លោក​​ទៀ បាញ់៖​​វិមាន​​​​នយោបាយ​​ឈ្នះ ឈ្នះ​​ គឺ​មាន​​អត្ថន័យ​​ធំធេង​​ចំពោះ​​សន្តិភាព​​នៅ​​កម្ពុជា​​

25-02-2016 5:28 pm 2460

​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​វិមាន អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា នៅ​តំបន់​អភិវឌ្ឍន៍ លី យ៉ុង​ផាត់ ស្ថិតនៅ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ លោក​​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដែល​តំណាងឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​វិមាន អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ ឈ្នះ​នៅ​ព្រឹក​នេះ​ថា វិមាន អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ ឈ្នះ​នេះ គឺ​មាន​អត្ថន័យ​ធំធេង​ណាស់​ចំពោះ​​ប្រទេស​កម្ពុជា​ដែល​ទទួលបាន សន្តិភាព​ពេញលិញ​។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​គាំទ្រ​ចំពោះ​ការសាងសង់​វិមាន អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ ឈ្នះ​នេះ បើ​គណបក្ស​ក៏​បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​អនុវត្ត​គោលការ​មួយ​ចំនួន​ដើម្បីរក្សា​សន្តិភាព​នៅ​កម្ពុជា​។​

 

​វិមាន​អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា គឺជា​សមិទ្ធផល​សង្គម​មួយ​ដ៏​សំខាន់ នៅ​ក្រោយ​សម័យ​អង្គរ និង​ជា​មោទនភាព​ជាតិ​ខ្មែរ ដោយសារ​តែ​វិមាន និង​បរិវេណ​នេះ នឹង​ក្លាយជា​«​ពិភព​ខ្មែរ​ខ្នាត់​តូច​»​ដែល​បង្ហាញ​ចំណុច​សំខាន់ៗ​នៃ​ប្រវត្តិសាស្ត្រ​ជាតិ និង​វប្បធម៌​ជាតិ​ជាង​២០០០​ឆ្នាំ ពិសេស​បង្ហាញ​នូវ​បញ្ញាញាណ​ជាតិ​ខ្មែរ​។ នេះ​ជា​ប្រសាសន៍​របស់ លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដែល​តំណាងឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​​

 

បើ​តាម​លោក​ទៀ បាញ់ វិមាន​អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ​ឈ្នះ ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្ហាញ នូវ​វប្បធម៌​កត​ញ្ញូ និរន្តរភាព​គ្រប់​វិស័យ​ខាង​ជនជាតិ សាសនា រួម​ទាំង​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​រវាង​វប្បធម៌ ធម្មជាតិ និង​មនុស្ស ព្រមទាំង​ទំនាក់ទំនង​រវាង អតីតកាល ប​ច្ចុប្បន្ន និង​អនាគត​។ លោក​ថា នៅក្នុង​នោះ​វិមាន​អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ក៏​ជាប់ទាក់ទង​ទៅ​នឹង​សម័យ​សង្គម​រាស្ត្រ​និយម ត​ភ្ជាប់​មក​ដល់​សម័យ​សាធារណៈរដ្ឋ និង​សម័យ​ពល ពត ព្រមទាំង​ដំណាក់កាល​កំឡុង​ឆ្នាំ​១៩៧៩ -១៩៨៩ និង​ដំណាក់កាល​១៩៩១-១៩៩៣ និង​ភ្ជាប់​មក​ដល់ តំណាក់កាល​នយោ​បាយ​​ឈ្នះ ឈ្នះ មក​ដល់​សព្វ​ថ្ងៃ​ដែល​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញ​លិញ​ផងដែរ​។​

​សំឡេង លោក​ទៀ បាញ់​៖

 

​សូមបញ្ជាក់​ថា វិមាន​អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​នៅ តំបន់​អភិវឌ្ឍន៍ លី យ៉ុង​ផាត់ លើ​ទំហំ​ដី​ប្រមាណ ៨ ហិកតា ស្ថិតនៅ​សង្កាត់​បាខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ បើ​តាម​លោក​ទៀ បាញ់ គោលបំណង នៃ​ការសាងសង់​វិមាន នយោបាយ ឈ្នះ​-​ឈ្នះ គឺ​ដើម្បី​បង្កើន​ការយល់ដឹង អំពី​អតីតកាល និង​បច្ចុប្បន្ន​កាល ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ដោយ​ចីរភាព ទៅ​អនាគតកាល​។ ហើយ​វិចិត្រករ ដែល​មាន​ស្នាដៃ​ល្អ ត្រូវបាន​ជ្រើសរើស ក្នុងការ​រចនា​រូប​គំនូរ សម្រាប់​កសាង​រូបចម្លាក់ នៅ​វិមាន ឈ្នះ​-​ឈ្នះ ដើម្បី​​បង្ហាញ​មូលដ្ឋាន ទស្សនវិទ្យា សុខដុម​នីយកម្ម​ខ្មែរ នៅ​បុរាណសម័យ​។​

 

​បើ​តាម​គ្រោង វិមាន នយោបាយ ឈ្នះ​-​ឈ្នះ​នេះ ត្រូវ​បាន​ចែកចេញ​ជា​០៣ តំបន់​។ តំបន់​ទី​១ បង្ហាញ​ពី​សុខ​ម​នីយកម្ម​ប្រវត្តិសាស្ត្រ​ខ្មែរ តំបន់​ទី​២ សន្តិភាព​ពេញលិញ​តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ និង​តំបន់ ទី​៣ សមិទ្ធផល​នានា​ដែល​ទទួលបាន​ពី​នយោបាយ​ឈ្នះ​ឈ្នះ ចាប់តាំងពី​ឆ្នាំ​១៩៩៨-២០១៨​។ ហើយ​សំណង់ ទាំងនេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​មាន​ការចូលរួម​ពី​គ្រប់​មជ្ឍដ្ឋាន ទាំង​ធនធាន​គំនិត​ប្រាជ្ញា របស់​មន្ត្រីរាជការ  កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន​កម្ពុជា​ទាំងអស់ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​ឡើយ​។ នេះ​តាម លោក​ទៀ បាញ់​….

​សំឡេង លោក ទៀ បាញ់​៖

 

​លោក យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​រង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការសាងសង់​វិមាន អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា របស់​រដ្ឋាភិ​បាល​​ពេលនេះ​។ បើ​តាម​លោក យ៉ែម បុញ្ញ​ឫទ្ធិ គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​នយោបាយ​ឈ្នះ ឈ្នះ គឺ​មានន័យថា គឺ​ខ្មែរ​ជា​អ្នកឈ្នះ​ទាំង អស់​គ្នា និង​រួបរួមគ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​។​

 

«​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​រក្សា​នូវ​សន្តិភាព​នៅ​កម្ពុជា​ឲ្យមាន​ភាពល្អប្រសើ គណបក្ស​សង្គ្រោះ​ជាតិ នឹង ចូលរួម​អប់រំ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ឲ្យ​ជួយ​រក្សា​ស្ថេរភាព​នយោបាយ ក្នុង​​ការប្រើប្រាស់​ពាក្ស​សម្តី និង រក្សា​សេចក្តីថ្លៃថ្នូ​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​»។ នេះ​ជាការ​បន្ថែម​របស់​លោក យ៉ែម បុញ្ញ​ឫទ្ធិ​…

​សំឡេង​លោក យ៉ែម បុញ្ញ​ឫទ្ធិ​៖

 

​យ៉ាង​ក្តី​អ្នក​នាំ​ពាក្ស​គណបក្ស​ប្រឆាំង​រូបនេះ បាន​ស្នើដល់​រដ្ឋាភិបាល​ថា ត្រូវ​ធ្វើ​ឲ្យ​ប្រព័ន្ធគ្រប់​គ្រោង​របស់​រដ្ឋាភិបាលឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​​​ទទួល​ការទុកចិ​ត្ត​ ជា​ពិសេស​ប្រព័ន្ធ​យុត្តិធម៌​ ទើបបាន សន្តិភាពមានលក្ខណៈយូរអង្វែង។​

 

​សូម​សម្លឹង​ថា ប្រទេស​កម្ពុជា ធ្លាប់​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​បី​ទសវត្ស​ហើយ​។  សង្គ្រាម​ស៊ីវិល​នេះ បាន​កើតឡើង​ក្រោយ​របប​ខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច​នៅ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ហើយ​ត្រូវ​ទម្លាក់​ពី​អំណាច​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ។ ប្រជាជន​កម្ពុជា​ប្រមាណ ១,៧ លាន​នាក់ បាន​បាត់បង់​ជីវិត​។ សង្គ្រាម​ស៊ីវិល​បាន​បន្ដ​ក្រោយ​ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម ។ នៅ​ទីបំផុត សង្គ្រាម​ស៊ីវិល​បាន​ត្រូវ​បញ្ចប់ នៅ​ឆ្នាំ ១៩៩៨ នៅពេល​ដែល​រចនាសម្ព័ន្ធ​នយោបាយ​និង​យោធា​របស់​ខ្មែរ​ក្រហម​ត្រូវ​កម្ទេចចោល​ទាំង​ស្រង​៕

(ដោយ៖គួន សំបូរ)

 

ព័ត៌មានផ្សេងទៀត