ក្រុម​បាតុករ​​ខ្មែរ​​នៅ​អាមេរិក​ ​រៀបចំ​​បាតុកម្ម​​ប្រឆាំង​នឹង​​សម្ដេច​​ហ៊ុន សែន​​

16-02-2016 1:01 pm 1765

​ក្រុមបាតុករ​ខ្មែរ​-​អាមេរិកកាំង ជាច្រើន​រយ​នាក់ បាន​រៀបចំ​បាតុកម្ម​ប្រឆាំងនឹង​សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្រោយពេល​ដែល​ចាកចេញ ពី​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន នា​ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ នេះ​។ នេះ​បើ​យោង​តាម​ឃ្លីប​វីដេអូ​ដែល​បង្ហោះ លើក​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក របស់ សារព័ត៌មាន VOA​។

 

​លោក​ទូច វិបុល ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកកាំង និង​ជា​អ្នករៀបចំ​បាតុកម្ម​នេះ បាន​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ដែល​មក​ធ្វើ​បាតុកម្ម​នេះ​គឺ​ត្រូវការ សេរីភាព សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​ចង់ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក​ទូច វិបុល បានបញ្ជាក់​ថា គោលបំណង​ដែល​លោក​ប្រធានាធិបតី​អាមេរិក ប៉ា​រ៉ាក់ អូ​បា​ម៉ា បាន​អញ្ជើញ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មក​ជួប​ប្រជុំ គឺ​ផ្ដោត​ទៅលើ​ការដោះដូរ ផ្នែក​ពាណិជ្ជកម្ម ប៉ុន្ដែ​ឥឡូវនេះ​កិច្ចប្រជុំ​បាន​សង្កត់ធ្ងន់ លើ​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន​វិញ​ម្ដង​។

 

​សំឡេង​លោក​វិបុល​៖

 

​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកកាំង​រូបនេះ​បាន​បញ្ជាក់បន្ថែម​ថា ក្នុង​មាន​លោក​ជា​ជនជាតិ​ខ្មែរ​មួយ​រូប លោក​បាន​ធ្វើ​ការអំពាវនាវ​ដល់​លោក​អូ​បា​ម៉ា​ថា  រាល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោះដូរ​ជាមួយ​កម្ពុជា​ត្រូវតែ​យក​បញ្ហា​សិទ្ធិមនុស្ស​មក​ដាក់​លើ​តុ ព្រមទាំង​សើរ​រើ​រឿងរ៉ាវ​រំលោភ​សិទ្ធិមនុស្ស​ដែល​មិនទាន់​បាន​ដោះស្រាយ​មក​និយាយ​ជាមួយ​សម្ដេច​ហ៊ុន សែន ថា​តើ​សម្ដេច​ហ៊ុន សែន នឹង​ហ៊ាន​ប្រឈមមុខ​ជាមួយ​តុលាការ​អន្តរជាតិ​ដែរឬទេ​?

 

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា លោក​មិន​ចាប់អារម្មណ៍​នឹង​ការធ្វើ​បាតុកម្ម​នេះ​ទេ ព្រោះ​នេះ​គឺជា​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា មិនមែន​មាន​តែ​បាតុកម្ម​ពលរដ្ឋ​កម្ពុជា​ទេ​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល សូម្បី​តែ​ពលរដ្ឋ​ផ្សេងៗ​ទៀត​ដូចជា​ពលរដ្ឋ​វៀតណាម ពលរដ្ឋ​ភូមា ក៏​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​គេ​ដូចគ្នា​ដែរ​។

 

សំឡេង​លោក សុខ ឥសាន​៖

 

​សូមជម្រាបថា​ថ្លែង​ក្នុងពេល​កំពុង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ពលរដ្ឋ​ខ្មែរ​រស់នៅ​អាមេរិក​ជាង ៥០០​នាក់ នៅក្នុង​រដ្ឋ California សម្តេច ហ៊ុន សែន បាន​លើកឡើង​ថា សម្តេច​នឹង​ចុះ​ជួប​ជាមួយ​ក្រុម​បាតុករ​សួរ​នាំ​ពួកគេ ប្រសិនបើ​អ្នកបើករថយន្ត​របស់​អាមេរិក បើក​កាត់​កន្លែង ដែល​បាតុករ​នាំគ្នា​ធ្វើ​បាតុកម្ម​។​

 

យ៉ាងណា​ក្តី​នៅ​ចុងបញ្ចប់​នៃ​ពិធី​សំណេះសំណាល សម្តេច ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ នៅ​សហរដ្ឋអាមេរិក​ទាំងអស់ ចេះ​រួបរួម​គ្នា កុំ​ឈ្លោះ​គ្នា កុំ​ប្រកាន់​បក្សនយោបាយ​។ ដោយ​សម្តេច​សារភាពថា យើង​នៅ​ខ្មែរ​ឈ្លោះ​គ្នា​ហើយ មក​ដល់​អាមេរិក​ឈ្លោះ​គ្នា​ទៀត ល្មម​គ្រប់គ្រាន់​ហើយ ព្រោះ​តែ​យើង​បែកបាក់​ហ្នឹងហើយ បានជា​យើង​បាត់បង់​ទឹកដី​ពី​ធំ​មក​តូច​វិញ​យ៉ាង​ដូច្នេះ​៕ (​ដោយ​៖ ចេ​ន សុជាតា​)

 

ព័ត៌មានផ្សេងទៀត