សម្តេច ហ៊ុន សែន​ជួបសហគមន៍ខ្មែរអាមេរិកមុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក​

15-02-2016 10:36 am 1489

មួយថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសំណេះសំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ប្រមាណជាង៥០០នាក់នៅវេលាម៉ោង ៤:៣០​នាទីរសៀលថ្ងៃទី១៤ កុម្ភៈ នេះ(ម៉ោងនៅសហរដ្ឋអាមេរិក)នៅរដ្ឋ California ជា ទីដែលសម្តេច កំពុង​បំពេញបេសកកម្មចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក។

 

ដោយឡែកយោងតាម Facebook របស់សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ កុម្ភ:នេះ បានឲ្យដឹងថា សម្តេចពិតជាមានសេចក្តីរីករាយដោយបងប្អូនជនរួមជាតិ កម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក​មក​រង់ចាំទទួលសម្តេចដល់សណ្ឋាគារដែលសម្តេចស្នាក់នៅ។ សម្តេចបញ្ជាក់ ថាបានធ្វើដំណើរមកដល់ទី​កន្លែងដែលត្រូវប្រជុំនៅម៉ោង១រសៀល(ម៉ោងនៅអាមេរិកនៃរដ្ឋ California ត្រូវនឹងម៉ោង៤ទៀបភ្លឺម៉ោង​នៅកម្ពុជា)។ហើយសម្តេចឲ្យដឹងដែរថា ដំណើរមកកាន់សហរដ្ឋអាមេរិកលើកនេះទោះជួបការលំបាក​បន្តិចដោយត្រូវប្តូរជើងយន្តហោះរហូត៣ដងនិងមិនបានសម្រាកគ្រប់គ្រាន់យ៉ាងក្តី តែសម្តេចនៅតែ​សប្បាយចិត្តដោយបានតំណាងឱ្យកម្ពុជាចូលរួមក្នុងក្រប​ខ័ណ្ឌអាស៊ានធ្វើការប្រជុំពិសេស​ជាមួយ​សហរដ្ឋអាមេរិក។

 

សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១៥-១៦ កុម្ភៈនេះ៕(ដោយ៖ខាត់ សុធី)

 

ព័ត៌មានផ្សេងទៀត