វិបត្ដិ​ស៊ី​រី​៖​​អាមេរិក​ថា​​រុស្ស៊ី​​និង​ស៊ី​រី​​បំពាន​​លើ​ដំណោះស្រាយ​​របស់​UN

06-02-2016 3:16 pm 1023
រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក(ស្ដាំ)​​ពេលធ្វើ​សន្និសីទ​​កាសែត

​រដ្ឋមន្ដ្រីការបរទេស​របស់​អាមេរិក​លោក​John Kerry បាន​និយាយ​កាលពី​ថ្ងៃ​ទី​០៥​កុម្ភៈ​ថា រុស្ស៊ី​និង​ស៊ី​រី មិន​បាន​អនុលោម​តាម​ដំណោះស្រាយ​របស់​អង្ក​ការ​សហប្រជាជាតិ​ឡើយ ដែល​កំពុង​ដោះស្រាយ​លើ​ការផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​រងគ្រោះ និង​ការបញ្ចប់​សកម្មភាព​ទម្លាក់​គ្រាប់បែកលើ​ប្រជាជន​ស៊ីវិ​លទៀត​។ ថ្លែង​ក្នុង​ពេល​សន្និសីទកាសែត​ជាមួយ​ប្រធានាធិបតី​កូឡុំប៊ី លោក Kerry បន្ដ​ដូច្នេះ​ថា “​រឿង​នេះ​គឺ​ត្រូវតែ​បញ្ចប់​។ គ្មាន​នរណា​ម្នាក់​មាន​សំណួរ​លើ​បញ្ហា​នេះ​ឡើយ​។ វា​មិន​អាច​បញ្ចប់​បាន​ដោយ​គ្រាន់តែ​យើង​ត្អូញត្អែ​ពីអ្វី​ដែល​កើតឡើង​ទេ ហើយ​វា​ក៏​មិន​អាច​បញ្ចប់​បាន ដោយ​គ្រាន់តែ​ដើរ​ចេញពី​តុ​ចរចា​ដែរ​។​”


​លោក​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​រូប​នេះ​និយាយ​ទៀត​ថា នៅ​ថ្ងៃក្រោយ​ទៅ រឿងរ៉ាវ​ទាំងនេះ​នឹង​លាតត្រដាង​ថា ប្រជាជន​ត្រូវ​រងគ្រោះ​ធ្ងន់ធ្ងរ​ឬ​ក៏​មិន​ធ្ងន់ធ្ងរ​។ ប្រសិនបើ​វា​គ្រាន់តែ​ជា​ការពិភាក្សា ក្នុង​គោលបំណង​ដើម្បី​បន្ដ​ទម្លាក់​គ្រាប់បែក នោះ​នឹង​គ្មាន​នរណា​អាច​ទទួលយក​បាន​ឡើយ​។ យើង​នឹង​ដឹង​កាន់តែច្បាស់​នៅពេល​ខាងមុខ​។​


​ក្នុង​បុព្វហេតុ​ចង់​បញ្ចប់​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី កិច្ច​ពិភាក្សា​រវាង​ភាគី​ពាក់ព័ន្ធ​រួមជាមួយ​អ្នកសម្របសម្រួល បាន​ចាប់ផ្ដើម​ជា​លើក​ទី​បី​កាលពី​ដើម​សប្ដាហ៍​នេះ ចន្លោះ​ពេល​ដែល​ភាព​តានតឹង​កំពុងតែ​ត្រូវបាន​អន្ដរជាតិ​ចាប់អារម្មណ៍​។ បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ស៊ី​រី បាន​និយាយថា កិច្ចពិភាក្សា​ពី​ការបញ្ចប់​ជម្លោះ​ស៊ី​រី​នឹងត្រូវ​ចាប់ផ្ដើម​ជា​ថ្មី​មិន​ហួស​ពី​ថ្ងៃ​ទី​២៥​កុម្ភៈ​ទេ​។​


​មន្ដ្រី​ជាន់ខ្ពស់​អាមេរិក​និង​រុស្ស៊ី ក៏​ធ្លាប់បាន​ផ្ដល់​យោបល់​ថា​ត្រូវធ្វើ​យ៉ាងណា ដើម្បី​អនុវត្ដ​ឲ្យបាន​នូវ​កិច្ចព្រមព្រៀងឈ​ប់​បាញ់គ្នា​។ រដ្ឋមន្ដ្រីការបរទេស​អាមេរិក​និង​រដ្ឋមន្ដ្រី​ការបរទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​០៤​កុម្ភៈ បាន​យល់ព្រម​ជាមួយគ្នា​ដែរ​ថា នឹង​ចាប់ផ្ដើម​កិច្ច​ពិភាក្សា​បញ្ហា​ស៊ី​រី​ឲ្យបាន​ឆាប់​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​។ នេះ​បើ​តាម​ការសន្ទនា​អ្នក​ទាំង​ពីរ​តាម​ទូរស័ព្ទ​។​


​សូមបញ្ជាក់​ថា ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ប្រមាណ​ជា​៥​ឆ្នាំ​មកនេះ កំពុងតែ​ធ្វើឲ្យ​អន្ដរជាតិ ពិសេស​អង្គការសហប្រជាជាតិ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ព្រួយបារម្ភ​ដោយសារ​សង្គ្រាម​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​កាន់តែច្រើន ព្រមទាំង​បង្ក​ជាការ​ភៀសខ្លួន​ចេញពី​ប្រទេស​ថែម​ទៀត​។ អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​រងគ្រោះ​ខ្លះទៀត ត្រូវ​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន មិន​អាច​ទទួលបាន​ជំនួយ​មនុស្សធម៌​។ អញ្ចឹង​ហើយ ទើប​អង្គការសហប្រជាជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី រួម​ជាមួយ​ក្រុមប្រឆាំង​ស៊ី​រី​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ត្រូវ​ជួប​គ្នា​ដោះស្រាយ​បញ្ហា​ជាបន្ទាន់​៕​​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត