បាតុកម្ម​​នៅ​មុខ​ក្រុមហ៊ុន​​កា​ពី​តូ​ល​​ឈានដល់​​ការផ្ទុះ​​អំពើហិង្សា​​ទៀតហើយ​​

06-02-2016 1:05 pm 4113

អតីត​អ្នកបើកបរ​ក្រុមហ៊ុន​កា​ពី​តូ​ល​ទេសចរណ៍ ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន ត្រូវបាន​សមាជិកសមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ប្រើ​អំពើហិង្សា​វាយ​ស្ទាក់​មិនឱ្យ​ធ្វើ​បាតុកម្ម​ទាមទារ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក គង់ ទិ​ត្យ ជំនួយការ​របស់​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។​

 

​លោក​បាន​បន្តថា អតីត​បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល ដែល​តវ៉ា​ទាមទារ ត្រូវ​គេ​វាយ​បែក​ក្បាល​ពីរ​នាក់ របួសធ្ងន់​៣​នាក់ និង​បាក់ដៃ​ម្នាក់ រួម​ទាំង​មាន​អ្នករបួស​ផ្សេងទៀត​ដែល​បែក​មុខមាត់​។ លោក គង់ ទិត្យ​ថា អ្នករត់​កង់​បី​-​ម៉ូតូឌុប ​ប្រើ​អំពើហិង្សា​លើ​អតីត​បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល ស្លៀកពាក់​ឯកសណ្ឋាន​អាវខ្មៅ នឹង​មួក​ការពារ​ពណ៌​ខ្មៅ​។​

 

​សំឡេង​លោក​គង់ ទិ​ត្យ​៖

 

​លោក​គង់ ទិត្យ​បានបញ្ជាក់​ថា សមាជិក​សហជីព​ការងារ​ម្នាក់ ដែល​ឃ្លាំ​មើល​តាមដាន​សកម្មភាព​បាតុកម្ម​នេះ ត្រូវបាន​គេ​ចាប់ខ្លួន​។ ទន្ទឹម​នឹង​នេះ​សមត្ថកិច្ច បាន​បង្ក្រាប​តែ​ខាង​អតីត​អ្នកបើកបរ​ក្រុមហ៊ុន​កា​ពី​តូ​ល និង​សហភាព​ការងារ​កម្ពុជា តែ​ផ្ទុយទៅវិញ​មិន​មាន​ការបង្ក្រាប​ទៅលើ​ក្រុម​អ្នក​រត់​កង់​បី​-​ម៉ូតូឌុប​ដែល​ប្រើ​ហិង្សា​រារាំង​ឡើយ​។​

 

​សំឡេង​លោក​គង់ ទិ​ត្យ​៖

 

សូមបញ្ជាក់ថា​នៅ​ពេល​ថ្មីៗ​នេះ​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ដែល​មាន​អ្នក​រត់​កង់​បី​-​ម៉ូតូឌុប​ជា​សមាជិក​បាន​ចេញ​លិខិត​មួយ​ច្បាប់​អំពាវនាវ​លោក អាត់ ធន់ បញ្ឈប់​សកម្មភាព​គាំទ្រ​នៅ​ពីក្រោយ​អតីត​អ្នកបើក​រថយន្ត​ក្រុង ក្រុមហ៊ុន​កា​ពី​តូ​ល​។ ការអំពាវនាវ​បែបនេះ​ដោយសារ សមាគម​នេះ​យល់ថា ទង្វើ​បាតុកម្ម​កន្លងមក​បាន​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ការប្រកប​របរ របស់​អ្នក​រត់​កង់​បី​-​ម៉ូតូឌុប ចំនួន​១៥០​នាក់ ដែល​ជា​សមាជិក សមាគម ។ ប៉ុន្តែ​សំណើ​នេះ​ត្រូវបាន​លោក​អាត់ ធន់​បដិសេធ​៕(​ដោយ​៖​គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត