លោក​កែម ឡី​៖ ​ថ្នាំ​ព្យាបាល​​ជម្ងឺ​​ពុករលួយ​គឺ​​ប្រកាស​​ទ្រព្យសម្បត្តិ​​ដោយ​ចំហ​​លើ​ថ្នាក់​ដឹកនាំ​​កំពូលៗ​​

21-02-2016 10:40 am 8093

លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា បាន​ថ្លែង​លើ​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក   របស់​លោក​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ទៅកាន់​បុគ្គល​មួយចំនួន​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ដូច្នេះ​ថា “​បាន​ប៉ុណ្ណឹង​ហើយ ចង់បាន​អ្វី​ទៀត ? ពុករលួយ​ប៉ុណ្ណឹង​ហើយ នៅ​ពុករលួយ​ធ្វើ​អ្វី​ទៀត​? បើ​អ្នក​ប្រព្រឹត្ត​អំពើពុករលួយ លក់​ទ្រព្យសម្បត្តិ​ជាតិ លក់​ធម្មជាតិ លក់​រុក្ខជាតិ និង​លក់​ជាតិ ធ្វើ​មាន ធ្វើបាន ប៉ុណ្ណឹង​ហើយ ចង់បាន​អ្វី​ទៀត​” ។


​ក្នុងនាម​ជា​អ្នកស្រាវជ្រាវ និង​ជា​អ្នកតាមដាន​ស្ថានការណ៍​សង្គម លោក​កែម ឡី បាន​លើកឡើង​ថា “​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ជម្ងឺ​ពុករលួយ​ឲ្យ​ជាសះស្បើយ​ពិតប្រាកដ​នោះ​គឺ​ប្រកាស​ទ្រព្យសម្បត្តិ​ដោយ​ចំហ ទាំង​គ្រួសារ និង​ធ្វើ​សវនកម្ម​ទ្រព្យសម្បត្តិ​ប្រចាំឆ្នាំ លើ​ថ្នាក់ដឹកនាំ​កំពូលៗ ដូចជា នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​អភិបាល​នៃ​គណ​អភិបាល​រាជធានី ខេត្ត និង ក្រុង​។ លោក​បន្តថា ករណី​ដែល​អ្នក​ធ្វើ​សេចក្តីសម្រេចចិត្ត​កំពូលៗ មិន​ប្រព្រឹត្ត​អំពើពុករលួយ និង​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ថា​ខ្លួន​មិន​ពុករលួយ​សូម្បីតែ​មួយ​ដុល្លារ​នោះ ស្ថានភាព​ពុករលួយ​អាច​កាត់បន្ថយ និង​ឈាន​ទៅរក​ការ​លុបបំបាត់បាន​ទាំងស្រុង​ក្នុង​រយៈពេល​៥​ឆ្នាំ ឬ​មួយ​អាណត្តិ​។


​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​លោក​កែម ឡី ដូច្នេះ មិនទាន់​មាន​ការ​ឆ្លើយ​តប​ពី​អង្គភាព​ប្រឆាំង​អំពើ   ពុករលួយ​នៅ​ឡើយ​ទេ​។​


​អ្នកតាមដាន​សង្គម​រូបនេះ​បាន​មើលឃើញថា គោលការណ៍​លម្អិត​ពី​តម្លាភាព​ចំណូល ចំណាយ​ធនធាន​ថវិកា​ជាតិ​មាន​ជាទូទៅ​ប្រទេស​នី​មួយៗ​តែងតែ​មាន​យុទ្ធសាស្ត្រ​ដើម្បី​អភិវឌ្ឍន៍​ជាតិ មាន​រយៈពេល​វែង មធ្យម និង​ខ្លី ដែល​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​នេះ​មាន​ផ្នែក​សេដ្ឋកិច្ច និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ជាតិ ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការអភិវឌ្ឍ​ជាតិ ហើយ​យុទ្ធសាស្ត្រ​ទាំងនោះ​ត្រូវមាន​ការតាមដាន ត្រួតពិនិត្យ និង​មាន​វិធានការ​ដោះស្រាយ​លើ​បញ្ហា​នានា​។


​ដើម្បី​ឲ្យមាន​អភិបាលកិ​ច្ច​តាម​បែប​ប្រជាធិបតេយ្យ និង​តម្លាភាព​ក្នុង​ការគ្រប់គ្រង​ចំណូល​ចំណាយ​ធនធាន និង​ហិរញ្ញវត្ថុ រដ្ឋាភិបាល​ដែល​ជា​អ្នក​អនុវត្ត​តួនាទី​នេះ​ត្រូវមាន​យុទ្ធសាស្ត្រ គោលនយោបាយ​អភិវឌ្ឍ ស្តង់ដារ​ការងារ ដូចជា​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ច្បាស់លាស់​ទាន់ពេលវេលា មាន​រៀបចំ​ផែនការ​ថវិកា​ជាតិ​ដោយ​មាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ មាន​ការគ្រប់គ្រង និង​ព្យាករណ៍ ចំណូល និង​ចំណាយ​របស់​ជាតិ​បាន​ល្អ មាន​ប្រព័ន្ធ​កត់ត្រា​ផ្នែក​គណនេយ្យ និង​ហិញ្ញ​វត្ថុ មាន​របាយការណ៍​គ្រប់គ្រង​ហិរញ្ញវត្ថុ​មាន​គុណភាព​ខ្ពស់ ទាន់ពេលវេលា និង​មាន​ស្ថាប័ន​ឯករាជ្យ​ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ   សវនកម្ម​ដែល​អាច​ជឿ​ទុកចិត្តបាន​។ នេះ​ជាការ​បន្ថែម​របស់​លោក​កែម ឡី​។​


​ជាមួយគ្នា​នោះ លោក​កែម ឡី បាន​បង្ហាញ​ពី​គោលការណ៍​ចំនួន ១៤ ចំណុច ដើម្បី​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រឆាំង​អំពើពុករលួយ​ផងដែរ ដែល​ក្នុងនោះ​រួមមាន ការរៀបចំ​ផែនការ​ថវិកា​ប្រចាំឆ្នាំ​របស់​ស្ថាប័ន​នីតិបញ្ញត្តិ តុលាការ និង​អង្គភាព​មួយចំនួន​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ មិន​ត្រូវ​ពិនិត្យ និង​អនុម័ត​ដោយ     រដ្ឋាភិបាល​ទេ គឺ​ត្រូវ​ផ្តល់​ជូន​ស្ថាប័ន​ឯករាជ្យ​ទាំងនោះ​នូវ​ថវិកា​ជា​កញ្ចប់ ដោយ​ទុក​តួនាទី​ឲ្យ​សវនកម្ម​ឯករាជ្យ​ជា​អ្នកត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​វិញ​។ រដ្ឋាភិបាល​ត្រូវ​រៀបចំ​សំណើ​ថវិកា​ប្រចាំឆ្នាំ​តាម​បែប​ចូលរួម​ពី​សាធារណជន អង្គការ​សង្គម​ស៊ីវិល​តាម​គ្រប់​ដំណាក់កាល​នៃ​ការរៀបចំ​គម្រោង​សំណើ​ថវិកា​ប្រចាំឆ្នាំ ហើយ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​មុន​ដាក់​ចូល​និង​ក្រោយ​អនុម័ត​ពី​រដ្ឋសភាជាតិ​។ ការប្រកាស​ទ្រព្យសម្បត្តិ​ដោយ​ចំហ​និង​ទាំង​គ្រួសារ​ពី​គ្រប់​សមាជិក​ជាន់ខ្ពស់ នៃ​គណបក្ស​នយោបាយ​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​និង​មន្ត្រីជាន់ខ្ពស់​សាធារណៈ ត្រូវធ្វើ​ដោយ​ចំហ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ត្រូវ​មាន​ការចូលរួម​ពី​សាធារណជន សង្គម​ស៊ីវិល និង​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ការអង្កេត​ជា​ប្រចាំ​ឆ្នាំ ជាដើម​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត