ការបោះឆ្នោត​​ជ្រើសរើស​​បេក្ខជន​​ប្រធានាធិបតី​​អាមេរិក​​នឹង​កាន់តែ​​ស្វិតស្វាញ​​ឡើងៗ​

03-02-2016 10:53 am 1773
រូបភាពបេក្ខជន​ប្រធានាធិបតី​ល្បីពីររូប​​គឺ​លោក​ដូណាល់ត្រាំនិងលោកស្រីគ្លីនតុន

​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​របស់​អាមេរិក បាន​ប្រព្រឹត្ដ​ទៅ​ហើយ​កាលពី​ថ្ងៃ​ទី​០១​កុម្ភៈ ដោយ​ធ្វើឡើង​មុន​គេ​នៅ​រដ្ឋ​អាយ​អូ​វ៉ា​(Iowa)​។​ជាធម្មតា នៅ​មុន​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី តែងតែ​មាន​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ជា​មុន​សិន នៅក្នុង​គណបក្ស​ចូលរួម​ការប្រកួតប្រជែង ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​នេះ ត្រូវ​ធ្វើឡើង​នៅ​រដ្ឋ​អាយ​អូ​វ៉ា​(Iowa)​មុនគេ បន្ទាប់មក​នឹង​ត្រូវ​ធ្វើ​នៅ​រដ្ឋ​ផ្សេងៗ​ទៀត​។


​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​នេះដែរ បេក្ខជន​កំពូល​ជាច្រើន​រូប​បាន​ប្រកួតប្រជែង​គ្នា ក្នុង​នោះ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​(Hillary Clinton) និង​លោក​ប៊ែរ​នី សិន​ដឺ​(Bernie Sanders) ជា​បេក្ខជន​កំពូល​ក្នុង​បក្ស​។ រីឯ​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ មាន​បេក្ខជន​បី​រូប គឺ​លោក​ដូណាល់ ត្រាំ​(Donald Trump) លោក​ថេដ គ្រូ​ហ្ស​(Ted Cruz) និង​លោក​ម៉ាកូ រូប៊ី​អូ​(Marco Rubio)​ជា​បេក្ខជន​កំពូល​ក្នុង​បក្ស​។ ក្នុង​ចំណោម​អ្នក​ទាំង​បី តាម​ការស្ទង់មតិ​កន្ល​ង​មក លោក​ដូណាល់ ត្រាំ​(Donald Trump)​ជា​បេក្ខជន​មួយ​រូប​មាន​វោហារសាស្ដ្រ និង​មាន​ការគាំទ្រ​ខ្លាំង​ជាង​គេ​ក្នុង​គណបក្ស​សាធារណរដ្ឋ​។ ដោយឡែក ខាង​គណបក្ស​ប្រជាធិបតេយ្យ មាន​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​(Hillary Clinton) ដែល​មាន​ការគាំទ្រ​ច្រើន​។​


​ចាប់អារម្មណ៍​ទៅលើ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​វិញ អ្វី​ដែល​ភ្ញាក់ផ្អើល​បំផុត គឺ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​ឈ្នះ​ការបោះឆ្នោត​យ៉ាង​ប្រផិតប្រផើយ​បំផុត ជាមួយ​លោក​ប៊ែរ​នី សិន​ដឺ​។ លទ្ធផល​នេះ បាន​ធ្វើឲ្យ​លោក​ស្រីខកចិត្ដ​យ៉ាងខ្លាំង ត្បិត​លោកស្រី​បានឈ្នះ​មែន​ប៉ុន្ដែ​លោកស្រី​ទទួលបាន​សំឡេង​គាំទ្រ​ត្រឹម​៤៩,៩% ខណៈ​លោក​ប៊ែរ​នី សិន​ដឺ​ទទួលបាន​សំឡេង​គាំទ្រ​៤៩,៦%​។ នេះ​ជា​សញ្ញា​បង្ហាញ​ថា ក្នុង​គណបក្ស​ប្រជាធិបតេយ្យ មិនមែន​ខ្លាំង​តែ​លោក​ស្រីគ្លីន​តុន​ឡើយ ដូច្នេះ​លោក​ស្រី​ត្រូវតែ​ពង្រឹង​សមត្ថភាព​បន្ថែមទៀត កុំឲ្យ​ដូច​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០០៨ ដែល​លោកស្រី​ត្រូវ​លោក​អូ​បា​ម៉ា​បំបាក់​សំឡេង​បាន​។​


​រីឯ​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ លោក​ដូណាល់ ត្រាំ​ជា​អ្នក​មាន​ក្ដី​រំពឹង​ថា​អាច​ឈ្នះ​ទាំងស្រុង​ចំពោះ​ការបោះឆ្នោត​នៅ​អាយ​អូ​វ៉ា ប៉ុន្ដែ​លទ្ធផល​លោក​បែរជា​ចាញ់​ទៅវិញ​។ នេះ​ជា​រឿង​រន្ធត់​បំផុត ព្រោះ​មាន​អ្នកខ្លាំង​ម្នាក់ទៀត​មាន​ប្រជាប្រិយភាព​នាំមុខ​ដាច់​លោក​ហើយ​។​លទ្ធផល​នៃ​ការបោះឆ្នោត លោក​ថេដ គ្រូហ្ស​ទទួលបាន​សំឡេង​គាំទ្រ​២៧,៧% ឈ្នះ​ដាច់​លោក​ត្រាំ ដែល​ទទួល​សំឡេងគាំទ្រ​ត្រឹម​២៤% និង​ឈ្នះ​បេក្ខជន​មួយ​រូប​ទៀត​គឺ​លោក​ម៉ាកូ រូប៊ី​អូ ដែល​ទទួលបាន​សំឡេង​គាំទ្រ​២៣%​។


​ស្ថានភាព​នេះ​បានបង្ហាញ​ថា​ទិដ្ឋភាព​ប្រកួតប្រជែង​គ្នា អាច​នឹង​រឹតតែ​ស្វិតស្វាញ​បន្ដទៀត ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ក្នុង​រដ្ឋ​ផ្សេងៗ​នៅ​ពេល​ខាង​មុខ​ក្នុង​ទឹកដី​អាមេរិក​។​ក្រុមអ្នកតាមដាន​ស្ថានការណ៍​មួយចំនួន​លើកឡើងថា អ្នក​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​មាន​លោក​ស្រីគ្លីន​តុ​ន និង​លោក​ត្រាំ​ជាដើម មិន​ប្រាកដ​ថា​អាច​ឈ្នះ​សំឡេង​គាំទ្រ​ទាំងស្រុង​ឡើយ។ បើសិន​ពួកគេ​ចង់​ឈ្នះ ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន និង​ការទាក់ទាញ​ប្រជាប្រិយភាព​តាមរយៈ​ការឃោសនា​បន្ដទៀត​។ មិន​ប្រាកដ​ទេ​ថា គ្មាន​អ្នកខ្លាំង​មក​ប្រកួត​ជាមួយ​អ្នក​ទាំង​ពីរ​។​


​សូម​បញ្ជាក់​ជា​ថ្មី​ថា បន្ទាប់ពី​ការបោះឆ្នោត​នៅ​អាយ​អូ​វ៉ា នៅ​ថ្ងៃ​ទី​០៩​កុម្ភៈ​បេក្ខជន​ប្រធានាធិបតី​ទាំងអស់​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​បន្ដ​ទៀត​ក្នុង​ការបោះឆ្នោត​នៅ​រដ្ឋ​ញូ​វ ហែម​ស្ហៀ​(New Hampshire) ហើយ​នឹង​ធ្វើ​នៅ​រដ្ឋ​ផ្សេងៗ​រហូតដល់​ខែ​មិថុនា ទើប​អាច​កំណត់​បាន​ពី​បេក្ខជន​ប្រធានាធិបតី​ក្នុង​បក្ស​នី​មួយៗ​។ បន្ទាប់ពី​ទទួលបាន​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ហើយ ពួកគេ​នឹង​ត្រូវ​ប្រជែង​គ្នា​បន្ដ​ទៀត​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​៕​​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត