អាជ្ញាធរ​ជាតិ​​អប្សរា​​ជំរុញ​ឲ្យ​​រដ្ឋាភិបាល​ចិន ​ជួសជុល​​​​ប្រាសាទ​បេ​ង​មាលា​​

26-02-2016 7:10 pm 1832
រូបភាពពីនាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជំរុញ​រដ្ឋាភិបាល​ចិន​ឲ្យ​ពិចារណា​ជ្រើសរើស​យក​ប្រាសាទបេង​មា​លា ជា​ការដ្ឋាន​ជួសជុល​ថ្មី​បន្ទាប់​ពី​ការជួសជុល​នៅ​ប្រាសាទ​តាកែវ​។ ការជំរុញ​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​លោក​ស៊ុំ ម៉ាប់ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Xu Yang អគ្គនាយករង​នៃ​រាជបណ្ឌិតសភា​ចិន​សម្រាប់​បេតិកភណ្ឌ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ​ឆ្នាំ​២០១៦​។ នេះ​បើ​តាម​ការឲ្យដឹង​តាមរយៈ​ទំព័រ​ហ្វ៊េ​សប៊ុក​អាជ្ញាធរ​ជាតិ​អប្សរា​។​


​ជា​កិច្ច​ឆ្លើយតប លោក Xu Yang អគ្គនាយករង​នៃ​រាជបណ្ឌិតសភា​ចិន​បេតិកភណ្ឌ​វប្បធម៌ មានប្រសាសន៍ថា លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហ​ប្រតិ​6​បត្តិ​ការល្អ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ផ្តល់​ជូន​ភាគី​ចិន ។ ជាមួយគ្នានេះ លោក​ព្រមទាំង​ក្រុមការងារ​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រាសាទបេង​មាលា​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ហើយ​លោក​នឹង​ធ្វើ​របាយការណ៍​ទស្សន​កិច្ច​នេះ ជូន​ទៅ​ក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ធ្វើការ​ពិនិត្យ និង​សម្រេច​។


​ជាមួយគ្នានេះដែរ កិច្ចពិភាក្សា​ក៏បាន​ផ្តោត​ទៅលើ​ការរៀបចំ​ការិយាល័យ​ការងារ​របស់ ស្ថាប័ន​រដ្ឋាភិបាល​ចិន ដើម្បី​កិច្ចការ​អភិរក្ស​អង្គរ​ក្នុង​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ការងារ​ជួសជុល​ឡើងវិញ​មណ្ឌល​ព័ត៌មាន​នៅ​ប្រាសាទចៅសាយទេវតា និង​ការសាងសង់​មណ្ឌល​ព័ត៌មាន​នៅ​ប្រាសាទ​តាកែវ​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត