កូរ៉េខាងត្បូង​​ព្រមាន​​កូរ៉េខាងជើង​​ឱ្យ​បញ្ឈប់​​ផែនកា​រ​បាញ់​មី​ស៊ី​ល​​របស់​ខ្លួន​​ជា​បន្ទាន់​​

03-02-2016 11:07 am 1403
ផែនការបាញ់មីស៊ីលតាមរយៈ​បង្ហោះ​ផ្កាយរណបរបស់កូរ៉េខាងជើង​

នៅ​ថ្ងៃ​ទី​០៣​កុម្ភៈ កូរ៉េខាងត្បូង​បាន​ប្រតិកម្ម​លើ​កូរ៉េខាងជើង​គ្រោង​បាញ់​មី​ស៊ី​ល​ដោយ​បង្ហោះ​ផ្កាយរណប​ជាថ្មី ផ្គើន​ទៅនឹង​ការអំពាវនាវ​របស់​អន្តរជាតិ​រួមទាំង​ប្រទេស​ជិតខាង​ខ្លួន រួម​ទាំង​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ផងដែរ​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ជំរុញ​ឱ្យ​ទីក្រុង​ព្យុងយ៉ាង​បោះបង់ចោល​នូវ​គម្រាង​បាញ់​មី​ស៊ី​លដោយ​បង្ហោះ​ផ្កាយរណប​ជាបន្ទាន់ ព្រោះ​អាច​បង្ក​ការ​គំរាម​កំហែង​​ធ្ងន់ធ្ងរ​ដល់​សន្តិភាព​និង​សន្តិសុខ​ពិភពលោក​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ដដែល​បាន​អះអាងថា តាម​ការពិត​ទៅ​ការបើក​ដំណើរការ​ណាមួយ ដោយ​ប្រើ​តាម​បច្ចេកវិទ្យា​គ្រាប់ផ្លោង គឺជា​ការរំលោភ​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​។​


​បើ​តាម​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​លោក​Cho Tae-Yong​បានបញ្ជាក់​ថា ផែនការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង គឺ​អាច​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​។ យ៉ាងណាក៏ដោយ កូរ៉េខាងត្បូង​គ្រោង​ដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​បន្ថែម​ដែរ នៅលើ​ឧបទ្វីប​កូរ៉េ ដើម្បី​ការពារ​ការគំរាមកំហែង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​។

 

កូរ៉េខាងត្បូង​ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក មាន​ប្រយោជន៍​សម្រាប់​ការពារជាតិ​និង​សន្តិសុខ​ជាតិ​ទាំងមូល​របស់​កូរ៉េខាងត្បូង​។ កូរ៉េខាងត្បូង​ថា យោធា​ខ្លួន​គ្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ផ្ទាល់ខ្លួន​ជាមួយ​បច្ចេក​វ​ទ្យា​ក្នុងស្រុក ដែល​ហៅថា ប្រព័ន្ធ​អាកាស​ការពារ​មី​ស៊ី​ល​របស់​កូរ៉េ​(IAMD)៕


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម ចំពោះ​កូរ៉េខាងត្បូង​មាន​ផែនកា​រដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​លើ​ឧបទ្វីប​កូរ៉េ ប្រឆាំង​នឹង​កូរ៉េខាងជើង​។ រុស្ស៊ី​ថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​លើ​ទឹកដី​កូរ៉េខាងត្បូង មិន​បាន​ជួយ​ឱ្យ​មាន​សន្ដិភាព​និង​ស្ថេរភាព​នៅ​តំបន់​អាស៊ី​ភាគ​ឦសាន​ឡើយ ហើយ​វា​ក៏​មិន​អាច​ជា​ប្រយោជន៍​អ្វី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​បាន​ដែរ​។ គួរបញ្ជាក់​ថា កន្លងមក កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា ខ្លួន​គ្រោង​បាញ់​មី​ស៊ី​ល ដោយ​បង្ហោះ​ផ្កាយរណប​ចាប់ផ្ដើម​ពី​ចន្លោះ​ថ្ងៃទី​០៨​កុម្ភៈ​ដល់​ថ្ងៃទី​២៥​កុម្ភៈ​ខាង​មុខ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត