គណ​បក្ស​ប្រជាជន ​និង​គណបក្ស​​សង្គ្រោះ​​ជាតិ​​កំពុង​យក​​“​បាតុកម្ម​”​​ធ្វើ​ចំណាត់​​ខ្មាំង​គំរាម​គ្នា​​

09-02-2016 4:31 pm 2651

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្រមាន​ថា ប្រសិនបើ​គណបក្ស​ប្រឆាំង នៅ​ពីក្រោយ​បាតុករ​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​អាមេរិក​នោះ នៅក្នុង​ប្រទេស​កម្ពុជា ក៏​នឹង​អាច​មាន ​បាតុកម្ម​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ផងដែរ​។ ជា​ការឆ្លើយតប​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​គោល​ការរៀបចំ​បាតុកម្ម​នោះទេ​។

 

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ត បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ធ្វើ​បាតុក​កម្ម អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​សិទ្ធិ​ធ្វើបាតុកម្ម​តប​វិញ​ផងដែរ​។ លោក​សុខ ឥ​សាន្ត បាន​ព្រមាន​ថា ប្រសិនបើជា គណបក្សប្រឆាំង គាំទ្រ​នៅ​ពីក្រោយ​ខ្នង បាតុករ​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​អាមេរិក  នៅក្នុង​ប្រទេស​កម្ពុជា ក៏​នឹង​អាចមាន បាតុកម្ម​ប្រឆាំង​វិញ​ផង​ដែរ​។ លោក​សុខ ឥ​សាន្ត​បញ្ជាក់​ចំណុច​នេះ​ថា ព្រោះនេះ​ជា​សិទ្ធិ​បុគ្គល​!

​សំឡេង លោក សុខ ឥ​សាន្ត​៖

 

​ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​គោលការណ៍ រៀបចំ​បាតុកម្ម​នោះទេ ហើយ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បញ្ជាក់ថា ជា​លក្ខណៈ​ទូទៅ​គ្មាន​ការធ្វើ​បាតុកម្ម ទាំង​ក្នុង និង​ក្រៅប្រទេស​ឡើយ​។​

 

​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ក្រោយ​ជំនួប​រវាង ឯកឧត្តម កឹម សុខ និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​ថា ចំពោះ​ការធ្វើ​បាតុ​កម្ម គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ មិនមាន​ទេ​តែ​ជា​សិទ្ធិ​បុគ្គល​។ លោក​យ៉ែម បុញ្ញ​ឬ​ទ្ធិថា យើង​មាន​ការសោកស្តាយ ដោយសារ​មាន​ការចែក​មិន​ដាច់​ថា អ្វី​ទៅជា​ស្ថាប័ន​? អ្វី​ជា​គោលការណ៍​? ហើយ​អ្វី​ទៅ​ជា​បុគ្គល​?

​សំឡេង​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ​៖

 

​សូមបញ្ជាក់​ថា ការព្រមាន​បាតុកម្ម​តប​វិញ​របស់ គណបក្ស​ប្រជាជន​កម្ពុជា​នេះ បាន​ធ្វើឡើង​ក្រោយ​មាន​ព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​ថា នៅពេល​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូល​រួម​​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក នៅ​ទីក្រុង Sunnylands រដ្ឋ California ស​.​រ​.​អា​. នៅ​អំឡុង​ពាក់កណ្តាល​ខែ​កុម្ភៈ​នេះ ជនជាតិ​ខ្មែរ​នៅ​ស​.​រ​.​អា​. គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សម្តេច ជា​បាតុកម្ម​ដែល​គេ​សង្ស័យថា មាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពីក្រោយ​៕

(ដោយ៖គួន សំបូរ)


ព័ត៌មានផ្សេងទៀត