ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត