អាមេរិក​ជឿជាក់​ចិន​​នឹង​គាំទ្រ​​ទណ្ឌកម្ម​ថ្មី​​ដែល​ដាក់​​លើ​​​​កូរ៉េខាងជើង

16-02-2016 12:07 pm 1752

​ទីប្រឹក្សា​កំពូល​របស់​លោក​ប្រធានាធិបតី​អាមេរិក អ្នកស្រី Susan Rice​បាន​និយាយ​នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ​អ្នកស្រី​រំពឹងថា ទីក្រុង​ប៉េកាំង​នឹង​គាំទ្រ​ទណ្ឌកម្ម​ថ្មី​ដែល​សហគមន៍​អន្តរជាតិ​ដាក់​លើ​ប្រទេស​កូរ៉េខាងជើង​។ ទណ្ឌកម្ម​ថ្មី​នេះ​ធ្វើឡើង​ដើម្បី ឆ្លើយតប​នឹង​ការបាញ់​មី​ស៊ី​ល​ផ្គើន​នឹង​ការព្រមាន​របស់​អន្តរជាតិ​។ អ្នកស្រី Susan Rice​បាន​ថ្លែងថា ចិន​ប្រហែល​មិន​ចង់​ឃើញ​ក្រសែភ្នែក​សហគមន៍​អន្តរជាតិ សម្លឹង​ឃើញ​ចិន​ការពារ​ប្រទេស​កូរ៉េខាងជើង ដែល​បាន​ប្រព្រឹត្ត​អា​កប្ប​កិរិយា​មិនល្អ​នោះទេ ។ អ្នកស្រី​សង្ឃឹមថា ទីក្រុង​ប៉េកាំង​នឹង​ស្ថិត​នៅលើ​ផ្លូវ​រួមគ្នា​ជាមួយ​អន្តរជាតិ ដើម្បី​ធ្វើ​ការងារ​ដ៏​មាន​សារសំខាន់ និង​ដើម្បី​ឆ្ពោះ​ទៅរក​ការបញ្ចប់​ឲ្យបាន​នូវ​សកម្មភាព​ដ៏​គ្រោះថ្នាក់​របស់​ទីក្រុង​ព្យុងយ៉ាង​។​

 

​ចិន​គឺ​ជា​សម​មិត្ត​ជិតស្និទ្ធ​របស់​កូរ៉េខាងជើង​។ ចិន​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មួយ ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ចំនួន​៥​ប្រទេស តែងតែ​នៅ​ខាង​កូរ៉េ​ខាងជើង​នៅ​ពេល​អន្តរជាតិ ប្រើប្រាស់​វិធានការ​ក្តៅ ដើម្បី​បង្ក្រាប​លើ​កំហុសឆ្គង​របស់​ប្រទេស​មួយ​នេះ​។ ជា​ការកត់សំគាល់ កន្លងមក​ធ្លាប់​មាន​ការបោះឆ្នោត ដើម្បី​នាំ​កូរ៉េខាងជើង​ឡើងទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ  ពាក់ព័ន្ធ​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស នៅក្រោម​ការដឹកនាំ​រប​ស់លោក​គីម ជុង​អ៊ុន​។ ប៉ុន្តែ​ការ​នោះ​បាន​បរាជ័យ​ក៏​ដោយសារ​មាន​ចំណែក​ចិន​ចូលរួម​មិន​បោះឆ្នោត​គាំទ្រ​ដែរ​។​

 

​សូមបញ្ជាក់​ថា បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដោយ​បាន​ពិភាក្សា​ពី​​វិធានការ ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​កាន់​របប​ផ្តាច់ការ​មួយ​នេះ​។ ក្រៅ​ប្រកាស​ថ្កោលទោស​ខ្លាំងៗ​លើ​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​ហើយ ក្រុមប្រឹក្សា​សន្តិ​​សុខ​អង្គការសហប្រជាជាតិ ក៏​បាន​និ​យាយ​​ថា​នឹងដាក់​ទណ្ឌ​ថ្មី​លើ​ប្រទេស​កូរ៉េខាងជើង​។ ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃ​ប្រជុំ​បិទទ្វារ​នោះមក ក្រុមប្រឹក្សា​អន្តរជាតិ​មួយ​នេះ មិន​ទាន់​ប្រកាស​អំពី​ប្រភេទ​ទណ្ឌកម្ម ដើម្បី​ដាក់​លើ​ប្រទេស​កូរ៉េខាងជើង​នៅ​ឡើយ​​ទេ​៕ (​ដោយ​៖​អ៊ុន ​សុខ​ឡា​)

ព័ត៌មានផ្សេងទៀត