សម្តេច​ហ៊ុន សែន​អះអាងថា កម្ពុជា​មិន​ចាំបាច់​លួង​ប្រទេស​ចិន ព្រោះតែ​ស្និទ​នឹង​អាមេរិក​ទេ​

05-02-2016 4:31 pm 2450


​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែងថា នយោបាយ ការបរទេស​កម្ពុជា ឯករាជ្យ​ដោយ​មិន​ត្រូវការ​សុំ​យោបល់​ពី​ខាង​ណា​មួយ​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល​បាន​បន្តថា ខ្លួន​ធ្លាប់​មាន​​បទ​ពិសោធន៍​​ធ្វើ​​ជា​​រដ្ឋ​មន្ត្រី​​ការបរទេស​​តាំង​ពី​​អាយុ​​២៧​​ឆ្នាំ ដែល​​ពេល​នោះ​​អ្នក​វិភាគ​​មួយ​​ចំនួន ដែល​​តាំង​ខ្លួន​​ថា​​ឯករាជ្យ នៅ​​ក្មេង​​ដើរ​​ស្រាត​ខោ​​នៅ​ឡើយ​​។​


​សម្តេច​ហ៊ុន សែន​លើកឡើង​បែបនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​អ្នកវិភាគ​​មួយ​​ចំនួន​​ដែល​ថា រដ្ឋ​មន្ត្រី​ការបរទេស​​កម្ពុជា លោក​​ហោ ណាំ​ហុង​​ធ្វើ​ដំណើ​រ​ទស្ស​កិច្ច នៅ​​ប្រទេស​​ចិន នៅ​​ថ្ងៃ​​ទី​​០៣ កុម្ភៈ ព្រម​​ទាំង​គម្រោង​​ចូល​រួម​​ប្រជុំ​​អាស៊ាន​-​អាមេរិក របស់​​សម្តេច​​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​​សប្តាហ៍​​ក្រោយ​នេះ គឺ​​ដើម្បី​​លួង​​ចិត្ត​​ខ្លាច​​ចិន​​ខឹង ក្រោយ​ពេល​​កម្ពុជា ទទួល​​ស្វាគមន៍​​រាក់​ទាក់​​ជា​មួយ​​រដ្ឋមន្ត្រី​ការ​បរទេស​​អាមេរិក លោក​​ច​ន ឃែ​រី (John Kerry) ដែល​​បាន​​ធ្វើ​​ទស្ស​កិច្ច​​នៅ​​កម្ពុជា​​នា​​ពេល​​ថ្មី​ៗ​​នេះ​។​


​សំឡេងសម្តេច​ហ៊ុន សែន​៖


​សម្តេចនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា បើ​កម្ពុជា គ្មាន​នយោបាយ​ការបរទេស​ឯករាជ្យ​ទេ កម្ពុជា​មិន​អាច​ចេញផុត​ពី​អន្លង់​​គ្រោះ​ថ្នាក់ នៃ​ស្រមោល​អតីត​កាល​​ឡើយ​​។ ក្នុង​នាម​​ប្រទេស​​ឯក​រាជ្យ និង​​មាន​អធិប​តេយ្យភាព កម្ពុជា​​ត្រូវ​ការ​​ធ្វើ​​មិត្ត​​ទាំង​ពីរ គឺ​ទាំង​​អាមេរិក និង​​ចិន​។ គ្មាន​​ការ​​ចាំ​បាច់​​ដែល​​ត្រូវ​​ប្រាប់​ចិន​​ពី​​ទំនាក់​ទំនង កម្ពុជា​-​អាមេរិក ហើយ​​ក៏​​គ្មាន​​ហេតុ​ផល​​ត្រូវ​​ទៅ​​ប្រាប់​អាមេរិក​​ពី​​ទំនាក់​ទំនង កម្ពុជា​​-​ចិន ដែរ​​។​
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត