ការ​ផ្តល់​​រថយន្ត​​និង​​ទីប្រឹក្សា​​បន្ថែម​ដល់​​ក្រុម​​តំណាង​រាស្ត្រ​​ភាគតិច​និង​​ភាគ​ច្រើន​​ធ្វើឲ្យ​​ខ្ចះខ្ចាយ​​ថវិកា​ជាតិ​?​

22-02-2016 2:17 pm 3589

​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ផ្ដល់​មធ្យោបាយ​ដល់​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច និង​ភាគច្រើន ទទួល​បាន​រថយន្ត​ម្នាក់​មួយ​គ្រឿង និង​ទីប្រឹក្សា​ចំនួន​៩​នាក់ ដើម្បី​អនុវត្ត​សកម្មភាព​ការងារ​របស់​ខ្លួន​។ ត្រង់​ចំណុច​នេះ ត្រូវបាន​អ្នកវិភាគ​រិះគន់ថា គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ និង​ធ្វើឲ្យ​ខ្ចះខ្ចាយ​ថវិកា​ជាតិ​មួយ​ចំនួន​ធំ​ផង​ដែរ​។ 

 

​លោក កែម ឡី អ្នកស្រាវជ្រាវ​កិច្ច​សង្គម​កម្ពុជា បាន​លើកឡើង​ថា ការសម្រេច​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើ​ការផ្តល់​រថយន្ត​ម្នាក់​មួយ​គ្រឿង និង​ទីប្រឹក្សា​ចំនួន​៩​នាក់ ដល់​​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច និង​ភាគច្រើន បាន​ធ្វើឲ្យ​ខ្ចះខ្ចាយ​ថវិកា​ជាតិ​មួយចំនួន​ធំ ព្រមទាំង​ធ្វើ ឲ្យ​គណបក្ស​ទាំង​ពីរ​បាត់បង់​ប្រជាប្រិយភាព​ម​ន្ថែ​ម ជា​ពិ​សេស​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​​គណបក្សប្រឆាំង​។​

 

​លោក កែម ឡី បាន​បន្តថា ការចែក​លុយ ឡាន និង​តួនាទី​ការងារ​នៅ​ពេល​នេះ គឺ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​មួយចំនួន ដែល​ប្រជាពលរដ្ឋ​ខ្មែរ កំពុងតែ​ជួប​ការ​លំបាក និង​រង​អំពើ​អ​យុតិ្ត​ធម៌ មានដូចជា ប្រព័ន្ធតុលាការ  បញ្ហាដីធ្លី បញ្ហា​ពុករលួយ ជាដើម​។​

​សំឡេង​លោក កែម ឡី​៖

 

​ទាក់ទង​នឹង​បញ្ហា​នេះ លោក អ៊ូ វីរៈ ប្រធាន​វិទ្យាស្ថាន​វេទិកា​អនាគត និង​ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​ចាត់ទុកថា ការសម្រេច​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើ​ការចែក​ឡាន និង​តួនាទី​ការងារ​នៅ​ពេល​នេះ គឺជា​ការចែក​ផលប្រយោជន៍​គ្នា​ដោយ សុទ្ធសាធ ដែល​គណបក្ស​ទាំង​ពីរ​មិន​គួរ​លើក​យកមក​ពិភាក្សា​ឡើង​។​

 

​បើ​តាម​លោក អ៊ូ វីរៈ លោក​មាន​ការសោកស្តាយ​ចំពោះ​ការសម្រេច​នេះ​។ មាន​ការសោកស្តាយ ដោយ លោក​អះអាង​ថា ពីព្រោះ​ការសម្រេច​នេះ​វា​មិន​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​នោះ​ទេ ហើយ លោក​បាន​បញ្ជាក់ថា ការសម្រេច​នេះ បាន​ធ្វើឲ្យ​ខ្ចះខ្ចាយ​ថវិកាជាតិ​មែនទែន​។​

​សំឡេង លោក អ៊ូ វីរៈ​៖

 

​ប្រធាន​វិទ្យាស្ថាន​វេទិកា​អនាគត​ដដែល​រូបនេះ បាន​សង្គត់ធ្ងន់​ថា ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​ការធ្លាក់ចុះ ជាពិសេស​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សំឡេង លោក អ៊ូ វីរៈ​៖

 

​មិន​ខុស​ពី​អ្នកវិភាគ​ខាងលើ លោក រស់ រ៉ាវុធ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បាន​លើកឡើង​ថា ការផ្តល់​រថយន្ត​ម្នាក់​មួយ​គ្រឿង និង​ទីប្រឹក្សា​ចំនួន​៩​នាក់ ដល់​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច និង​ភាគច្រើន គឺជា​ការ​មិន​ចាំបាច់​ទាល់តែសោះ​។ មិន​ចាំបាច់​ពី​ព្រោះ​ថ្នាក់ដឹកនាំ​ទាំង​ពី​សុទ្ធតែ​មាន​រថយន្ត និង​ទីប្រឹក្សា​សម្រាប់​ខ្លួនរួច​ហើយ​។ ហេតុអ្វី​មិន​យកមកប្រើ​? ចាំបាច់​ផ្តល់​រថយន្ត​ម្នាក់​មួយ​គ្រឿង និង​ទីប្រឹក្សា​មួយចំនួន​បន្ថែម​ដែល​ធ្វើឲ្យ​បាន​ធ្វើឲ្យ​ខ្ចះខ្ចាយ​ថវិកាជាតិ​។​

​សំឡេង លោក រស់ រ៉ាវុធ​៖

 

​គួរបញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែ​កុម្ភៈ ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​ក្នុង​ការពង្រឹង​វប្បធម៌​សន្ទនា​។ ក្រោយ​ជំនួប ដែល​មាន​រយៈពេល​ជិត​មួយ​ម៉ោង ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​បាន​ប្រគល់​សិទ្ធិ​ជូន លោក ឈាង វុន និង​លោក យ៉ែម បុញ្ញ​ឫទ្ធិ ជម្រាប​លទ្ធផល ជូន អ្នក​សារ​ព័ត៌​មាន​។​

 

​នៅក្នុង​លទ្ធផល​សំខាន់ៗ ដែល​តំណាង​គណបក្ស​ទាំង​ពីរ​លើក​ឡើង ក៏មាន​ការបង្កើន​មធ្យោបាយ​ដឹកជញ្ជូន​ដោយ​ប្រធាន​ក្រុម​មតិ​និង​ភាគច្រើន​ទទួល​បាន​រថយន្ត​ម្នាក់​មួយ​គ្រឿង និង​ទីប្រឹក្សា​ចំនួន​៩​នាក់ ដើម្បី​អនុវត្ត​សកម្មភាព​ការងារ​របស់​ខ្លួន​៕

(ដោយ៖គួន សំបូរ)

 


ព័ត៌មានផ្សេងទៀត