ឯកឧត្តមសម រង្ស៊ី ទទូច​ជា​ថ្មី​មិនឲ្យ​មាន​បាតុកម្ម​ប្រឆាំង​សម្តេច​ហ៊ុន សែន​ជាដាច់ខាត

06-02-2016 3:24 pm 332

​ឯកឧត្តម​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ម្តងទៀត ដោយ​ស្នើ​ដល់​សកម្មជន​របស់​ខ្លួន មិន​ត្រូវ​ធ្វើ​បាតុកម្ម​ណា​មួយ ដើម្បី​ប្រឆាំង​ថ្នាក់ដឹកនាំ គណបក្សកាន់អំណាច ក្នុង​ដំណើ​រទស្ស​កិច្ច​នៅ​ក្រៅប្រទេស​ឡើយ​។

​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ប្រទេស​អាមេរិក កាលពី​ថ្ងៃ​ទី​០៥ កុម្ភៈ ឯកឧត្តម​សម រង្ស៊ី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ការធ្វើ​បាតុកម្ម​នៅ​ពេល​នេះ ធ្វើឱ្យ​ខូច​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​បើ​សិន​សមាជិក​ណា​នៅ​តែ​ធ្វើបាតុកម្ម គណបក្ស​មិន​ទទួលស្គាល់ ជា​សមាជិក​ខ្លួន​ឡើយ​។​

សំឡេង​ឯកឧត្តម សម រង្ស៊ី​

​ការស្នើ​សុំ​មិនឲ្យ​ធ្វើ​បាតុកម្ម​នៅ​ឯនាយ​សមុទ្រ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួងការបរទេស​ប្រកាស បានប្រកាសថា សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា សហរដ្ឋអាមេរិក រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥-១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក លោក​អូ​បា​ម៉ា​។​

កន្លងមក ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ប្រឆាំង ធ្លាប់បាន​អំពាវនាវ​ដល់​សកម្មជន អ្នកគាំទ្រ​របស់ខ្លួន មិន​ត្រូវ​ធ្វើ​បាតុកម្ម​ឡើយ​នាពេលនេះ ព្រោះ​មិនមែន​ជា​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​។ អ្វី​ដែល​សង្គ្រោះ​ជាតិ​ចង់បាន គឺ​ការបោះឆ្នោត​ដោយ ត្រឹមត្រូវ សេរី និង​យុត្តិធម៌​។

​ជាមួយគ្នានេះ  នៅ​ថ្ងៃ​ទី​២៥ មករា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តីជូនដំណឹង​ថា គណបក្ស​ពុំមាន​គោលការណ៍ ឬ​ផែនការឲ្យ​សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​អាមេរិក នា​ខែ​កុម្ភៈ​ខាង​មុខ​ទេ​។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋ​លី​ហ្វ័​រ​ញ៉ា ភាគខាងត្បូង សហរដ្ឋអាមេរិក ក៏​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ខ្លួន​មិន​មាន​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច​ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ខែ​កុម្ភៈ​នោះដែរ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការប្រកាស​ឈប់​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នេះ ត្រូវបាន​លោក សុខ ឥសាន អ្នកនាំពាក្យ​គណក្ស​ប្រជាជន យល់ឃើញថា ជា​សិទ្ធ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង ក្នុង​ការសម្រេច​ដឹកនាំ​សកម្មជន និង​សមាជិក សមាជិកា ហើយ​ជា​ការដកពិសោធន៍​ផងដែរ ព្រោះ​ធ្វើ​កន្លងមក​មិន​បាន​ផល​ប្រយោជន៍ និង​នាំឲ្យ​មាន​ផលវិបាក់​ផ្សេងៗ​ទៅ​ដល់​សកម្មជន និង​អ្នកគាំទ្រ​។

សំឡេង​លោក​សុខ ឥសាន​

​គួររម្លឹកថា សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​កាន់អំណាច ធ្លាប់បាន​ព្រមាន​ថា បើសិនជា​មាន​បាតុកម្ម​ប្រឆាំង​នាយករដ្ឋមន្ត្រី​ខ្មែរ នៅ​ក្រៅ​ប្រទេស​មែន​នោះ លទ្ធភាព​នៅក្នុង​ការធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​បក្សប្រឆាំង ក៏​អាច​នឹង​កើតមាន​នៅ​កម្ពុជា​ផងដែរ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត