អាមេរិក​បណ្តុះបណ្តាល​​ទ័ព​អាហ្វ្រិក​​ដើម្បី​​ត្រៀម​ប្រយុទ្ធ​​ប្រឆាំង​​អំពើ​​ភេរវកម្ម​

09-02-2016 11:18 am 1192

​សមយុទ្ធ​ប្រចាំឆ្នាំ មានឈ្មោះ​ថា​Flintlock​នៅ​ឆ្នាំ​២០១៦​នេះ មាន​ការចូលរួម​ពី​កងទ័ព​ចំនួន​១៧០០​នាក់​ភាគច្រើន​ជា​កងទ័ព​អាហ្វ្រិក​។ វគ្គ​បណ្តុះបណ្តាល​ដែល​ធ្វើឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព ក្នុង​គោលបំណង​ប្រឆាំង​សកម្មភាព​ភេរវកម្ម​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ការដឹកនាំ​ដោយ​អាមេរិក នៅ​ប្រទេស​Senegal​ស្ថិត​នៅ​អាហ្វ្រិក​ខាងលិច​។ នៅក្នុង​នោះ ប្រទេស​លោកខាងលិច​ដូចជា​បារាំង និង​អាល្លឺម៉ង់ ​ស្ថិត​ក្នុងចំណោម​ប្រទេស​ជាង​៣០​ទៀត ​ក៏​បាន​ចូលរួម​ផង​ដែរ​។ កម្មវិធី​បណ្តុះបណ្តាល​ប្រចាំឆ្នាំ​Flintlock បាន​ចាប់ផ្តើម​ធ្វើឡើង​ចំ​ពេល​មាន​សញ្ញា​ភេរវកម្ម​កើនឡើង ដែល​មាន​ការសហការ​គ្នា រវាង​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​នៅ​អាហ្វ្រិក​ខាងជើង និង​ក្រុម​សកម្មប្រយុទ្ធ​នៅ​តំបន់​Sahel​។​

សមយុទ្ធ​ប្រចាំឆ្នាំ​Flintlock បាន​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​០៨​កុម្ភៈ ពោល​គឺ​មួយ​សប្តាហ៍​បន្ទាប់ពី​មាន​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​នៃ​ប្រទេស​Burkina Faso បណ្តាលឲ្យ​មនុស្ស​ចំនួន​៣០​នាក់​បាន​ស្លាប់​។ ការ​វាយប្រហារ​នេះ ត្រូវបាន​ក្រុម​សកម្ម​ប្រយុទ្ធ​Al Qaeda​ប្រកាស​ទទួលខុសត្រូវ​។ ក្រុម​សកម្មប្រយុទ្ធ បាន​បើក​ការវាយប្រហារ​លើ​សណ្ឋាគា​រ​មួយ ដែល​ប្រមូលផ្តុំ​ដោយ​ជនបរទេស​ស្នាក់​នៅ​ផង​ដែរ​។ ព្រឹត្តិការណ៍​នេះ​បានបង្ហាញ​ថា ក្រុម​សកម្មប្រយុទ្ធ​បាន​ពង្រីក​ភាពរឹងមាំ​របស់​ពួកគេ​កាន់តែខ្លាំង​ឡើង​។ ដោយឡែក​ថ្មីៗ​នេះ អ្នក​អង្កេត​ការណ៍​នៅ​លី​ប៊ី បាន​អះអាង​ថា មេបញ្ជាការ​ជាន់ខ្ពស់​គ្រះៗ របស់​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម បាន​ផ្លាស់ប្តូ​ការតាំង​ទី​លំនៅ​របស់​ពួកគេ ពី​អ៊ីរ៉ាក់​និង​ស៊ី​រី​ទៅកាន់​ប្រទេស​លី​ប៊ី​ទៀត ដែល​បង្ក​ឲ្យមាន​ការព្រួយបារម្ភ​ខ្លាំង ពី​ការគំរាមកំហែង​ភេរវកម្ម​នៅ​អាហ្វ្រិក​។ នេះ​បើ​តាម​ការអះ​អាង​​ពី​មេបញ្ជាការ​អាមេរិក​សម្រាប់​ប្រតិបត្តិការ​ពិសេស​ប្រចាំ​ទ្វីបអាហ្វ្រិក​លោក Donald Bolduc​។​

កម្មវិធី​បណ្តុះបណ្តាលកងទ័ព​បាន ចាប់ផ្តើម​ធ្វើ​តាំងពី​ឆ្នាំ​២០០៥​មក ហើយ​កម្មវិធី​នេះ​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​២៩​កុម្ភៈ​។ បន្ទាប់​ពី​សមយុទ្ធ​នៅ​អាហ្វ្រិក​ខាងលិច សមយុទ្ធ​ស្រដៀង​គ្នា​នេះ ក៏​នឹង​ធ្វើ​ផងដែរ នៅ​ប្រទេស​Mauritania ស្ថិត​នៅ​អាហ្វ្រិក​ខាងជើង​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត