សម្តេចហ៊ុន​ សែន​ចំអក​ឲ្យ​សមាជិក​ព្រឹទ្ឋ​សភា​អាមេរិក​ដែល​ដាក់​លិខិត​សម្តែង​ការ​ព្រួយបារម្ភ​ពីសិទ្ឋិមនុស្ស

15-02-2016 3:50 pm 3165

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឆ្លើយតបបែបចំអកទៅដល់សមាជិកព្រឹទ្ឋសភារបស់​សហ​រដ្ឋអាមេរិកដែល​បានផ្ញើលិខិតមួយច្បាប់ជូនសម្តេចកាលពីពេលកន្លងទៅថា«អ្នកឯងមានសិទ្ឋិផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំក៏មានសិទ្ឋិអត់ទទួលសំបុត្ររបស់អ្នកឯងដែរ»។ការថ្លែងចំអករបស់សម្តេចបែបនេះធ្វើឡើងក្នុង​ឱកាស​ដែលសម្តេចកំពុងជួបសំណេះសំណាលជាមួយពល រដ្ឋខ្មែរអាមេរិកកាំង ក្នុងរដ្ឋកាលីហ្វរញ៉ា នាព្រឹកថ្ងៃទី១៥ កុម្ភ:នេះ។

 

សម្តេចបានលើកឡើងថាកុំថាឡើយលិខិតរបស់សមាជិកព្រឹទ្ឋសភាសហរដ្ឋអាមេរិក សូម្បីតែលិខិតរបស់លោក​អូបាម៉ា ក៏សម្តេចមិនទទួលដែរ បើលិខិតនោះជាលិខិតដែលជេរសម្តេច។ប៉ុន្តែសម្តេចបញ្ជាក់ថាក្នុងឋាន:​ជា​ប្រធានាធិបតី លោកអូបាម៉ានឹងមិនធ្វើរឿងដូច្នេះទេ…

 

ប្រសាសន៍សម្តេចហ៊ុន សែន៖

 

សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែកុម្ភៈសមាជិក​ព្រឹទ្ធសភា​​សហរដ្ឋអាមេរិក ចំនួន៧រូប បានផ្ញើលិខិតមួយច្បាប់​មក​កាន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈអ៊ីម៉ែលទៅកាន់ក្រសួងការបរទេសកម្ពុជា តែលិខិត​នោះ ត្រូវបានក្រសួងការបរទេសកម្ពុជា ផ្ញើត្រឡប់ទៅវិញ ដោយសំអាងថា គ្មានសារៈប្រយោជន៍ក្នុងការ​បើក​មើលនោះទេ។

 

សូមជំរាបថាសមាជិក​ព្រឹទ្ធសភា​​សហរដ្ឋអាមេរិកចំនួន៧រូប​បានសរសេរ​លិខិតមួយច្បាប់ទៅកាន់សម្តេច ហ៊ុន សែន ដោយ​សម្តែងនូវការព្រួយបារម្ភ អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ហើយអំពាវនាវឱ្យ រដ្ឋាភិបាលបើកផ្លូវ​ដល់តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិទាំងអស់ អាចដើរតួនាទីរបស់ខ្លួនតាមបែបប្រជាធិបតេយ្យ ដោយមិន​ទទួលរងនូវការបំ​ភិតបំភ័យ ឬគម្រាមកំហែងឡើយ។

 

ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃទីស្តីការគណ:រដ្ឋមន្រ្តីធ្លាប់​បាន​ចាត់ទុក លិខិតរបស់ព្រឹទ្ធសភាអាមេរិក ផ្ញើជូនសម្តេច ហ៊ុន សែនថា គ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះ មិនបានឆ្លុះបញ្ចាំង ពីព្រឹទ្ធសភាអាមេរិកទាំងមូលនោះទេ៕(ដោយខាត់ សុធី)

 

ព័ត៌មានផ្សេងទៀត