លោក​ម៉ុង ឫទ្ធី​៖ ​​ខ្ញុំ​មិន​បាន​​ជំពាក់​​លុយ​​រដ្ឋ​​នោះ​​ទេ​​

02-02-2016 11:52 am 2293

​លោក​ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​បង្ហាញ​នូវ​ប្រតិកម្ម​ជាខ្លាំង លើ​ការផ្តល់​ឯកសារ ដល់​អ្នកសារព័ត៌មាន​ចុះផ្សាយ ពី​ឯកសារ​ទារ​ប្រាក់​របស់​រដ្ឋាភិបាល​លើ​ករណី​ដី​សម្បទាន​វិនិយោគ​ដំណាំ​ដូងប្រេង​នា​ខេត្ត​ព្រះសីហនុ​។ លោក​ម៉ុង ឫទ្ធី បានបង្ហាញ​ការសោកស្ដាយ និង​ចាត់ទុកថា មិន​បាន​ទុក​កិត្តិយស​ដល់​រូបលោក ចំពោះ​អ្នក​ដែល​បាន​ផ្ដល់​ឯកសារ​នេះ ឲ្យ​ធ្លាក់​ទៅ​ដល់​ដៃ​អ្នកសារព័ត៌មាន យ៉ាងហោច​ណាស់​គួរតែ​ទូរស័ព្ទ​សួរ​លោក ក៏​អស់ចិត្ត​ដែរ​។ លោក ម៉ុង ឫទ្ធី​បញ្ជាក់ថា គ្មាន​អ្នកណា​មិន​ដឹង​ទេ​ថា កិត្តិយស​អត់​មាន​ដាក់​លក់​នៅលើ​ទីផ្សា​នៅ​ទេ ។


​គួរបញ្ជាក់​ថា សារព័ត៌មាន​ក្នុងស្រុក​មួយ បាន​ចុះផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹង សេចក្ដីប្រកាស​ព័ត៌មាន​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែល​ប្រកាស​ឲ្យ​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​វិនិយោគ លើ​ដំណាំ​ដូងប្រេង​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បង់ថ្លៃ​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​ផ្ដល់​ដោយ​រដ្ឋាភិបាល​។


​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​ម្ចាស់​ចម្ការ​ដូង​ប្រេង ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​រូបនេះ បាន​លើកឡើង​ថា លោក​មិន​បាន​ជំពាក់​លុយ​រដ្ឋ​នោះ​ទេ ដោយ​បាន​សងលុយ​ជូន​រដ្ឋ​រួច​ហើយ​។ ក្នុង​នោះ​ដើម្បី​ស្វែងរក​ការពិត​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ​ឆ្នាំ​២០១៦ លោក​បាន​ឲ្យ​យក​លិខិត​ទារប្រាក់​គតិយុត្តិ យោង​តាម​កិច្ចសន្យា​ចុះ​ច្ងៃ​ទី​៩ ខែ​មករា​ឆ្នាំ​១៩៩៦ មក​ទា​លុយ​លោកៗ នឹង​រង់ចាំ​ជួប​ដោយផ្ទាល់ នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប​។ តែ​ជា​លទ្ធផល​ត្រូវបាន​លោក​ម៉ុង ឫទ្ធី ឆ្លើយតប​ថា មកទល់​ពេល​នេះ​លោក​មិនទាន់​ឃើញ​មាន​អ្នកណា​មក​ជួប​ជាមួយ​លោក​នោះ​ទេ ខណៈ​ដែល​លោក​កំពុង​អង្គុយ​រង់ចាំ​។​


​សំឡេង​លោក ម៉ុង ឫទ្ធី​៖


​យ៉ាងណា​ក៏​ដោយ​ទាក់ទិន​នឹង​ករណី​ខាងលើ លោក ម៉ុង ឫទ្ធី បាន​ស្នើ​សុំ​កុំ​បញ្ចេញមតិ​យោបល់​ដែល​ធ្វើឱ្យ​បះ​ពាល់​ដល់​សម្តេច​ហ៊ុន​សែន​ឱ្យសោះ ព្រោះ​នេះ​គឺជា​រឿង​ដោយឡែក​ទេ​។​លោក​បាន​សូមឲ្យ​អាន​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងកសិកម្ម​ចុះ​ថ្ងៃទី​១៨ ខែ​មិថុនា​ឆ្នាំ​២០១៥ ការពិត​ខ្ញុំ​ក្រុមហ៊ុន​បាន​បង់ប្រាក់​សរុប​ចំនួន​៨៥.៦៩៣.៥៨​ដុល្លារ ជូន​រដ្ឋ​រួច​ទៅ​ហើយ​” ។ លោក​ឧកញ៉ា​ម៉ុង ឫទ្ធី បាន​ព្រលយ​ពាក្យ​មួយ​ឃ្លា​ផងដែរ​ថា​“​អ្នក​ដែល​បំផ្លាញ​សន្លឹកឆ្នោត​មិន​ចាំ​ទៅរក​ឯ​ណា​ឆ្ងាយ​នាំ​តែ​ចំណាយ​សា​ហ៊ុយ​ច្រើន​ទេ​” ។​


​គួរ​ជម្រាប​ថា ម៉ុង ឫទ្ធី គ្រុប គឺជា​ក្រុមហ៊ុន​វិនិយោគ​លើ​ដំនាំ​ដូងប្រេង​តែមួយ​គត់​នៅ​កម្ពុជា​ដែល​ទទួលបាន​សម្បទាន​ដី​សេដ្ឋកិច្ច​តាំងពី​ឆ្នាំ​១៩៩៦ មក​ម្លេះ​។ បើ​យោង​តាម​ឯកសារ​របស់​រដ្ឋាភិបាល បានឲ្យដឹង​ថារ​ដ្ឋ​បាន​វិនិយោគឲ្យ​ក្រុមហ៊ុន​នេះ​រយៈពេល​៧០​ឆ្នាំ ប៉ុន្តែ​នឹង​ប្ដូរ​មក​នៅត្រឹម​៥០​ឆ្នាំ​វិញ​។ ករណី​នេះ​លោក ម៉ុង ឫទ្ធី យល់ថា រឿង​កំណត់​កិច្ចសន្យា​គឺ​អាស្រ័យ​លើ​រដ្ឋ​ជា​អ្នក​កំណត់​ព្រោះ​រដ្ឋ​គឺជា​ម្ចាស់​ហត្ថលេខី ប៉ុន្តែ​ពេល​នេះ​លោក​មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​នៅឡើយ​ទេ​៕

 

(​ដោយ​៖ ចេ​ន សុជាតា​)  


ព័ត៌មានផ្សេងទៀត