អាមេរិក​៖​​កិច្ចប្រជុំ​​រវាង​​លោក​​អូ​បា​ម៉ា​​ជាមួយ​​មេដឹកនាំ​​អាស៊ាន​​មិនមែន​​ប្រឆាំង​​​ចិន​ទេ​

04-02-2016 4:02 pm 1197
ប្រធានាធិបតី​អាមេរិកលោកបារ៉ាក់ អូបាម៉ា

​មន្ដ្រី​ក្រសួង​ការបរទេស​អាមេរិក​ម្នាក់​បាន​និយាយថា កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន ដែល​មាន​លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​ជា​ប្រធាន​នោះ មិនមែន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​ជាមួយ​ចិន​ឡើយ​។​កន្លងមក គ្រាន់តែ​មាន​ការប្រកាស​ពី​លោក​អូ​បា​ម៉ា​ថា នឹង​កោះ​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស ឲ្យទៅ​ចូលរួម​កិច្ចប្រជុំនៅអា​មេរិក​ក្នុង​ខែ​កុម្ភៈ​នេះ មាន​មតិ​លើកឡើង​ថា កិច្ចពិភាក្សា​ប្រាកដជា​ផ្ដោត​សំខាន់​លើ​បញ្ហា​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុងតែ​វាទទី​ស្ទើរ​ទាំងស្រុង​ក្នុង​ដែន​ជម្លោះ​មួយ​នេះ​។


​ប៉ុន្ដែ​ជា​ការឆ្លើយតប ជំនួយការ​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​នៅ​តំបន់​អាស៊ី​ខាងកើត​លោក Daniel Russel បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ពេល​ផ្ដល់​បទសម្ភាសន៍​ថា កិច្ចប្រជុំ​ដែល​គ្រោង​ធ្វើ មិនមែន​និយាយ​ពី​ចិន​ឡើយ គឺ​និយាយ​ពី​អាមេរិក​និង​អាស៊ាន​។ រដ្ឋាភិបាល​អាមេរិក បាន​ផ្ដោត​សំខាន់​លើ​ការគាំទ្រ និង​ជំរុញ​កិច្ចសហប្រតិបត្ដិការ​ជាមួយ​សមាគម​អាស៊ាន ហើយ​អាមេរិក​គ្មាន​គោលបំណង​ប្រឆាំង​ជាមួយ​ចិន​ទេ​។​


​លោក​Russel បាន​បន្ដថា នេះ​គឺជា​ចំណុច​ខ្ពស់​បំផុត​នៃ​ការវិនិយោគ​៧​ឆ្នាំ​បូក​ឆ្នាំនេះ ដែល​អាមេរិក​បាន​ធ្វើ​លើកដំបូង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏​ដូច​នៅក្នុង​តំបន់​អាស៊ាន​។ លោក​គិតថា វា​បាន​បង្ហាញ​ពី​តុល្យភាព​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​សមស្រប​មួយ នៃ​ការយកចិត្ដទុកដាក់​ពី​រដ្ឋាភិបាល​លោក​អូបា​ម៉ា ទៅលើ​តំបន់​អាស៊ី​តាំងពី​ឆ្នាំ​២០០៩​។​


​សូមបញ្ជាក់​ថា មូលហេតុ​ដែល​មាន​ការ​សន្និដ្ឋាន​ថា​កិច្ចប្រជុំ​រវាង​លោក​អូ​បា​ម៉ា​ជាមួយ​មេដឹកនាំ​អាស៊ាន​ទាំង​១០ ធ្វើឡើង​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ដោយសារតែ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន មាន​ជម្លោះ​ជាមួយ​ចិន​។ ក្នុងនោះ​មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយ​នេ​។ កន្លងមក​ក៏​មាន​ការ​ទទូច​ឲ្យ​សមាជិក​អាស៊ាន​ផ្សេងទៀត ជួយ​ដោះស្រាយ​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែរ ដោយ​អា​មេរិក៏​ចូលខ្លួន​មក​អន្ដរាគមន៍​ដូចគ្នា​។​ដូច្នេះហើយ ទើ​គេ​សន្និដ្ឋាន​ថា​កិច្ចប្រជុំ​ធ្វើឡើង ក្នុងន័យ​ពិភាក្សា​ពី​ជម្លោះ​ដ៏​រាំ​រ៉ៃ​រវាង​ចិន​ជាមួយ​ប្រទេស​គូ​ជម្លោះ​៕​​ដោយ​៖​ពេញ ផេង​


ព័ត៌មានផ្សេងទៀត