រុស្ស៊ី​​ប្រតិកម្ម​នឹង​​កូរ៉េខាងត្បូង​​ដែល​គ្រោង​​ដាក់ពង្រាយ​​ប្រព័ន្ធ​​ការពារ​​មី​ស៊ី​ល​

02-02-2016 3:58 pm 4136
រូបភាព​នៃ​ការ​បាញ់សាកល្បង​ប្រព័ន្ធ​ការពារ​មីស៊ីល

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ទី​០១​កុម្ភៈ​បាន​ប្រកាសថា ខ្លួន​ត្រូវការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​(THAAD)​របស់​អាមេរិក​បន្ថែម​ទៀត​នៅលើ​ឧបទ្វីប​កូរ៉េ ដើម្បី​ការពារ​ការគំរាមកំហែង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ទើប​តែងតាំង​ថ្មី​លោក​Moon Sang-Kyun​បាន​និយាយ​ពេល​ធ្វើ​សន្នីសីទ​កាសែត​ថា ជា​ការពិត​ណាស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក ពិតជា​មាន​ប្រយោជន៍​សម្រាប់​ការពារជាតិ​និង​សន្តិសុខ​ជាតិ​របស់​កូរ៉េខាងត្បូង​។​


​គ្រាន់តែ​ការប្រកាស​បែប​នេះ​ភ្លាម អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កូរ៉េខាងត្បូង​លោក​Alexander Timonin បានបង្ហាញ​ជំហរ​ប្រឆាំង​នឹង​ផែនការ​របស់​កូរ៉េខាងត្បូង​។ លោក​បញ្ជាក់​នៅ​ថ្ងៃ​០២​កុម្ភៈ​នេះ​ថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​លើ​ទឹកដី​កូរ៉េខាងត្បូង មិន​បាន​ជួយ​ឲ្យមាន​សន្ដិភាព​និង​ស្ថេរភា​ពនៅ​តំបន់​អាស៊ី​ភាគ​ឦសាន​ឡើយ ហើយ​វា​ក៏​មិន​អាច​ជា​ប្រយោជន៍​អ្វី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​បាន​ដែរ​។ នេះ​បើ​តាម​ការរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​


​លោក​Alexander​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អត់ធ្មត់ ជាពិសេស​នៅក្នុង​តំបន់​យោធា ដើម្បី​ទប់ស្កាត់​សកម្មភាព​ណាមួយ ដែល​ធ្វើឲ្យ​ស្ថានភាព​ក្នុង​តំបន់​រឹតតែ​តឹងតែង​។ លោក​ថា លោក​បាន​សង្កេត​ឃើញ​ពី​ទំនាក់ទំនង​រវាង​ទីភ្នាក់ងារ​ទីក្រុង​សេ​អ៊ូ​ល​និង​ទីក្រុង​វ៉ាស៊ីនតោន​ពាក់ព័ន្ធ​បញ្ហា​នេះ បាន​កើនឡើង​ជា​លំដាប់ ដូច្នេះ​លោក​សង្ឃឹមថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​(THAAD)​នឹង​មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ណាមួយ​កើតឡើង​ឡើយ រវាង​ទីក្រុង​សេ​អ៊ូ​ល​និង​ទីក្រុង​មូ​ស្គូ​។


​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង​រូប​នេះ​បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​តែងតែ​ប្រឆាំង​ជានិច្ច ហើយ​ឥលូវ​បាន​ប្រឆាំង​នឹង​ការដាក់ទណ្ឌកម្ម​ទ្វេភាគី​លើ​កូរ៉េខាងជើង​ទៀត ទោះ​ទីក្រុង​មូ​ស្គូ​បាន​ចូលរួម​ជាមួយ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ក៏​ដោយ​។ ការប្រឆាំង ដោយ​រុស្ស៊ី​ជឿជាក់ថា​ការដាក់ទណ្ឌកម្ម​អាច​នឹង​ធ្វើឲ្យ​កូរ៉េខាងជើង​រឹតតែ​ឯកកោ ហើយ​អាច​នឹង​មាន​ផលប៉ះពាល់​អវិជ្ជមាន លើ​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ទៀត​៕​​ដោយ​៖​ពេញ ផេង​

 

ព័ត៌មានផ្សេងទៀត