អាមេរិក​​បញ្ចូល​​មន្ត្រី​រុស្ស៊ី​​៥​នាក់​បន្ថែម​​ទៅ​ក្នុង​​បញ្ជី​​ទណ្ឌកម្ម​​សិទ្ធិមនុ​ស្ស

02-02-2016 1:08 pm 1181
លោក​Sergei Magnitsky ដែលបានស្លាប់នៅក្នុងពន្ធនាគារ

​មន្ត្រី​រុស្ស៊ី​៥​រូប​ដែល​ត្រូវ​អាមេរិក​ដាក់បញ្ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​សិទ្ធិមនុ​ស្ស ត្រូវបាន មន្ទីរ​រតនាគារ​អាមេរិក​បញ្ជាក់ថា​មាន​ឈ្មោះ​Aleksey Anichin  , Boris Kibis, Pavel Lapshov​និង​Oleg Urzhumtsev​។ មន្ត្រី​ទាំង​៤​រូបនេះ មាន​ការជាប់ពាក់​ព័ន្ធ​នឹង​ការស្លាប់​របស់ លោក​Sergei Magnitsky​កាលពី​ឆ្នាំ​២០០៩​។ សូមបញ្ជាក់​ថា លោក​Magnitsky ជា​គណនេយ្យករ និង​សវ​នករ បាន​ស្លាប់​នៅ​អាយុ​៣៧​ឆ្នាំ បន្ទាប់ពីរ​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំ​។ នៅ​អំឡុង​ពេល​ជាប់​ពន្ធនាគារ​លោក​Magnitsky ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព​កំហុស​​។

 

​ការស្លាប់​របស់​លោក​Sergei Magnitsky បាន​ជំរុញ​ឲ្យមាន​ការរិះគ​ន់​លើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​រុស្ស៊ី​។ ដោយឡែក​មន្ត្រី​ទី​៥​ដែល​ទើប​កត់​បញ្ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​សិទ្ធិមនុ​ស្ស​អាមេរិក​នៅ​ថ្ងៃ​ទី​០១​កុម្ភៈ គឺ​លោក Yevgeni Antonov ជា​អ្នក​ធ្លាប់​បម្រើការ​នៅ​ពន្ធនាគារ​មួយ​នៅក្នុង​ប្រទេស​រុស្ស៊ី ​ដែល​ល្បីខាង​រំលោភ​សិទ្ធិមនុស្ស​។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​។​

 

​មន្ត្រី​រុស្ស៊ី​ចំនួន​៥​រូប​ដែល ត្រូវ​អាមេរិក​កត់​ឈ្មោះ​ចូល​បញ្ជី​ទណ្ឌកម្ម​សិទ្ធិមនុ​ស្ស ពួកគេ​នឹង​មិន​អនុញ្ញាត​នៅ​ក្នុង​ការទទួលបាន​ទិដ្ឋាការ ដើម្បី​ចូល​ទឹកដី​អាមេរិក ហើយ​នឹង​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ដែល​មាន​នៅ​អាមេរិក​ផងដែរ​។ សូមបញ្ជាក់​ថា ​ក្រោយពី​លោក Sergei Magnitsky​បាន​ស្លាប់​ទៅ អាមេរិក​បាន​បង្កើត​ច្បាប់​មួយ ដើម្បី​ដាក់ទោស​លើ​អ្នក​ដែល​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​លោក​Magnitsky​។ ចាប់តាំងពី​ឆ្នាំ​២០១២​មក ពោល​ចាប់តាំងពី​ច្បាប់​នេះ​បាន​បង្កើតឡើង អាមេរិក​បាន​ដាក់បញ្ចូល​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​លោក Sergei Magnitsky ទៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​សិទ្ធិ​មនុស្សចំនួន​៣៩​នាក់​ហើយ។ នៅក្នុងនោះ​បូក​រួម​ទាំង​មន្ត្រី​រុស្ស៊ី​ចំនួន​៥​រូប​ចុងក្រោយ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត