សម្តេច ហ៊ុន សែន​​លើក​​​ចំណុច​​គន្លឹះ​​មួយចំនួន​​ក្នុង​កិច្ច​ប្រជុំ​​អាស៊ាន​​និង​​អាមេរិក​​

17-02-2016 11:50 am 1661

​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង អាស៊ាន និង​សហរដ្ឋអាមេរិក ក្រោម​ប្រធានបទ​ការ លើកកម្ពស់ ការឆ្នៃប្រឌិត​ថ្មី​និង​សហគ្រិនភាព​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​កំពូល នោះ​ថា​ជិត​៤០ ឆ្នាំ​កន្លង​មក​ហើយ​ដែល​អាស៊ាន​និង​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការរួម​គ្នា​ក្នុង​ភាព ជា​ដៃគូ​ដើម្បី​លើកកម្ពស់​សន្តិភាព ស្ថិរភាព​ទាំង​នៅក្នុង​តំបន់​អាស៊ី​ក៏ដូចជា​នៅលើ ពិភពលោក​ទាំងមូល​។​

 

​បើ​តាម​សម្តេច ហ៊ុន សែន កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​សហរដ្ឋអាមេរិក នៅពេល​នេះ​នឹង​ចូលរួម​ផ្តល់​នូវ​វិភាគទាន​ដ៏​សំខាន់​បំផុត ដល់​ការពង្រឹង​និង​លើកកម្ពស់​ថែម ទៀត​នូវ​កិច្ចសហប្រតិបត្តិការ របស់​យើង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។​

 

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​រូបនេះ បាន​បន្តថា អាស៊ាន​សហរដ្ឋអាមេរិក​បាន​ប្តេជ្ញា​ធ្វើការ​រួម គ្នា​ដើម្បី​កសាង​សហគមន៍ អាស៊ាន​មួយ​ដែល​រឹងមាំ​មាន​ស្ថេរភាព​ជិតស្និទ្ធ ផ្នែក​នយោបាយ មាន​សមាហរណ​កម្ម​​សេដ្ឋកិច្ច មាន​ការទទួលខុសត្រូវ ខាង​សេដ្ឋកិច្ច និង​ផ្តោត​លើ​ប្រជាជន​។ ហើយ​ដើម្បី​លើកកម្ពស់ ការឆ្នៃប្រឌិត​ថ្មី​និង​សហគ្រិនភាព​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន សម្តេច ហ៊ុន សែន​បាន​ផ្តល់​នូវ​ចំណុច​គន្លឹះ​សំខាន់ៗ មួយចំនួន​ក្នុងនោះ​រួមមាន ការពង្រឹង​ការ ចែករំលែក​ព័ត៌ មាន​និង​បណ្តាញ​ទំនាក់ទំនង​ដើម្បី​ជំរុញ​គំនិត​ច្នៃប្រឌិត​ថ្មីៗ និង ភាព​ប៉ិនប្រសប់​នៅក្នុង​ស្ថាប័ន ឧត្តមសិក្សា​និង​ក្នុង វិស័យ​​ពាណិជ្ជកម្ម​។

 

​ការ​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការផ្ទេរ​បច្ចេកវិទ្យា ការ​សម្រប​ទៅនឹង​ការផ្លាស់ប្តូរ និង ការគាំទ្រ​តាមរយៈ​​គោល​នយោ​បាយ​​​​ផ្សេងៗ​​សម្រាប់​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​សហគ្រាស​។ ការផ្តោត​ការ​យក​​ចិត្តទុកដាក់​លើ​ការ អភិវឌ្ឍ​កិច្ចការ​ស្រាវជ្រាវ​និង​ការបង្កើត សួន​បច្ចេកវិទ្យា​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ​រួម​គ្នា​រវាង​រដ្ឋាភិបាល និង សាជីវកម្ម អាស៊ាន និង​សហរដ្ឋអាមេរិក ។

 

ការពង្រឹង​ការតភ្ជាប់​រវាង​បណ្តាញ​ស្រាវជ្រាវ និង អភិវឌ្ឍន៍​រវាង​អាស៊ាន និង សហរដ្ឋអាមេរិក តាមរយៈ​រដ្ឋាភិបាល ក្រុមហ៊ុន និង សកល​វិទ្យាល័យ​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា សុខាភិបាល​និង​វេជ្ជ​សា​ស្ត្រ​​​ជាដើម​និង​ការ បង្កើត​កម្ម​វិធី​ជំរុញ​ការចូលរួម​របស់​អាស៊ាន​ក្នុង​បណ្តាញ​ផលិតកម្ម និង ក្នុង​ខ្សែសង្វាក់​តម្លៃ​តំបន់​និង សកល​រួមបញ្ចូល​ទាំង​ការរួម​គ្នា​ទាក់ទាញ​ក្រុមហ៊ុន​នាំមុខ ក្នុង​វិស័យ​បច្ចេកវិទ្យា​ឱ្យ​មក​វិនិយោគ​នៅ​

 

​គួរបញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូចនេះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ​នៅ សហរដ្ឋអាមេរិក ក្រោម​ប្រធានបទ ការលើក​កម្ពស់ ​ការឆ្នៃប្រឌិត​ថ្មី​និង​សហគ្រិនភាព​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ កុម្ភៈ  កិច្ចប្រជុំ​កំពូល ពិសេស​អាស៊ាន​សហរដ្ឋ​អាមេរិក​និង​បន្ត​ការពិភាក្សា​គ្នា​ជា​បន្ត ទៅ​ទៀត​ទាក់​ទិន​​ទៅនឹង​បញ្ហា​តំបន់​និង​អន្តរជាតិ ដែល មាន​ការយកចិត្តទុកដាក់​ដូចគ្នា​៕

(ដោយ៖គួន សំបូរ)
 


ព័ត៌មានផ្សេងទៀត