ចិន​បញ្ជូន​​មី​ស៊ី​ល​​ទៅ​សមុទ្រ​​ចិន​ខាងត្បូង​​ចំពេល​​អាមេរិក​​បើក​កិច្ច​ប្រជុំ​អាស៊ាន​​

17-02-2016 11:05 am 2073
រូបភាពនៅសមុទ្រចិនខាងត្បូង

ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ចាប់ផ្ដើម​ពុះកញ្ជ្រោល​ទៀតហើយ ចំ​ពេល​ពី​លោក​អូ​បា​ម៉ា​និយាយ​រឿង​សមុទ្រ​ចិន​ខាងត្បូង ក្នុង​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន​កាលពី​ថ្ងៃ​ទី​១៦កុម្ភៈ​នៅ​រដ្ឋ​California​។ នៅពេលនេះ រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​មី​ស៊ី​ល​កម្រិត​ខ្ពស់​ទៅ​ប្រជុំ​កោះ​សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព​ចេញពី​អន្តរជាតិ​បាន​បង្ហាញថា មី​ស៊ី​ល​របស់​ចិន​ចាប់ផ្ដើម​ដាក់នៅ​ដល់​កោះ​Woody​ទាមទារ​ដោយ​តៃវ៉ាន់ និង​វៀតណាម​និង​កោះ​Paracel​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​Fox News​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​មន្ទីរ​បញ្ជ​កោណ​លោក​Bill Urban​បាន​និយាយថា លោក​មិន​អាច​ធ្វើការ​អត្ថាធិប្បាយ​ឡើយ​។

​បើ​តាម​មន្ត្រី​អាមេរិក​បាន​អះអាង​ថា ការបញ្ជូន​មី​ស៊ី​ល​របស់​ចិន​ទៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​បញ្ជាក់​យ៉ាងច្បាស់​ថា​ចិន កំពុង​គំរាមកំហែង​ទៅ​ដល់​ប្រទេស​ជិតខាង​ខ្លួន​ហើយ រួម​ទាំង​អាមេរិក​ផងដែរ​។ មន្ត្រី​អាមេរិក​បាន​អះអាងថា នៅ​ចុង​សប្ដាហ៍​នេះ ចិន​បាន​កសាង​មូលដ្ឋាន​ឧទ្ធម្ភាគចក្រ​ស្ថិត​នៅ​កោះ​Paracel​។ ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​អំពាវនាវ​ឱ្យ​អ្នក​ទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទាំងអស់​ត្រូវតែ​បញ្ឈប់​ការសាងសង់​មូលដ្ឋាន​យោធា​អាកាស ដើម្បី​យក​ជា​កម្មសិទ្ធិ​ខ្លួន​។​


​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦​កុម្ភៈ លោក​ប្រធានាធិបតី​អាមេរិក​លោក​អូ​បា​ម៉ា​និង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ពិភាក្សា​គ្នា​នៅ​រដ្ឋ​California ស្ដី​ពី​ការបន្ធូរបន្ថយ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ មេដឹកនាំ​អាស៊ាន​បាន​អះអាង​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គួរតែ​ដោះស្រាយ​ដោយ​សន្តិវិធី​និង​តាម​ផ្លូវច្បាប់​។ ប៉ុន្តែ​លោក​អូ​បា​ម៉ា បាន​ប្រាប់​នៅក្នុង​សន្និសីទ​ការ​សែត​ថា មេដឹកនាំ​នៅ​ក្នុង​តំបន់​អាស៊ាន​បាន​ប្ដេជ្ញាចិត្ត​រួបរួមគ្នា​ហើយ ក្នុង​ការប្រើ​ច្បាប់​តាម​បទដ្ឋាន​ដើម្បី​ដោះស្រាយ​បញ្ហា ហើយ​ជាពិសេស​នោះ ជាតិ​សាសន៍​នៅក្នុង​តំបន់​អាស៊ាន ក៏​ត្រូវតែ​លើកកម្ពស់​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មេដឹកនាំ​អាស៊ាន បាន​ប្តេជ្ញាចិត្ត ក្នុង​ការរក្សា​សន្តិភាព​សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​ដើម្បី​ធានា​សន្តិសុខ​និង​សុវត្ថិភាព​តាម​សមុទ្រ​។​


​លោក​អូ​បា​ម៉ា​អះអាង​ដែរ​ថា នៅតាម​សមុទ្រ​ចិន​ខាងត្បូង ភាគី​នៅ​ប្រទេស​តំបន់​អាស៊ាន​មាន​សិទ្ធិ​ក្នុង​ការធ្វើ​នាវាចរណ៍​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​។ ការធ្វើ​នាវាចរណ៍​នៅតាម​សមុទ្រ គ្មាន​ច្បាប់​ណា​ចែង​ឱ្យ​រារាំង​នោះឡើយ​។ លោក​អូ​បា​ម៉ា​ថា អាមេរិក​នឹង​នៅតែ​បន្ត​ហោះហើរ​និង​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​បន្តទៀត​។ ​កន្លង​មក​ចិន​បាន​អះអាង​ហើយ​ថា នៅ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងស្រុង​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ នៅ​សមុទ្រ​ចិន​ខាងត្បូង ចិន​មាន​ជម្លោះ​ជាមួយ ម៉ាឡេស៊ី តៃវ៉ាន់ ព្រុយ​ណេ ហ្វីលីពីន និង​វៀតណាម​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត