ស​.​ស​.​យ​.​ក នឹង​បង្ហាញ​ពី​ភាព​ប្លែក​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នៅ​អំឡុង​ខែ​មីនា​

17-02-2016 6:10 pm 3015

​មិន​ខុស​ពី​ឆ្នាំមុនៗ​ឡើយ អាជ្ញាធរ​ជាតិ​អប្សរា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅតែ​បន្ត​រៀបចំ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅលើ​ទឹកដី​អង្គរ​ដដែល ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។ ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ គឺ​ទទួល​បាន​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ ព្រោះ​វា​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ រួម​នឹង​ការទាក់ទាញ​ភ្ញៀវទេសចរ​ផង​ដែរ​។

​ខណៈ​ដែល​ពិធី​បុណ្យចូលឆ្នាំថ្មី នឹង​ប្រារព្ធ​ធ្វើឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ  អាជ្ញាធរ​ជាតិ​អប្សរា​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​បាន​ជួប​ពិភាក្សា​គ្នា​ស្តីពី​ការងារ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​វក ក្រោម​វត្តមាន​លោក ស៊ុំ ម៉ាប់​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក ហ៊ុន ម៉ា​នី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ខេត្តសៀមរាប​។​

​ក្នុង​កិច្ចប្រជុំ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​បង្ហាញ​ពី​គម្រោង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​មាន​ប្រមាណ​ជា​២៤​កម្មវិធី​ធំៗ ដូចជា ពិធី​សាសនា​កម្មវិធី​ភូមិ​ខ្ញុំ និម្មិត​ភូមិ របាំ​ប្រពៃណី​បុរាណ​កម្មវិធី​ល្បែង​ប្រជាប្រិយ ក្បាច់គុន​ល្បុក្កតោ ពិព័រណ៍​សិប្បកម្ម​និង​វត្ថុ​អនុស្សាវរីយ៍​ជាដើម​។​

​លោក​សោម រតនា មន្ត្រី​ទទួលបន្ទុក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ​ថា នាពេល​នេះ​អ្វីៗ​ទាំងអស់ កំពុងស្ថិត​នៅ​ក្នុង​គម្រោង​នៅឡើយ​។ ដូច្នេះ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា នឹង​មាន​រៀបចំ​កម្មវិធី​អ្វីខ្លះ ដូច​ទៅ​តាម​គម្រោង​នោះទេ​។ លោក​បន្តថា សម្រាប់​ព័ត៌មាន​ជាក់លាក់ នឹង​ត្រូវ​បង្ហាញ​នៅក្នុង​សន្និសីទ​កាសែត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​អំឡុង​ខែ​មីនា​។​

​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺ​បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​។ ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ស្នាមញញឹម​និង​ស្មារតី​រួបរួម​នៃ​មហា​គ្រួសារ​ខ្មែរ​។ ដូច្នេះ​ហើយ​យើង​ពិតជា​ត្រូវការ​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ជា​ពិសេស​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើយ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ​ផង​ឆ្លុះបញ្ចាំង​អំពី​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ដូនតា​ខ្មែរ​ផង​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​លោក​ហ៊ុន ម៉ា​នី ប្រធាន​សស​យក​។​

​យ៉ាងណាមិញ​សម្រាប់ លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​បាន​ត្រៀច​រួចជាស្រេច ក្នុង​ការបង្កើត​ក្រុម​ការងារ​ដើម្បី​ សហការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទាំងមូល​ ទទួលបន្ទុក​រ៉ាប់រង​ទាំងស្រុង​ ក្នុង​ការរៀបចំ​កម្មវិធី​ផ្សេង​ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​។​ទន្ទឹមនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ស្នើសុំ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សហការ​បញ្ជ្រាប​ការយល់ដឹង​ ឲ្យបាន​កាន់តែ​ទូលំ​ទូលាយ​ អំពី​ក្រម​ប្រតិបត្តិ​អង្គរ ជូន​ដល់​ភ្ញៀវ​ទេសចរ​ និង​ប្រជាពលរដ្ឋ​ដែល​ នឹង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផងដែរ​។

​ព្រឹត្តិការណ៍​នេះ ត្រូវបាន​គេ​មើលឃើញថា បាន​ចំណាយ​កម្លាំង កាយចិត្ត ព្រមទាំង​ធនធាន​ជាច្រើន ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​គួរឲ្យ មាន​មោទនភាព​នេះ​។ ការផ្តល់​ឱកាស​ឲ្យ​យុវជន​រាប់ពាន់នាក់​ចូលរួម ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ថ្នាក់ជាតិ​នេះ ជា​ទង្វើ​ដ៏​សំខាន់​ក្នុង​ការផ្តល់​បទពិសោធ​ដល់​យុវជន​ខ្មែរ​។

​គួរបញ្ជាក់​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះ ជា​ឆ្នាំ​ទី​៤​ហើយ ខណៈ​ដែល​នៅ​ឆ្នាំ​២០១៣-២០១៤ និង​២០១៥ បាន​រៀបចំ​ឡើង ដោយ​ជោគជ័យ​តាម​ការគ្រោងទុក និង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍ និង​វត្តមាន​របស់​មនុស្ស​ជាច្រើន​ទាំង​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​។ ប៉ុន្តែ​អ្វី​ជា​ការកត់សម្គាល់ សម្រាប់​មុន​ការចូល​មក​ដល់​នៃ​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ ២០១៥  មាន​ការរិះគន់​ជាច្រើន ជាពិសេស​នៅ​តាម​បណ្តាញ​សង្គម Facebook ទាក់ទង​នឹង​ការ​មិន​ពេញចិត្ត ចំពោះ​ការ​រចនា​ខ្លោងទ្វារ​ចូល ទៅ​ក្នុង​តំបន់​អង្គរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត