សម្តេច ហ៊ុន សែន សូមឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​

28-02-2016 9:26 am 1169

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែ​កុម្ភៈ សម្តេច ហ៊ុន សែន បានឲ្យ​ដឹង​តាមរយៈ​គេហទំព័​រហ្វេស ប៊ុក របស់​សម្តេច​ថា សូម​ប្រជាពលរដ្ឋ​បើកបរ​គោរព​ច្បាប់ រួម​ទាំង​រថយន្ត​ដឹក​អ្នកដំណើរ រថយន្ត​សណ្តា​ង​ដឹកទំនិញ​តូចធំ ម៉ូតូ​និង​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ ជា​ពិសេស​រថយន្ត​ប្រចាំ​ការដ្ឋាន​សំណង់​ដែល​ដឹក​សំភារៈ​សំណង់​ធំៗ​នៅក្នុង​ទីក្រុង ត្រូវ​បើកបរ​គោរព​ច្បាប់ ហើយ​ដឹក​សំភារៈ​ចងរិត​អោយ​មាន​របៀប និង​សុវត្ថិភាព​ទៅ​តាម​កម្រិត​ចំនួន​តោន​ដឹកជញ្ជូន ចៀសវាង​ធ្លាក់​ពាសពេញ​ផ្លូវ​បង្ក​គ្រោះថ្នាក់ បំផ្លាញ​អនាម័យ​សោភ័ណភាព​ទីក្រុង និង​ផ្លូវថ្នល់​។​

 

​សម្តេច​ក៏​បាន​បន្ត​ឲ្យដឹង​ទៀតថា  ចំពោះ​ពលរដ្ឋ​ដែល​កំពុង​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅកាន់​តាម​បណ្តា​ខេត្ត និង​ទៅ​តំបន់​រមណីយដ្ឋាន​នានា ឬ​ពី​ខេត្ត​មក​ភ្នំពេញ សូម​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​។ ផ្លូវ​ស្ពាន​កាន់តែ​ល្អ គឺ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​អាច​កើតឡើង​មួយ​ប៉ព្រិចភ្នែក ។​ហើយ​ចំពោះ​រថយន្ត​តូច​ធំ​ហាម​បើក​វ៉ា​ប្រជែង​លើ​ស្ពាន លើផ្លូវ​កោង ផ្លូវ​ចង្អៀត ជា​ពិសេស​ផ្លូវ​ដែល​មាន​សហគមន៍​អ៊ូអរ និង​កុមារ​ឆ្លងកាត់​ច្រើន​។ សូម​បន្ថយល្បឿន​តាម​កំណត់ ហើយ​បើកបរ​ត្រូវ​មាន​ការ​អធ្យាស្រ័យ​យោគយល់​អោយ​គ្នា​ទៅវិញទៅមក ព្រោះ​ពេល​នេះ​គឺមាន​តែ​ច្បាប់​ទេ​សម្រាប់​អាង​ទាំងអស់គ្នា​។​

 

​ចុង​ក្រោយ​សម្តេច​ក៏​បាន សូម​ឲ្យ​ពលរដ្ឋ​ចេះ​ជួយ​យក​អាសារ​គ្នា​ទៅវិញទៅមក​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​សូម​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ

(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត