អាមេរិក​​ទទូច​ជា​ថ្មី​​ឲ្យ​ប្រធានាធិបតី​ចិន​​ធ្វើតាម​​ការប្ដេជ្ញា​ចិត្ដ​​កន្លងម​ក​

27-02-2016 2:05 pm 1851
ទិដ្ឋភាព​​កោះសិប្បនិម្មិត​ក្នុង​ប្រជុំកោះ​ស្ព្រាតលី​ក្នុងសមុទ្រចិន​​ខាងត្បូង

​បន្ទាប់ពី​បាន​បោះ​ពាក្យសម្ដី​ដាក់គ្នា​ទៅវិញទៅមក ជុំវិញ​បញ្ហា​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ជាថ្មី​ម្ដងទៀត​សេត​វិមាន​អាមេរិក បាន​ជំរុញ​ឲ្យ​ប្រធានាធិបតីចិន​លោក​ស៊ី ជីន​ពីង ត្រូវ​ពង្រីក​ការប្ដេជ្ញាចិត្ដ​របស់​ខ្លួ​ន ដោយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​យោធា​នៅក្នុង​ដែន​ជម្លោះ​ប្រជុំ​កោះ​ស្ព្រាត​លី​ឡើយ​។​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​អូ​បា​ម៉ា​ម្នាក់​បាន​ទទូច​បែបនេះ បន្ទាប់​ពី​ចិន​បាន​ដាក់ពង្រាយ​មី​ស៊ី​ល យន្ដហោះ​ចម្បាំង និង​តម្លើង​ប្រព័ន្ធ​រ៉ា​ដា​នៅ​លើ​កោះ​ដែល​កំពុង​មាន​ជម្លោះ​។​


​ប្រធានាធិបតី​ចិន​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក​កាលពី​ខែ​កញ្ញា​ឆ្នាំមុន បាន​ប្ដេជ្ញា​ថា មិន​ធ្វើ​សកម្មភាព​យោធា​នៅ​ប្រជុំ​កោះ​ស្ព្រាត​លី​ទេ​។​ប៉ុន្ដែ​មន្ដ្រី​អាមេរិក​មើលឃើញថា ចាប់តាំងពី​លោក​ស៊ី ជីន​ពីង​និយាយ​ដូច្នេះ ចិន​នៅ​តែ​មាន​សកម្មភាព​យោធា​ក្នុង​តំបន់​នោះ មិន​ដូច​អ្វី​ដែល​លោក​ស៊ី​សន្យា​ឡើយ​។​មិនតែប៉ុណ្ណោះ ចិន​បាន​តម្លើង​ប្រព័ន្ធ​រ៉ា​ដា​ថែម​ទៀត​។


​ជាមួយ​សកម្មភាព​របស់​ចិន​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង អាមេរិក​បាន​បញ្ជាក់ថា ប្រសិន​បើ​លោក​ស៊ី ជីន​ពីង​នឹកឃើញ​ការសន្យា​របស់​លោក និង​ពង្រីក​ការប្ដេជ្ញាចិត្ដ​ពី​មុន វា​ពិតជា​រឿង​ល្អ​ណាស់​។​អាមេរិក​សូម​លើក​ទឹកចិ​ត្ដ​ចិន និង​ប្រទេស​ពាក់ព័ន្ធ​នឹង​ដែន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្នុងនាម​ជា​មិត្ដភក្ដិ មិនគួរ​បង្ក​ហេតុ​អ្វី​ឡើយ និង​ត្រូវ​អត់ធ្មត់​ចៀសវាង​ការប៉ះទង្គិច​ដោយ​អាវុធ​។​


​ជា​ការកត់សម្គាល់ ត្បិត​អាមេរិក​មិនមែន​ជា​អ្នកពាក់ព័ន្ធ​នឹង​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ ប៉ុន្ដែ​អាមេរិក​នៅ​តែ​ចូល​ខ្លួន​ជួយ​សម្របសម្រួល ក្នុងនាម​ជា​ប្រទេស​មហាអំណាច​។​អាមេរិក​ថា វត្ដ​មានខ្លួន​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង គឺ​ចង់​ឲ្យ​ដែន​មួយ​នេះ​ក្លាយ​ជា​ដែន​អន្ដរជាតិ សម្រាប់​គ្រប់​ប្រទេស​អាច​ធ្វើ​នាវាចរ​និង​ហោះហើរ​បាន មិន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ចិន​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត