ការបាញ់​​មី​ស៊ី​ល​​ផ្គើន​​របស់​​កូរ៉េ​​ខាងជើង​​អាច​ឲ្យ​​អាមេរិក​​ពង្រាយ​​ប្រព័ន្ធ​​ការពារ​​មី​ស៊ី​ល​​នៅ​អាស៊ី​

08-02-2016 4:04 pm 3034
ប្រព័ន្ធ​​ការពារ​មីស៊ីល​អាមេរិក​ដែលបាន​ប្រើប្រាស់​កន្លងមក​

ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​លើក​ក្រោយនេះ ទំនង​អាច​នឹង​ធ្វើឲ្យ​អាមេរិកដា​ក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅក្នុង​តំបន់​អាស៊ី​ហើយ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក​និង​អ្នកជំនាញ​។ កន្លងមក អាមេរិក​បាន​ដាក់ពង្រាយ​រួច​មកហើយ​នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ក្នុង​ទឹកដី​កូរ៉េ​ខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ដ​របស់​អា​មេ​រិក​។​ធ្វើបែបនេះ ដើម្បី​ការពារ​ក្រែងលោ​កូរ៉េខាងជើង បំពាន​លើ​កូរ៉េខាងត្បូង ព្រោះ​បងប្អូន​ទាំងពីរ​នេះ ពាក់មុខយក្ស​ដាក់គ្នា​តាំង​ពី​បញ្ចប់សង្គ្រាម​បែងចែក​ទឹកដី​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​។​


​សកម្មភាព​ធ្វើតេស្ដ​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ជា​ញយ​ដង អាមេរិក​ក៏​មិន​ពេញចិត្ដ​ដែរ ព្រោះ​កូរ៉េខាងជើង​នៅតែ​រឹងទទឹង បំពាន​ការហាមឃាត់​របស់​អង្គការសហប្រជាជាតិ​។​ដូច្នេះ​ដើម្បី​ការពារ​សម្ព័ន្ធមិត្ដ​អាមេរិក​នៅ​អាស៊ី ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទាំងនេះ​អាច​នឹង​មាន​វត្ដ​មាន​បន្ថែម​ក្រៅពី​នៅ​ទឹកដី​កូរ៉េខាងត្បូង​។​ទីក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ស្វែងរក​ការធានា​ពី​សម្ព័ន្ធមិត្ដ​របស់​ខ្លួន​មួយ​ទៀត​គឺ​ជប៉ុន ដើម្បីឲ្យ​ទទួលយកប្រ​ព័ន្ធការ​ពារ​មី​ស៊ី​ល​សម្រាប់​ការពារ​ប្រទេស​។


​អាមេរិក​ចង់ឲ្យ​ប្រើ​ប្រព័ន្ធ​ការពារមី​ស៊ីល​របស់​ខ្លួន ក៏​ដោយសារ​អាមេរិក​ចង់​បង្ហាញ​ពី​សមត្ថភាព​សព្វាវុធ​ដែរ ព្រោះ​បើ​កូរ៉េខាងជើង​ហ៊ាន​ធ្វើតេស្ដ​មី​ស៊ី​ល​ម្ដង​ជា​ពីរដង បានន័យថា​កូរ៉េខាងជើង​ចង់បង្ហាញ​អានុភាព​មី​ស៊ី​ល​របស់គេ​។​នរណា​មិន​ល្បី​ពី​កូរ៉េខាងជើង​រឿង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។ កូរ៉េ​ខាងជើង​ក៏​គំរាម​អាមេរិក​ច្រើនលើក​ច្រើនសារ​មកហើយ បើសិន​អាមេរិក​នៅ​តែ​លូក​ដៃ​រឿង​ផ្ទៃក្នុង​លើ​ឧបទ្វីប​កូរ៉េ​ទៀត មី​ស៊ី​ល​កូរ៉េខាងជើង​អាច​បាញ់​ឆ្លង​ទ្វីប​ដល់​ទឹកដី​អាមេរិក​មិន​ខាន​។


​ដោយឡែក​អាមេរិក​វិញ ទោះ​មិន​បាន​បង្ហាញ​ពី​ការ​ធ្វើ​តេស្ដ​សព្វាវុធ​ដូច​កូរ៉េខាងជើង ប៉ុន្ដែ​អា​មេរិក៏​មាន​សព្វាវុធ​មិនចាញ់​កូរ៉េខាងជើង​ដែរ​។​ហេតុនេះ ខ្លាច​អី​ដែល​ត្រូវ​ប្រើ​ប្រព័ន្ធ​ការពារ​មី​ស៊ី​លបាញ់​កម្ទេច​មី​ស៊ី​ល​កូរ៉េខាងជើង ឲ្យតែ​ប្រទេស​នៅ​តំបន់​អាស៊ី​យល់ព្រម​នោះ​។ សូមបញ្ជាក់​ថា ភាព​ប្រទាញប្រទង់​ទាក់ទង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង បាន​កើតឡើង​មិន​អស់​មិន​ហើយ​ទេ​។ អន្ដរជាតិ​ពិសេស​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បាន​ហាមឃាត់​មិនឲ្យ​កូរ៉េខាងជើង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ប៉ុន្ដែ​កូរ៉េខាងជើង​មិន​ខ្វល់ និង​ឆ្លើយ​ទៅ​វិញ​ធ្វើ​ព្រងើយ​ថា​ខ្លួន​មាន​សិទ្ធិ​។ រហូតមកដល់​ពេលនេះ មិនទាន់មាន​វិធានការ​ណាមួយ អាច​ទប់ស្កាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​បាន​នៅឡើយ​ទេ​៕​​ដោយ​៖​ពេញ ផេង​


ព័ត៌មានផ្សេងទៀត