កូរ៉េខាងត្បូង​​ពិភាក្សា​​ជាមួយ​​អាមេរិក​ ជប៉ុន អឺរ៉ុប អូស្ដ្រាលី​​ដើម្បី​​ដាក់ទណ្ឌកម្ម​​កូរ៉េខាងជើង​

05-02-2016 3:45 pm 1243
រូបភាពរដ្ឋមន្ដ្រីការបរទេសកូរ៉េខាងត្បូង(ឆ្វេង)ពេលចូលរួមកិច្ចប្រជុំកន្លងមក

​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងត្បូង​លោក​Yun Byung-se នៅ​ថ្ងៃ​ទី​០៥​កុម្ភៈ​នេះ បាន​ជួប​ជាមួយ​អគ្គរដ្ឋទូត​អាមេរិក អគ្គរដ្ឋទូត​ជប៉ុន សហភាព​អឺរ៉ុប និង​អូស្ដ្រាលី ដើម្បី​ពិភាក្សា​ពី​ការ​រឹតបន្ដឹង​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​។ កូរ៉េខាងជើង​ថ្មីៗ​នេះ ទើបតែ​បាន​ប្រកាសថា​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​គ្រាប់បែក​អ៊ីដ្រូសែន ដែល​ពិភពលោក​ថា​ជា​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​បួន​របស់​កូរ៉េខាងជើង​។​បន្ថែម​លើ​នេះ កូរ៉េ​ខាងជើង​បាន​ប្រកាស​ពី​ផែនការ​បាញ់​មី​ស៊ី​ល​ផ្កាយរ​ណ​របស់គេ​ផងដែរ​។​


​ដូច្នេះហើយ រដ្ឋមន្ដ្រីការបទេស​កូរ៉េខាងត្បូង​សម្រេច​បើក​កិច្ចប្រជុំ​ជាមួយ​អគ្គរដ្ឋទូត​ប៉ុន្មាន​ប្រទេស​ខាងលើ ដែល​ប្រចាំការ​នៅ​កូរ៉េ​ខាងត្បូង និយាយ​ពី​ទង្វើ​របស់​កូរ៉េខាងជើង​។ នេះ​បើ​តាម​ការឲ្យដឹង​នៅក្នុង​សេចក្ដីថ្លែងការ​ណ៍​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​។ មន្ដ្រីការទូត​ទាំងអស់ បាន​ពិភាក្សា​លើ​ការពង្រឹង​ទណ្ឌកម្ម​ជា​ឯកតោភាគី​រៀងៗ​ខ្លួន ប្រឆាំង​នឹង​កូរ៉េខាងជើង ក្រៅពី​ទណ្ឌកម្ម​ដែល​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​កំពុង​ពិភាក្សា​។​


​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា ប្រទេស​ចំនួន​បួន​បាន​ជំរុញ​ឲ្យមាន​ការរឹត​បន្ដឹង​ទណ្ឌកម្ម​លើ​ទីក្រុង​ព្យុងយ៉ាង ហើយ​ព្រឹទ្ធសភា​អាមេរិក គ្រោង​អនុម័ត​សេចក្ដីសម្រេច​មួយ ដើម្បី​បន្ថែម​ទណ្ឌកម្ម​ថ្មី​លើ​ទីក្រុង​ព្យុង​យ៉ាង​ឲ្យបាន​ឆាប់​។ លោក​Yun​និង​មន្ដ្រី​ការបរទេស​ផ្សេងទៀត បាន​ចែករំលែក​ជាមួយ​គ្នា​នូវ​គោលបំណង​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង ដើម្បី​ឆ្លើយតប​នឹង​អំពើ​ផ្គើន​កូរ៉េខាងជើង ដែល​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​បួន និង​ប្រកាស​ពី​ផែនកា​របាញ់​មី​ស៊ី​ល​ផ្កាយរណប មិន​ខ្វល់​ពី​ការហាមឃាត់​របស់​អង្គការសហប្រជាជាតិ​។​


​ពួកគេ​បាន​យល់ព្រម​រក្សា​កិច្ចសហប្រតិបត្ដិការ​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​អនុវត្ដ​គោលបំណង​រួម​លើ​ទីក្រុង​ព្យុង​យ៉ាង​។​ក្នុង​ពេល​ជួប​ពិភាក្សា​គ្នា មន្ដ្រីការទូត​ទាំងអស់​បាន​និយាយថា ក្នុងពេល​ដំណាលគ្នា ដែល​កូរ៉េខាងជើង​ចង់​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​ចង់​អភិវឌ្ឍ​សេដ្ឋកិច្ច នោះ​កូរ៉េខាងជើង​នឹង​មិន​អាច​ទទួល​ជោគជ័យ​ឡើយ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត