អាមេរិក​-​ជប៉ុន​-​កូរ៉េខាងត្បូង​នឹង​បើក​កិច្ច​ពិភាក្សា​​ពី​ការដាក់​ប្រព័ន្ធ​​ការពារ​​មី​ស៊ី​ល​​នៅ​ឧបទ្វីប​កូរ៉េ​​

10-02-2016 4:33 pm 1370
ប្រព័ន្ធការពារមីស៊ីល​របស់អាមេរិក

កិច្ចប្រជុំ​រវាង​អាមេរិក​-​ជប៉ុន​-​កូរ៉េខាងត្បូង​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​នេះ នៅ​រដ្ឋ​ហា​វ៉ៃ​។ កិច្ចពិភាក្សា​នេះ នឹង​ផ្ដោត​សំខាន់​ពាក់ព័ន្ធ​នឹង​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​។ ម្យ៉ាងទៀត នឹង​ពិភាក្សា​ទៅ​លើ​ការដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​(THAAD)​នៅលើ​ឧបទ្វីប​កូរ៉េ ឆ្លើយតប​នឹង​កូរ៉េខាងជើង​បាញ់​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប​កាលពី​ថ្មីៗ​នេះ​។ ក្នុង​កិច្ចប្រជុំ​ដដែល នឹង​មាន​វត្តមាន​យោធា​ជាន់ខ្ពស់​កូរ៉េខាងត្បូង កងកម្លាំង​ការពារ​ជាតិ​ជប៉ុន និង​មន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក​ទៀត​ផង​។


​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​លោក​Peter Cook​បាន​និយាយ​នៅក្នុង​សន្នីសីទ​កាសែត​ថា គោលដៅ​នៃ​ការបើក​កិច្ចពិភាក្សា​នេះ​ឡើង ដើម្បី​ស្វែងរក​ការសាកល្បង​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​(THAAD)​នៅ​កូរ៉េ​ខាងត្បូង​។ លោក​Peter Cook​សង្កត់ធ្ងន់​ថា ការពិភាក្សា​នេះ​នឹង​មាន​ការប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​ការពា​រ​កូរ៉េខាងត្បូង​ទៀត​។​


​ការបើក​កិច្ចពិភាក្សា​នេះ ក៏​បាន​ធ្វើឱ្យ​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង កើតទុក្ខ​មិន​សុខចិត្ត ដោយ​អះអាង​ថា ខ្លួន​ព្រួយបារម្ភ​យ៉ាងខ្លាំង ទៅ​លើ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នៅ​លើ​ឧបទ្វីប​កូរ៉េ​។ រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា ការដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ នឹង​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​ផុយស្រួយ​នៅ​តំបន់​អាស៊ី​ភាគ​ឦសាន​។ ផុយស្រួយ​នោះ គឺ​កូរ៉េខាងជើង​នឹង​ប្រតិកម្ម​តប​វិញ​ទៅ​វិញ ហើយ​អាច​បាញ់​មី​ស៊ី​ល​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ផង​។​


​កាលពី​ថ្ងៃ​ទី​០៨​កុម្ភៈ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​Shinzo Abe​បាន​បញ្ជាក់​ជា​ថ្មី​ថា ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នឹង​ត្រូវ​ចាត់​វិធានការ​ដោយ​ម៉ឺងម៉ាត់​។ វិធានការ​ម៉ឺងម៉ាត់​នោះ ដូច​ជា​ការ​ការពង្រឹង​ទណ្ឌកម្ម​ទៅលើ​ទីក្រុង​ព្យុងយ៉ាង​បន្ថែម​។ យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ហើយ​ដាក់​ទណ្ឌកម្ម​បន្ថែម ទៅ​កូរ៉េខាងជើង​ហើយ កាលពី​ថ្ងៃ​ទី​០៧​កុម្ភៈ​។


​បើតាម សមាជិក​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​បានបញ្ជាក់​ថា កូរ៉េ​ខាងជើង​មាន​ចេតនា​រំលោភបំពាន​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សសន្តិសុខ​​អង្គការសហប្រជាជាតិ​ក្នុង​ការអភិវឌ្ឍ​មី​ស៊ី​ល​របស់ខ្លួន​។ គួរបញ្ជាក់ថា កូរ៉េ​ខាងជើង​បាន​ធ្វើកា​រ​សាកល្បង​មី​ស៊ី​ល​៤​ដង​មក​ហើយ ក្នុងនោះ​នៅ​ឆ្នាំ​២០០៦, ២០០៩, ២០១៣ និង​ថ្ងៃ​ទី​០៦​មករា ឆ្នាំ​២០១៦​នេះ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត