លោកសួន សេរីរដ្ឋា៖ពូជអ្នកនយោបាយដែលក្បត់ជាតិ នៅតែក្បត់ជាតិ មិនចេះកែប្រែគំនិតទេ

07-02-2016 5:27 pm 4770

ប្រធានគណបក្សអំណាចខ្មែរលោកសួន សេរីរដ្ឋាបានបង្ហោះសារនយោបាយដោយចោទគណបក្ស​​ប្រឆាំងថាធ្វើនយោបាយដើម្បីស៊ីឈ្នួលចាញ់ ហើយបង្គ្រប់កិច្ចឲ្យពួកផ្តាច់ការ។ហើយថែមទាំងបានលើកឡើងពីសន្តានពូជក្បត់ប្រជាជនថានៅតែក្បត់ដដែល ដែលការលើកឡើងនេះទំនងជាសំដៅដល់ឯកឧត្តមសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។

 

អ្នកនយោបាយ និងគណបក្សនយោបាយណា ដែលបន្តឃោសនាបោកប្រាស់ពលរដ្ឋឲ្យទៅបោះឆ្នោត ទាំងគ្មាន គ.ជ.ប ឯករាជ្យ ទាំងជនជាតិយួនឥតច្បាប់ មានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងទាំងពេលដែលពលរដ្ឋខ្មែរ រស់នៅនិងធ្វើការឯបរទេស មិនបានបោះឆ្នោតនោះ អ្នកនយោបាយនិងគណបក្សនោះ គឺជាក្រុមបង្គ្រប់កិច្ច ហើយធ្វើនយោបាយដើម្បីស៊ីឈ្នួលចាញ់ និងដើម្បីកំដរឆាកនយោបាយរបស់ពួកផ្តាច់ការប៉ុណ្ណោះ ។ នេះជាការលើកឡើងរបស់លោកសួន សេរីរដ្ឋា នៅលើបណ្តាញទំនាក់ទំនងសង្គមFacebook ផ្ទាល់ខ្លួនរបស់លោកនៅព្រឹកថ្ងៃទី៧ កុម្ភ:នេះ។

 

លោកសួន សេរីរដ្ឋាលើកឡើងទៀតថា តាំងពីឆ្នាំ ១៩៩៨ រហូតមកដល់ពេលនេះ ក្រុមអ្នកនយោបាយកាកសំណល់ពីឆ្នាំ ១៩៩៣ មិនដែលមានគំនិតនយោបាយ ជាដំណោះស្រាយ ដើម្បី រំដោះទុក្ខពលរដ្ឋ និងប្រទេសជាតិទេ ។លោកថា បើពួកក្រុមអ្នកនយោបាយកាកសំណល់ទាំងនេះ ចេះចង់ដោះស្រាយ រំដោះទុក្ខរបស់ពលរដ្ឋ និងប្រទេសជាតិមែននោះ មិនមែន ៥ អាណត្តិមកហើយ បញ្ហាដដែលៗកាន់តែហើមឡើងៗ ហើយកើតបញ្ហាថ្មីៗថែមទៀត លើពលរដ្ឋនិងជាតិដូចរាល់ថ្ងៃទេ ។

 

លោកសេរីរដ្ឋា បានបញ្ជាក់ចុងក្រោយថា៖«ពូជអ្នកនយោបាយដែលក្បត់ជាតិ និងក្បត់អ្នកគាំទ្រនោះ គឺនៅតែក្បត់ជាតិ និងក្បត់អ្នកគាំទ្ររហូត មិនដែលចេះកែគំនិតទេ »។ការលើកឡើងដូច្នេះរបស់លោកសេរីរដ្ឋា ទំនងជាចង់សំដៅលើឯកឧត្តមសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅឯបរទេស ពីព្រោះតែពីអតីតកាលកន្លងមកឳពុករបស់ឯកឧត្តមសម រង្ស៊ីគឺលោកសម សារី ត្រូវបានគេចោទថាក្បត់ជាតិ។

 

ទាក់ទងនឹងការលើកឡើងខាងលើនេះ វិទ្យុវាយោ មិនអាចសុំការឆ្លើយតបពីលោកយឹម សុវណ្ណ អ្នកនាំពាក្សគណបក្សសង្គ្រោះជាតិបានទេនៅរសៀលថ្ងៃទី០៧ កុម្ភ:នេះ៕(ដោយ៖ខាត់ សុធី)

 

ព័ត៌មានផ្សេងទៀត