អាមេរិក​-​ហ្វីលីពីន​​ចុះ​តាមដាន​​សកម្មភាព​​រួម​គ្នា​​នៅ​សមុទ្រ​​ចិន​ខាងត្បូង​​ដោយ​​ចិន​​មិន​​ពេញចិត្ត​​

03-02-2016 5:15 pm 1386
រូបភាពនៅសមុទ្រចិនខាងត្បូង

រឿងរ៉ាវ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​ជម្លោះ​ដ៏​រុំា​រៃ ហើយ​ចិន​នៅ​តែ​ទាមទារ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​នៅពេល​នេះ អាមេរិក​និង​ហ្វីលីពីន​បានរួម​គ្នា​ចុះ​តាមដាន​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង  ដោយ​ធ្វើដំណើរ​តាម​នាវា​។ បើ​តាម​មន្ត្រី​ការទូត​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​ទី​០៣​កុម្ភៈ​ថា អាមេរិក​នៅ​តែ​បន្ត​អនុវត្ត​សេរីភាព​នាវាចរ​នៅក្នុង​ដែនទឹក​ជម្លោះ​ដដែល​។ ការចុះ​តាមដាន​សកម្មភាព​រួម​គ្នា​បែបនេះ ធ្វើឡើង​បន្ទាប់​ពី​ហ្វីលីពីន​ស្នើសុំ​អាមេរិក ឱ្យ​ធ្វើ​ប្រតិបត្តិការ​រួមគ្នា​នៅ​សមុទ្រ​ជម្លោះ​ចិន​ខាងត្បូង ក្រោយ​ពី​ចិន​កសាង​កោះ​សប្ប​និម្មិត​៣ និង​សាងសង់​ព្រលាន​យន្តហោះ​នៅ​ទីនោះ​។​


​បើតាម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បាន​ប្រាប់​ការ​សែត​ថា “​យើង​បាន​ពិភាក្សាគ្នា​អំពី​គោលការណ៍​ពី​សកម្មភាព​ចុះ​ត្រួតពិនិត្យ​នៅ​សមុទ្រ​ខាងត្បូង​ហើយ​”​។ ចំណែក​ហ្វីលីពីន​ក៏​ប្ដេជ្ញា​មិន​បោះបង់​ការ​ត្រួត​ពិនិត្យ​​រួមគ្នា​ជាមួយ​អាមេរិក​នៅ​សមុទ្រ​ខាងត្បូង​ដែរ​។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​បញ្ជាក់បន្ថែម​។


​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​បញ្ជាក់ទៀតថា កាលពី​ថ្ងៃ​ទី​៣០​មករា អាមេរិក​បាន​ចុះ​តាមដាន​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ប្រើ​មធ្យោបាយ​នាវាចរ​។ ការធ្វើ​នាវាចរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​របស់​អាមេរិក គឺ​មិនមែន​ជា​លើក​ទី​១​ទេ​។ ការធ្វើសកម្មភាព​នាវាចរ​កាលណោះ ធ្វើឡើង​ដើម្បី​ចុះ​តាមដាន​សកម្មភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ចំងាយ​១២​ម៉ា​យ (​ស្មើនឹង​ជាង​១៩​គីឡូ​ម៉ែត​)​ពី​កោះ​ជម្លោះ ។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រកាសថា ខ្លួន​ធ្វើ​សកម្មភាព​ចុះ​ត្រួតពិនិត្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺជា​សិទ្ធិ​សេរីភាព​នាវាចរ​នៅក្នុង​សមុទ្រ​។​


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ទីក្រុង​ប៉េកាំង​បានបញ្ជាក់​ថា ការធ្វើ​នាវាចរ​របស់​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​គឺ​បាន​រំលោភ​ច្បាប់​អន្តរជាតិ​។ ចិន​បាន​អះអាងថា ៩០​ភាគរយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ជា​របស់​ខ្លួន​ទាំង​ស្រុង​។ គួរបញ្ជាក់​ថា ចិន​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ ហ្វីលីនពីន ព្រុយ​ណេ តៃវ៉ាន់ និង​ម៉ាឡេស៊ី​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត