អាមេរិក​-​អាស៊ាន​​​ចេញ​សេចក្ដីថ្លែងការណ៍​រួម​​១៧​ចំណុច​​ក្រោយ​បញ្ចប់​​កិច្ចប្រជុំ​

17-02-2016 1:21 pm 3413

​ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ ដែល​បាន​ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃ​ទី​១៥-១៦​កុម្ភៈ​ឆ្នាំ​២០១៦ នៅ​Sunnylands រដ្ឋ​California​សហរដ្ឋអាមេរិក អាមេរិក​និង​អាស៊ាន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​គ្នា​មួយ​។​នៅក្នុង​សេចក្ដីថ្លែងការណ៍​បានឲ្យដឹងថា ទាំង​អាមេរិក​និង​អាស៊ាន បាន​បញ្ជាក់​ជា​ថ្មី​នូវ​គោលការណ៍​សំខាន់ៗ ដែល​អាច​ដឹកនាំ​កិច្ចសហប្រតិបត្ដិការ​អា​មេរិក​-​អាស៊ាន​ឲ្យ​ឆ្ពោះ​ទៅ​មុខ​បាន​។​


​គោលការណ៍​សំខាន់ៗ​ទាំងនោះ​មាន​ដូចជា ទី​១៖ ការគោរព​គ្នា​ទៅវិញទៅមក​លើ​អធិបតេយ្យភាព បូរណភាព​ទឹកដី សមភាព និង​ឯករាជ្យភាព​នយោបាយ នៃ​ជាតិ​សាសន៍​ទាំងអស់ ដោយ​ឈរ​លើ​គោលការណ៍​និង​គោលបំណង​នៃ​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញ​អាស៊ាន និង​ច្បាប់​អន្ដរជាតិ​។​


​ទី​២៖​​​ត្រូវ​ចែករំលែក​ភាពរុងរឿង និរន្ដរភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ ព្រមទាំង​បណ្ដុះ​គំនិត​អ្នកជំនាន់ក្រោយ ឲ្យ​បន្ដ​ទ្រទ្រង់​សន្ដិភាព ការភិវឌ្ឍន៍ និង​ស្ថេរភាព​សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​។​


​ទី​៣៖​ការទទួលស្គាល់​ទៅវិញទៅមក​នូវ​ការ​បន្ដ​គោលនយោបាយ ដែល​អាច​ដឹកនាំ​ទៅរក​ភាពរឹងមាំ ការបើក​ទូលាយ និង​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ឲ្យមាន​កំណើនសេដ្ឋកិច្ច ការបង្កើត​ការងារ​ថ្មី ភាព​ជា​សហគ្រិន និង​បង្កើត​សកម្មភាព​គាំទ្រ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ដើម្បី​កាត់បន្ថយ​គម្លាត​អភិវឌ្ឍ​។​


​ទី​៤៖​ការប្ដេជ្ញាចិត្ដ​របស់​អា​មេរិក​និង​សមាគម​អាស៊ាន គឺ​ធានាឲ្យបាន​នូវ​ឱកាស​សម្រាប់​មនុ​ស្ស​គ្រប់​រូប តាមរយៈ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់​អភិបាលកិច្ច​ល្អ និង​ការ​ប្រកាន់ខ្ជាប់​នីតិរដ្ឋ ការលើកកម្ពស់​ការការពា​រ​សិទ្ធិមនុស្ស​និង​មូលដ្ឋាន​សេរីភាព ការលើក​ទឹកចិត្ដ​ឲ្យមាន​ការផ្សព្វផ្សាយ​ពី​ការអ​ត់​ឱន ការសម្រុះសម្រួល និង​ការពា​រពារ​បរិស្ថាន​។​


​ទី​៥៖​គោរព​និង​គាំទ្រ​ចំណុច​ស្នូល​អាស៊ាន និង​យុទ្ធសាស្ដ្រ​ដឹកនាំ​របស់​អាស៊ាន ក្នុង​ការវិវត្ដន៍​នៃ​ស្ថប​ត្យ​កម្ម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​


​ទី​៦៖​ការ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ក្នុង​តំបន់​និង​ច្បាប់​អន្ដរជាតិ ដែល​មាន​មូលដ្ឋាន​លើកកម្ពស់​និង​ការពារ​សិទ្ធិ​និង​ឯកសិទ្ធិ​របស់​បណ្ដា​រដ្ឋ​ទាំងអស់​។​


​ទី​៧៖​ចែករំលែក​ការប្ដេជ្ញាចិត្ដ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី រួម​បញ្ជូ​លទាំង​ការគោរព​ឲ្យបាន​ពេញលេញ​នូវ​ដំណើរការ​ការទូត ដោយ​មិន​ចាំបាច់​ភ័យខ្លាច​ការគំរាមកំហែង ឬ​ការប្រើ​កម្លាំង​ណាមួយ​ឡើយ ដោយ​អនុលោម​ទៅតាម​គោលការណ៍​ទទួលស្គាល់​ជា​សាកល នៃ​ច្បាប់​អន្ដរជាតិ និង​អនុសញ្ញា​ឆ្នាំ​១៩៨២ របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS)​។​


​ទី​៨៖​ការប្ដេជ្ញាចិត្ដ​ដើម្បី​រក្សា​សន្ដិភាព សន្ដិសុខ និង​ស្ថេរភាព​នៅក្នុង​តំបន់ ក៏ដូចជា​ធានាឲ្យបាន​នូវ​សន្ដិសុខ​និង​សុវត្ថិភាព​ដែនសមុទ្រ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​សិទ្ធិ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ការហោះហើរ និង​ការប្រើប្រាស់​ដែនសមុទ្រ​ដោយ​ស្រប​ច្បាប់​ផ្សេង​ទៀត មាន​ការធ្វើ​ពាណិជ្ជកម្ម​ជាដើម ដូច​បាន​រៀបរាប់​ក្នុង​ច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២​។​


​ទី​៩៖​ការប្ដេជ្ញាចិត្ដ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្ដិកា​រ ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ជា​ទូទៅ​ក្នុង​ដែនសមុទ្រ​។​


​ទី​១០៖​តាំងចិត្ដ​ដឹកនាំ​ឲ្យ​រឹងមាំ ដើម្បី​ដោះស្រាយ​បញ្ហា​ជា​សាកល​ដូចជា​អំពើ​ភេរវកម្ម អំពើ​ជ្រុលនិយម ការជួញដូរ​មនុស្ស ការជួញដូរ​គ្រឿងញៀន អំពើ​ខុសច្បាប់​ដែល​មិន​បាន​រាយការណ៍ ការនេសាទ​គ្មាន​ច្បាប់ទម្លាប់​គ្រប់គ្រង ព្រមទាំង​ការជួញដូរ​សត្វព្រៃ​និង​ព្រៃឈើ​ខុស​ច្បាប់​។​


​ទី​១១៖​ការប្ដេជ្ញាចិត្ដ​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកា​ស​ធាតុ និង​ការអភិវឌ្ឍន៍ភាព​ធន​នឹង​អាកាសធាតុ ដើម្បី​ថែរក្សា​និរន្ដរភាព​បរិស្ថាន​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​នៅ​ក្នុង​ប្រទេស​នី​មួយៗ ដូចដែល​បាន​ប្ដេជ្ញា​ក្នុង​កិច្ចព្រមព្រៀង​ស្ដីពី​បញ្ហា​អាកាសធាតុ​ក្នុង​ក្រុងប៉ារីស​កន្លងមក​។​


​ទី​១២៖​ការប្ដេជ្ញាចិត្ដ​ដើម្បី​លើកកម្ពស់ និង​ការផ្សព្វផ្សាយ​ពី​សន្ដិសុខ ស្ថេរភាព​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ស្រប​តាម​បទដ្ឋាន​នៃ​ឥរិយាបទ​របស់​រដ្ឋ​ដែល​ទទួលខុសត្រូវ​។


​ទី​១៣៖​គាំទ្រ​ការឈានទៅរក​ភាពរឹងមាំ ធ្វើឲ្យ​មាន​ស្ថេរភាព ភាព​ស្អិតរ​មួ​ត​ផ្នែក​នយោបាយ រួម​បញ្ចូល​គ្នា​លើ​វិស័យសេដ្ឋកិច្ច ការទទួលខុសត្រូវ​ក្នុង​សង្គម តម្រង់​ទិស​ប្រជាជន  ការយក​ប្រជាជន​ជា​ស្នូល និង​គាំទ្រ​ច្បាប់​ជា​មូលដ្ឋាន​ក្នុង​សមាគម​អាស៊ាន​។​


​ទី​១៤៖​ការប្ដេជ្ញាចិត្ដ​ដើម្បី​ពង្រឹ​ង​ការតភ្ជាប់​គ្នា​រវាង​ប្រជាជន​និង​ប្រជាជន​តាមរយៈ​កម្មវិធី ដែល​ត​ភ្ជាប់​អាស៊ាន​ជាមួយ​ប្រជាជន​អាមេរិក ជាពិសេស​គឺ​ក្មេងជំនាន់ក្រោយ និង​ផ្ដល់​ឱកាស​សម្រាប់​ប្រជាជន​ទាំងអស់ ដើម្បីឲ្យ​ពួកគេ​អាច​បំពេញ​ចក្ខុវិស័យរ​បស់​សមាគម​អាស៊ាន​។​


​ទី​១៥៖​ការប្ដេជ្ញាចិត្ដ​ដើម្បី​លើកក​ម្ព​ស់ភាព​ជា​ដៃគូ​ជា​សាកល សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្ដរភាព តាមរយៈ​ការ​អនុវត្ដ​ន៍​របៀបវារៈ​នៃ​ផែនការ​អភិវឌ្ឍ​ឆ្នាំ​២០៣០ ដើម្បី​ធានាឲ្យបាន​នូវ​សង្គម​មួយ​ប្រកប​ដោយ​និរន្ដរភាព សមភាព ដោយ​មិន​ទុក​ឲ្យ​នរណា​ម្នាក់​នៅ​ក្រៅសង្គម​ឡើយ​។​


​ទី​១៦៖​ការប្ដេជ្ញាចិត្ដ​ដើម្បី​បង្កើ​ន​កិច្ចសហការ​គ្នា ទាំង​នៅ​វេទិកា​អន្ដរជាតិ​និង​ក្នុង​តំបន់ ជាពិសេស​យន្ដការ​ដឹក​នាំ​ដោយ​អាស៊ាន​ដែល​មាន​ស្រាប់​។


​និង​ទី​១៧៖​ការប្ដេជ្ញាចិត្ដ​ដើម្បី​ឲ្យមាន​កិច្ចពិភាក្សា​នយោបា​យក​ម្រិត​ខ្ពស់​ប្រចាំឆ្នាំ​បន្ដទៀត ក្រោម​វត្ដ​មាន​ចូលរួម​ពី​មេដឹកនាំ​អាមេរិក​និង​មេដឹកនាំ​អាស៊ាន នៅក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត