អាមេរិក​-​រុស្ស៊ី​ជំរុញ​​ឱ្យ​បន្ត​​កិច្ច​ប្រជុំ​​សន្តិភាព​​ស៊ី​រី​​ឡើងវិញ​​ក្រោយពី​​UN​ប្រកាស​ផ្អាក​​

05-02-2016 10:43 am 1345
ទិដ្ឋភាពនៅស៊ីរីក្នុងសង្គ្រាមស៊ីវិល

កាល​ពី​ថ្មីៗ​នេះ អង្គការសហប្រជាជាតិ​បានប្រកាស​ពន្យា​ពេល​កិច្ចប្រជុំ​សន្តិភាព​ប្រទេស​ស៊ី​រី រហូត​ដល់​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​។ ​ការផ្អាក​កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​កងកម្លាំង​របស់​ស៊ី​រី​អះអាងថា ខ្លួន​បាន​បញ្ចប់​ការឡោមព័ទ្ធ​របស់​ក្រុម​ឧទ្ទាម​ក្នុង​ខេត្ត​Aleppo​។ ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​លោក​de Mistura​អះអាងថា ការ​ពន្យា​ពេល​កិច្ចប្រជុំ​សន្តិភាព​ស៊ី​រី ក៏​មិនមែន​មានន័យថា កិច្ចប្រជុំ​នេះ មិនអាច​កើត​ឡើង​វិញ​ដែរ​។​


​គ្រាន់តែ​ប្រកាស​ពន្យា​ពេល​កិច្ចប្រជុំ​សន្តិភាព​នេះ​ភ្លាម រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​John Kerry​បាន​និយាយ​តាម​ទូរស័ព្ទ ហើយ​ព្រមព្រៀងគ្នា​ឱ្យ​មាន​ការបន្ត​កិច្ចពិភាក្សា​ស៊ី​រី ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​ឱ្យបាន​ឆាប់ៗ​។ លោក Sergei Lavrov និង​លោក​John Kerry​បាន​សម្ដែង​ការសោកស្តាយ ចំពោះ​អង្គការសហប្រជាជាតិ​ប្រកាស​ពន្យា​ពេល​កិច្ចប្រជុំ​សន្តិភាព​ស៊ី​រី​។


​អ្នកកា​ទូត​ទាំងពីរ ប្រកាសថា ខ្លួន​នឹង​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​ស៊ី​រី ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១១​កុម្ភៈ នៅ​ប្រទេស​អាល្លឺម៉ង់​។ កិច្ចប្រជុំ​អន្តរជាតិ​ស៊ី​រី នឹង​ត្រូវ​ពិភាក្សា​លើ​ចំណុច​សំខាន់​រួមមាន​៖ ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម ជម្លោះ​នៅ​អ៊ុ​យក្រែន វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប និង​ពិនិត្យ​ឡើងវិញ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៅក្នុង​ប្រទេស​ស៊ី​រី​។​


​អំឡុង​ពេល​និយាយ​ទូរស័ព្ទ លោក​Sergei Lavrov​បាន​សម្ដែង​ការព្រួយបារម្ភ​ចំពោះ សមាជិក​ក្រុមប្រឆាំង​មិន​ទទួលយក​លក្ខខណ្ឌ​ទៅលើ ដំណើរការ​ចរចា​ប្រកបដោយ​និរន្តរភាព​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​។ យ៉ាងណាក៏ដោយ លោក​Sergei Lavrov​និង​លោក​John Kerry​ជំរុញ​ឱ្យ​គ្រប់​ភាគី​ស៊ី​រី​ទាំងអស់ ត្រូវ​អត់ធ្មត់​ដើម្បី​រក្សា​សន្តិភាព​នៅ​ស៊ី​រី​។ បន្ថែម​លើ​នេះ អ្នកការទូត​២​រូបនេះ បាន​ព្រមព្រៀង​លើ​ការផ្ដល់​ជំនួយ​មនុស្សធម៌​នៅ​ស៊ី​រី ដោយ​ប្រើ​មធ្យោបាយ​ដឹកជញ្ជូន​តាម​យោធា​អាកាស​។​


​គួរបញ្ជាក់​ថា សង្គ្រាម​ស៊ីវិល​នៅ​ស៊ី​រី​បានអូសបន្លាយ​ជិត​៥​ឆ្នាំ​មកហើយ មកទល់ពេលនេះ​។ សង្គ្រាម​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ​២៥​ម៉ឺន​នាក់ និង​មនុស្ស​រាប់ពាន់​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មនុស្ស​រាប់លាន​នាក់​បាន​ភៀសខ្លួន​ទៅ​អឺរ៉ុប​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត