លោក​ហ៊ុន ម៉ា​នី ​ជួប​អាជ្ញាធរ​ជាតិ​​អប្សរា​​ពិភាក្សា​​ពី​​ព្រឹត្តិការណ៍​​អង្គរ​​សង្ក្រាន្ត​​ឆ្នាំ​២០១៦​

16-02-2016 8:40 pm 1739

​រសៀល​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​នេះ អាជ្ញាធរ​ជាតិ​អប្សរា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ជួប​ពិភាក្សា​គ្នា​ស្តីពី​ការងារ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​វក អដ្ឋស័ក ពុទ្ធ​សករាជ​២៥៥៩ ឈានចូល​២៥៦០​។ ជំនួប​ពិភាក្សា​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ខេត្តសៀមរាប​។​


​មិន​ខុស​ពី​ឆ្នាំមុន ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​នឹង​រៀបចំ​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នៅ​រមណីយដ្ឋាន​អង្គរ ដែល​ជា​ដួងព្រលឹង​ជាតិខ្មែរ​។ យោង​តាម​បទ​បង្ហាញ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ឆ្នាំ​នេះ​នឹង​មាន​រៀបចំ​ជា​២៤​កម្មវិធី​ធំៗ ដូចជា ពិធី​សាសនា កម្មវិធី​ភូមិ​ខ្ញុំ និម្មិត​ភូមិ របាំ​ប្រពៃណី​បុរាណ កម្មវិធី​ល្បែង​ប្រជាប្រិយ គុន​ល្បុក្កតោ ពិព័រណ៍​សិប្បកម្ម និង​វត្ថុ​អនុស្សាវរីយ៍​ជាដើម​។ អ្វី​ដែល​ថ្មី​សម្រាប់​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ​មាន​ដូចជា ការសម្តែង​ល្ខោនបាសាក់​រឿង​នាង​ទិព្វ​សង្វា​រ កម្មវិធី​វិចិត្រក​រឯក ដែល​តាំងពិព័រណ៍​រូប​គំនូរ ដើម្បី​ប្រកួតប្រជែង​ជា         លក្ខណៈ​មិត្តភាព និង​សួន​កុមារ​ជា​ដើម​។


​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានបញ្ជាក់​ថា កម្មវិធី​អង្គរ​សង្ក្រាន្ត​ដែល​បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​មក​នេះ ពិតណាស់ គឺ​បាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​គឺ​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក​ហ៊ុន ម៉ា​នី បន្ថែមថា “​គោលបំណង​សំខាន់​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​គឺ ស្នាមញញឹម និង​ស្មារតី​រួបរួម​នៃ​មហា​គ្រួសារ​ខ្មែរ​។ ដូច្នេះហើយ យើង​ពិតជា​ត្រូវការ​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើយ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​ដោយ​ភាព      សប្បាយរីករាយ​ផង ឆ្លុះបញ្ចាំង​អំពី​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ដូនតា​ខ្មែរ​ផង​”​។


​ជា​ការឆ្លើយតប លោក ស៊ុំ ម៉ាប់ បាន​លើកឡើង​ថា “​អាជ្ញាធរ​ជាតិ​អប្សរា​រីករាយ​នឹង​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ ព្រោះនេះ​ជា​ព្រឹត្តិការណ៍​មាន​លក្ខណៈ​វប្បធម៌​និង​ប្រពៃណី ដែល​ស្រប​នឹង​គោលការណ៍​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា គឺ​អភិរក្ស​ដើម្បី​អភិវឌ្ឍ និង​អភិវឌ្ឍ​ដើម្បី​អភិរក្ស​។ ម្យ៉ាងវិញទៀត​នោះ ព្រឹត្តិការណ៍​នេះ នឹង​ជំរុញ​ឲ្យ​កិត្តិសព្ទ​របស់​អង្គរ​កាន់តែ​ល្បីល្បាញ ដែល​នេះ​ជា​យុទ្ធសាស្ត្រ​យ៉ាងសំខាន់ ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​”​។


​លោក ស៊ុំ ម៉ាប់ ក៏​បាន​ជម្រាបជូន​អង្គប្រជុំ អំពី​ការត្រៀមខ្លួន​រួចជាស្រេច​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដូចជា បាន​បង្កើត​ក្រុមការងារ​ដើម្បី​សហការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទាំងមូល ទទួល​បន្ទុក​រ៉ាប់រង​ទាំងស្រុង​ក្នុង​ការរៀបចំ​កម្មវិធី​និមិ្មត​ភូមិ រៀបចំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដោយ​បាន​ជួសជុល​ផ្លូវ​កៅស៊ូ​ពីមុខ​ប្រាសាទអង្គរវត្ត​ដល់​ប្រាសាទ​បាយ័ន រៀបចំ​ទីលាន​ចំណត​ថ្មី​នៅមុខ​ប្រាសាទ​អង្គរវត្ត​និង​ផ្លូវ​វាង​នៅមុខ​ប្រាសាទអង្គរវត្ត​ពី​ស្នងការ​នគរបាល​ការពារ​បេតិកភណ្ឌ​ដល់​ត្រពាំង​សេះ ការដាំ​ស្មៅ​នៅ​មុខ​ព្រះ​លានជល់ដំរី កាត់​ក្រី​មែកឈើ​បង្ការ​គ្រោះថ្នាក់ បន្ថែម​ធុងសំរាម​តាម​ទីកន្លែង​នានា​ក្នុង​បរិវេណ​ព្រឹត្តិការណ៍ និង​ប្រាង្គ​ប្រាសាទ ព្រមទាំង​បាន​ធ្វើ​ការទាក់ទង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ ទន្ទឹមនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ស្នើសុំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​បញ្ជ្រាប​ការយល់ដឹង​ឲ្យបាន​កាន់តែ​ទូលំទូលាយ អំពី​ក្រម​ប្រតិបត្តិ​អង្គរ ជូន​ដល់​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដែល​នឹង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នាពេលនោះ​៕ (​ប្រភព​អត្ថបទ​៖ គេហទំព័រ​អាជ្ញាធរ​ជាតិ​អប្សា​រា​)


(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត