អាមេរិក​៖​​ចំនួន​​ក្រុម​IS​​បាន​ថយចុះ​​ហើយ​​តែ​កើន​ឡើង​​ការ​គំរាម​កំហែង​​

05-02-2016 3:57 pm 1621
សកម្មភាពរបស់ក្រុមជ្រុលនិយមអ៊ីស្លាម​

បើ​តាម​របាយការណ៍​ស៊ើប​ការណ៍​ថ្មី​របស់​សហរដ្ឋអាមេរិក​បានបញ្ជាក់​ថា ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ISបាន​ថយចុះ​ហើយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុនៗ​។ ជាក់ស្ដែង កាលពី​ឆ្នាំ​២០១៤ ក្រុម​អ៊ីស្លាម​IS​មាន​ចំនួន​ពី​២០​ម៉ឺន​នាក់​ដល់​៣១​ម៉ឺន​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចំនួន​ពី​១៩​ម៉ឺន​នាក់​ដល់​២៥​ម៉ឺន​នាក់ប៉ុណ្ណោះ​។ ចំនួន​នេះ បើ​បៀ​ប​ធៀប​កាលពី​ឆ្នាំមុន បាន​ធ្លាក់ចុះ​គួរសម​ដែរ​។ បើ​តាម​ក្រុម​មន្ត្រី​អាមេរិកអះអាងថា ក្រុម​រដ្ឋ​អ៊ីស្លាម​IS​ថយ​ចុះ​ប្រមាណ​២០%​។​


​អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​លោក​Josh Earnest​បាន​សង្កត់ធ្ងន់ថា ការគំរាមកំហែង​ពី​សំណាក់​ក្រុម​អ៊ីស្លាម​ISIS​មាន​ការកើនឡើង​គួរសម​ដែរ ប៉ុន្តែ​សក្ដានុពល​របស់​ពួកគេ​បាន​ធ្លាក់ចុះ​ហើយ​។ ការធ្លាក់ចុះ​របស់​ក្រុម​អ៊ីស្លាម​IS ដោយសារ​ពួកគេ​ស្លាប់ របួស​ធ្ងន់ធ្ងរ និង​រត់ចោលជួរ​ផងដែរ ក្រោយពី​ការវាយប្រហា​ររ​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក រួម​ទាំង​ការចូលរួម​ពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ និង​ក្រុម​កុលសម្ព័ន្ធ​ផ្សេងៗ​ទៀត​។ លោក​ថា ​​​​​​​​​​​​​​​​​​​​​​​​យុទ្ធនាការ​អាកាស​ប្រឆាំង​ក្រុម​អ៊ីស្លាម​IS​ដឹកនាំ​ដោយ​អាមេរិក​នេះ បាន​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​១​ម៉ឺន​ជើង​ហើយ មកដល់ពេលនេះ​។


​យ៉ាងណាក៏ដោយ នៅពេល​នេះ​សហគមន៍​អន្តរជាតិ​កំពុង​ចាប់ផ្ដើម​ធ្វើ​កិច្ចសហប្រតិបត្តិការ ដើម្បី​ទប់ស្កាត់​លំហូរ​យុទ្ធជន​បរទេស​ទៅ​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់​អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​។ បើ​តាម​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​លោក Emily Horne​បញ្ជាក់ថា ការធ្លាក់ចុះ​របស់​ក្រុម​ជ្រុលនិយម​អ៊ីស្លាម ដោយសារ​សកម្មភាព​វិន័យ​ផ្ទៃក្នុង​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ការ​កង្វះ​អ្នកចូលរួម​។


​ក្រុម​មនុស្ស​មួយចំនួន​នៅ​អាហ្វ្រិក​ខាងជើង​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ស៊ី​រី ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម តាមរយៈ​ការអំពាវនាវ​របស់​មេ​ដឹកនាំ​អ៊ីស្លាម​IS​។ លើសពីនេះទៅទៀត ពួកគេ​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​លី​ប៊ី ដែល​ជា​កន្លែង​អ៊ីស្លាម​និយម​កំពុង​ពង្រីក​ក្ដោប​ទឹក​ដី​នៅ​ទីនោះ​ដែរ​។


​សូមបញ្ជាក់​ថា របាយការណ៍​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញថា សាខា​របស់​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​IS មិន​មាន​វត្តមាន​នៅ​អាស៊ី​ខាងត្បូង​ឡើយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ មេដឹកនាំ​នៅ​តំបន់​អាស៊ី​ធ្លាប់​ប្ដេជ្ញា​ថា នឹង​ប្រឆាំង​អំពើ​ភេរវកម្ម​រួម​ទាំង​ប្រឆាំង​ក្រុម​ជ្រុលនិយម​អ៊ី​ស្លាម​ដែរ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត