ប៉ូលីស​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​មនុស្ស​ជាង​៣០​នាក់​ជាប់​ពាក់ព័ន្ធ​​នឹង​ក្រុម​​អ៊ីស្លាម​​ISIS​

16-02-2016 11:36 am 1008

កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ ប៉ូលីស​ឥណ្ឌូនេស៊ី​បាន​ខ្លួន​មនុស្ស​ចំនួន​៣៣​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​អ៊ីស្លាម​IS ដែល​គ្រោង​វាយប្រហារ​នៅ​ព្រលាន​យន្តហោះ​ឥណ្ឌូនេស៊ី និង​គោលដៅ​មួយ​ចំនួន​ផ្សេង​ទៀត ជាពិសេស​នៅ​ទីស្នាក់ការ​កណ្ដាល​ប៉ូលីស ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប្រធាន​ប៉ូលីស​ជាតិ​ឥណ្ឌូនេស៊ី​លោក​Badrodin Haiti​។ លោក​Badrodin Haiti​បានបញ្ជាក់​ថា មនុស្ស​៣៣​នាក់ ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​ចាប់ខ្លួន ហើយ​ការចាប់ខ្លួន​នេះ កើតឡើង​បន្ទាប់ពី​មាន​ការវាយប្រហារ​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែ​មុន បណ្ដាលឱ្យ​មនុស្ស​៤​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​៤​នាក់​ផ្សេង​ទៀត​បាន​ចាប់ពង្រត់​។​


​លោក​Badrodin Haiti​ថា ចាប់ពី​ពេលនេះ​តទៅ ប៉ូលីស​ឥណ្ឌូនេស៊ី​ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិ​ទូទាំង​ប្រទេស​បង្ក្រាប ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹងក្រុម​អ៊ីស្លាម​ISIS​។ លោក​ថា ក្នុង​ចំណោម​មនុស្ស ៣៣​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​អ៊ីស្លាម​IS ក្នុងនោះ​១៧​នាក់​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ការវាយប្រហារ​នៅ​ទីក្រុង​ហ្សា​កាតា​កាលពី​ខែ​មុន ចំណែក​មនុស្ស​១៦​នាក់​ផ្សេង​ទៀត​ជា​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​។ លោក​បាន​អះអាង​ថា មនុស្ស​នៅក្នុង​ក្រុម​នេះ គ្រោង​ប្រើ​គ្រាប់បែក​ក្នុង​រថយន្ត​ដើម្បី​វាយប្រហារ​ប៉ូលីស​នៅ​ផ្លូវ​ពាណិជ្ជកម្ម​សំខាន់ៗ ក្នុង​ទីក្រុង​ហ្សា​កាតា​។​


​យ៉ាងណាក៏ដោយ លោក​Haiti​បញ្ជាក់បន្ថែម​ថា ការវាយប្រហារ​ភេរវកម្ម​នឹង​នៅតែ​កើតមាន​នៅពេល​អនាគត ដោយសារ​មាន​ក្រុម​ផ្សេងៗ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ជាប់​ពាក់ព័ន្ធ​នឹង​លោក​Bahrun Naim នៅក្នុង​ប្រទេស​ស៊ី​រី​។ លោក​Bahrun Naim​ដើរតួនាទី​ក្នុង​ការលើកទឹកចិត្ត​ក្រុម​ផ្សេងៗ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ឱ្យ​បើក​ការវាយប្រហារ​នៅ​ឥណ្ឌូនេស៊ី​។ លោក​Bahrun Naim​នឹង​ផ្ញើរ​ប្រាប់​មួយចំនួន​ទៅ​មនុស្ស​ម្នាក់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ឱ្យ​ត្រៀមខ្លួន​ធ្វើ​សកម្មភាព​ភេរវកម្ម​។​


​គួរបញ្ជាក់​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ ប៉ូលីស​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​មនុស្ស​ជា​បន្តបន្ទាប់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹងក្រុម​ជ្រុលនិយម​អ៊ីស្លាម​IS​។ ប្រជាជន​ឥណ្ឌូនេស៊ី​កាន់សាសនា​មូស្លីម​ច្រើន​ជាង​គេ​បំផុត​នៅ​ទូទាំង​ពិភពលោក​។ ឥណ្ឌូនេស៊ីរ​ង​ការវាយប្រហារ​ធំៗ នៅ​ចន្លោះ​ឆ្នាំ​២០០០-២០០៩ និង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​កោះ​បាលី​កាលពី​ឆ្នាំ​២០០២​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ជាង​២០២​នាក់​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត