អាមេរិក​-​ថៃ​​ចាប់ផ្ដើម​​ធ្វើ​សមយុទ្ធ​​យោធា​​ទ្រង់ទ្រាយ​ធំ​​ក្រោយ​ពី​​កូរ៉េខាង​ជើង​​បាញ់​​មី​ស៊ី​ល​​

09-02-2016 4:01 pm 1465
យោធាថៃ(នៅខាងឆ្វេង) និងយោធាអាមេរិក(នៅខាងស្ដំា)​

រហូតមកដល់​ពេលនេះ ទំនាក់ទំនង​សន្តិសុខ​រវាង​ថៃ​-​អាមេរិក​បាន​ឃ្លាតឆ្ងាយ​បន្តិចៗ​ម្ដង​ហើយ ចាប់តាំងពី​យោធា​ថៃ​ធ្វើ​រដ្ឋប្រហារ​តាំងពី​ឆ្នាំ​២០១៤​។ កន្លងមក អាមេរិក​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ រដ្ឋាភិបាល​ថៃ​វិល​ត្រលប់​ទៅរក​ការគ្រប់គ្រង​បែប​លទ្ធិប្រជាធិបតេយ្យ​វិញ ប៉ុន្តែ​ថៃ​មិន​បាន​អនុវត្ត​តាម​សហរដ្ឋ​អាមេរិក​ឡើយ​។ យ៉ាងណាក៏ដោយ ការធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រវាង​អាមេរិក​-​ថៃ​នៅ​តែ​កើត​មាន​ដដែល​។


​ជាក់ស្ដែង​នៅ​ថ្ងៃទី​០៩​កុម្ភៈ ឆ្នាំ​២០១៦ ថៃ​-​អាមេរិក​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​ពហុភាគី​ធំ​ជាងគេ​បង្អស់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​សមយុទ្ធ​នេះ​មាន​វត្តមាន​២៧​ប្រទេស​ចូលរួម​ផងដែរ​។ ការធ្វើ​សមយុទ្ធ​យោធា​ពហុភាគី​នេះ ធ្វើឡើង​ចំ​ពេល​មាន​ភាព​តានតឹង ក្រោយ​ពី​កូរ៉េខាងជើង​បាញ់​រ៉ុក​ក្កែ​ត​កាលពី​ពេល​ថ្មីៗ​នេះ​។ សមយុទ្ធ​យោធា​ពហុភាគី​ឈ្មោះ Cobra Gold ប្រារព្ធ​ឡើង​នៅក្នុង​ប្រទេស​ថៃ​។ ថៃ​បាន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក​អស់​ជាង​៣​ទសវត្សរ៍​ហើយ រហូតមកដល់​ពេលនេះ​។


​បើ​តាម​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ថៃ​លោក​Glyn Davies​បាន​ប្រាប់​អ្នកកាសែត​ថា កាលពី​ឆ្នាំ​២០១៥ ការធ្វើ​សមយុទ្ធ​រវាង​ថៃ​និង​អាមេរិក​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដោយ​មាន​វត្តមាន​យោធា​របស់​អាមេរិក​ជាច្រើន​នាក់​ចូលរួម​។ ចំណែក​នៅ​ឆ្នាំ​២០១៦​នេះ ការធ្វើ​សមយុទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​បាន​កាត់បន្ថយ​ជាង​មុន​ហើយ ដោយសារ​អាមេរិកបារម្ភ​ពី​ការ​វិវត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ថៃ​។ លោក​និយាយ​ទៀត​ថា ចំណែក​ទំនាក់ទំនង​ការទូត​វិញ​មិន​រង់ចាំ​ជាមួយ​ថៃ​ឡើយ​ បើសិនថៃមិនប្ដូររបបគ្រប់គ្រង​។​


​ជាមួយគ្នានេះ អ្នកនាំពាក្យ​យោធា​របស់​សហរដ្ឋអាមេរិក​បាន​អះអាង​ដែរ​ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​កងទ័ព​៣៦០០​នាក់ សម្រាប់​ធ្វើ​សមយុទ្ធ​។ ចំនួន​កងទ័ព​នេះ បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន គឺ​មាន​ចំនួន​ដូចគ្នា​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់​អ្នកនាំពាក្យ​យោធា​។ អ្នកនាំពាក្យ​យោធា​សហរដ្ឋអាមេរិក​ថា ទោះបី​អាមេរិក​និង​ថៃ​នៅ​តែ​ធ្វើ​សមយុទ្ធ​ជាមួយគ្នា​ក៏ដោយ ប៉ុន្តែ​ទំនាក់ទំនង​សន្តិសុខ​និង​កា​ទូត​លែង​ដូច​មុន​ទៀត​ហើយ​។​យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី​ថៃ​លោក​Prayuth Chan-ocha​បាន​បញ្ជាក់​កាលពី​ខែ​មុន​ថា ប្រទេស​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​ជា​សាកល​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៧​ខាងមុខ​៕(​ដោយ​៖​លាង ធីតា​)


ព័ត៌មានផ្សេងទៀត